Monday, November 25, 2024
Homeព័ត៌មានជាតិវ៉ៃសម្លាប់មិត្តភក្តិ ខឹងជំពាក់លុយអត់សង

វ៉ៃសម្លាប់មិត្តភក្តិ ខឹងជំពាក់លុយអត់សង

ខេត្តស្វាយរៀង ៖ បុរសម្នាក់ ខឹងមិត្តភក្តិរបស់ខ្លួនដែលជំពាក់ប្រាក់ចំនួន ៣ពាន់ដុល្លារ អស់ពេលជាច្រើនខែទៅហើយ នៅតែមិនព្រមសង ទើបកើតមានគំនុំក្នុងុចិត្ត រហូតដាច់ចិត្តវាយសម្លាប់ចោលនៅក្នុងបន្ទប់ ទីបំផុតរំលងបានតែប៉ុន្មានម៉ោង ក៏ត្រូវសមត្ថកិច្ចជ្រាវជ្រាវកំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីទៀបភ្លឺ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចអគារស្នាក់នៅលេខ០៧ ក្នុងកាស៊ីណូម៉ុកបាយ ជាន់ទី៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនរងគ្រោះដែលត្រូវបានជនដៃដល់វាយសម្លាប់ មានឈ្មោះគ័ង ជីអានយុង (GONG JIANGYONG) អាយុ៣៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EE1185375 ស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិត កណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ចំណែកជនសង្ស័យជាឃាតករ មានឈ្មោះជូ ជិនស៊ិន (ZHU JUN SHENG) អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរអ្នកផ្គត់ផ្គង់សម្ភារៈអនឡាញកាស៊ីណូម៉ុកបាយ ក្រុងបាវិត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបានព័ត៌មានពីឈ្មោះអ៊ុក សុខឃាង ថា នៅចំណុចអគារស្នាក់នៅលេខ០៧ របស់កាស៊ីណូម៉ុកបាយ ជាន់ទី០៦ បន្ទប់លេខ៧៦០៧ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត មានករណី មនុស្សស្លាប់ ដែលសង្ស័យថាជាករណីឃាតកម្ម។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំង អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញខេត្ត ដឹកនាំដោយលោកកុយ សុភាព ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកកម្លាំងជំនាញការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត ទុំ បូរី អនុប្រធានមន្ទីរពេទ្យបង្អែកជីភូ និងមានការសម្របសម្រួលពីលោកឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ជាលទ្ធផលឃើញថា សពស្លាប់ដោយសារអំពើឃាតកម្មប្រាកដមែន។

ក្រោយពីទទួលបានលទ្ធផលនៃការស៊ើបអង្កេត រហូតដល់ម៉ោង ៥ល្ងាច ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះជូ ជិនស៊ិន (ZHU JUN SHENG) នាំយកមកសាកសួរ។

នៅចំពោះសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឃាតកម្មទៅលើឈ្មោះ គ័ង ជីងយុង ប្រាកដមែន។ មូលហេតុដោយសារខឹងជនរងគ្រោះ ជំពាក់ប្រាក់ចំនួន ៣ពាន់ដុល្លារ មិនព្រមសង។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាល បញ្ជូនខ្លួនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES