ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេងកំពុងមានផ្ទៃពោះម្នាក់ បានកើតមានជំងឺ និងត្រូវបានចូលទៅសម្រាក ព្យាបាលនៅ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ស្រាប់តែអកុសល នារីរូបនោះបានដេកធ្លាក់ពីលើគ្រែពេទ្យ បណ្តាលឱ្យរលូតកូន បន្ទាប់មករំលងបាន១ថ្ងៃ ក៏បាត់បង់ជីវិតយ៉ាង អាណោចអាធ័ម ខណៈដែលក្រុមគ្រួសារមានជីវភាពក្រីក្រតោកយ៉ាក គ្មានប្រាក់ធ្វើបុណ្យសព ក៏ត្រូវបានសប្បុរសជននិងថ្នាក់ដឹកនាំខេត្ត ផ្តល់ជំនួយឧបត្ថម្ភភ្លាមៗ។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
នារីរងគ្រោះដែលដេកធ្លាក់ពីលើគ្រែពេទ្យ បណ្តាលឱ្យរលូតកូនស្លាប់ យ៉ាងអាណោចអាធ័មនោះ មានឈ្មោះឡុង សុខា អាយុ១៧ឆ្នាំ មានលំនៅ ភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះខាងលើ ដែលកំពុងមានផ្ទៃពោះ បានកើតមានជំងឺ និងបានចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត កាលពីថ្ងៃទី២៩ ខែមិថ៉ិនា ឆ្នាំ២០២២។ លុះមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នារីរូបនេះ បានដេកធ្លាក់ពីលើគ្រែពេទ្យ បណ្តាលឱ្យរលូតកូន និងត្រូវបានក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់អស់ពីលទ្ធភាពដែរ តែអកុសល មកដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នារីរងគ្រោះ បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សពនារីអភ័ព្វខាងលើ ត្រូវបានដឹកតាមរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ទៅប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីតម្កល់នៅឈាបនដ្ឋានវត្តខ្សាម ក្រុងកំពង់ឆ្នាំង។ ដោយសារតែស្ថានភាពជីវភាពគ្រួសាររបស់នារីរងគ្រោះ ក្រីក្រតោកយ៉ាក គ្មានសូម្បីតែលទ្ធភាពធ្វើបុណ្យសព ទើបក្រុមគ្រួសារ បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ដើម្បីរៀបចំបូជាសពនារីរងគ្រោះ តាមប្រពៃណី។
ដោយមានសំណូមពរពីក្រុមគ្រួសារសពក្រីក្រ ខ្វះខាត គ្មានលុយសម្រាប់ធ្វើបុណ្យសព ទើបនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោកស៊ុន សុវណ្ណារិទ្ធី អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកអភិបាលខេត្តកំពង់ឆ្នាំង ចូលរួមក្នុងបុណ្យសពនារីរងគ្រោះខាងលើ។
នៅក្នុងពិធីបុណ្យសព នៅឈាបនដ្ឋានវត្តខ្សាម លោកស្រី ប៊ន សុភី បានដឹកនាំក្រុមការងារយកស្បៀងអាហារ និងថវិកាចូលរួមជាមួយគ្រួសារសព រួមមាន អង្ករ ១២០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកត្រីនិងទឹកស៊ីអ៊ីវ ៣យួរ អំបិល ៥គីឡូ ត្រីខ ៣យួរ និងថវិកាសរុប ចំនួន ១ ២១០ ០០០រៀល៕