ខេត្តពោធិ៍សាត់ ៖ សិស្សសាលាមួយក្រុម មានប្រុសមានស្រី បានគេចម៉ោងរៀនសូត្រ មកប្រមូលផ្តុំគ្នាជក់បារីអេឡិចត្រូនិ (Vape) យ៉ាងពពាក់ពពូន ពេញខ្ចូសមាត់ទឹកមួយកន្លែង ទីបំផុតត្រូវសមត្ថកិច្ចចុះបង្ក្រាប ដោយឃាត់ខ្លួនបានចំនួន ៩នាក់ នាំយកមកសាកសួរ។
ការចុះបង្ក្រាបក្រុមសិស្សសាលាសម្ងំជក់បារីអេឡិចត្រូនិក ខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចកញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង។
តាមប្រភពពីសមត្ថកិច្ចខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការបង្ក្រាបនេះ គឺធ្វើឡើងក្រោយទទួលបានមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងអន្តរាគមន៍ស្រុកភ្នំក្រវាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាច បានចុះបង្ក្រាបសិស្សសាលានាំគ្នាជក់បារីអេឡិចត្រូនិក ដោយដកហូតឧបករណ៍បារីអេឡិចត្រូនិក ចំនួន២ និងទឹកវេប ១ដប នៅចំណុចកញ្ចុះមាត់ស្ទឹង ភូមិព្រៃខ្លុង ឃុំរកាត និងកញ្ចុះមាត់ស្ទឹងភូមិព្រែក៣ ឃុំសំរោង។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនចំនួន ៩នាក់ ក្នុងនោះមានស្រីម្នាក់ យកមកធ្វើការអប់រំ និងអញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំបន្ត តាមលំនៅឋានវិញ៕