Monday, November 25, 2024
Homeព័ត៌មានជាតិនារីជើងល្អ យកឈ្មោះព្រះរាជអាជ្ញា ឆបោក គំរាមគេ ជាប់ខ្នោះ

នារីជើងល្អ យកឈ្មោះព្រះរាជអាជ្ញា ឆបោក គំរាមគេ ជាប់ខ្នោះ

ខេត្តព្រះវិហារ ៖ នារីវ័យក្មេងម្នាក់ បានធ្វើសកម្មភាពបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ដាក់រូបថ្នាក់ដឹកនាំស្ថាប័នអយ្យការនិងតុលាការ ជាច្រើនខេត្ត ព្រមទាំងមេទាហានតំបន់សឹករងខេត្តព្រះវិហារ រួចធ្វើសកម្មភាពឆបោក សម្លុតគំរាមជនរងគ្រោះជាច្រើន ទីបំផុតបែកធ្លាយរឿងរ៉ាវ ក៏ត្រូវបានព្រះរាជអាជ្ញារង ដឹកនាំកម្លាំងអាវុធហត្ថ ចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួននារីសង្ស័យខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៥និង៥៨នាទីល្ងាច ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

នារីសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះនួន ចាន់រ៉ា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ។

យោងតាមប្រភពពីគណនីហ្វេសប៊ុកផ្លូវការរបស់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ថា “កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៥ និង៥៨នាទី ក្រោមការចង្អុលបង្ហាញពីលោកទី សុវិនថាល់ ព្រះរាជអាជ្ញាខេត្តព្រះវិហារ និងដឹកនាំសម្របសម្រួលដោយផ្ទាល់ពីលោក វុធ សាវី ព្រះរាជអាជ្ញារង សហការជាមួយកងកម្លាំងនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនឈ្មោះនួន ចាន់រ៉ា ភេទស្រី អាយុ២៣ឆ្នាំ ពីបទឆបោក កំហែងយក និងបទគំរាមសម្លុតកុំឱ្យដាក់ពាក្យបណ្តឹង ឬ ដកពាក្យបណ្តឹង ប្រព្រឹត្តនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បទល្មើសព្រហ្មទណ្ឌដែលមានចែងក្នុងមាត្រា ៣៦៣ ៣៦៤ ៣៧៧ ៣៧៨ និងមាត្រា៥២៧ កថាខណ្ឌ១ នៃក្រមព្រហ្មទណ្ឌ…”។

ប្រភពដដែល បានបញ្ជាក់ថា ”មូលហេតុដែលនាំឱ្យឈានដល់ការឃាត់ខ្លួនបុគ្គលខាងលើ គឺដោយសារបុគ្គលរូបនេះ បានយករូបថតថ្នាក់ដឹកនាំស្ថាប័នអយ្យការនិងតុលាការ ជាច្រើនខេត្ត ក៏ដូចមេទាហានតំបន់សឹករងខេត្តព្រះវិហារ បង្កើត Account Fake ( telegram ) ដើម្បីឆបោកគេ និងសម្លុតគំរាមគេឱ្យវេរលុយឱ្យខ្លួន និងគំរាមឱ្យគេដកពាក្យបណ្តឹង…”។

ក្រោយឃាត់ខ្លួន នារីសង្ស័យខាងលើ ត្រូវបានកម្លាំងអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES