Monday, November 25, 2024
Homeព័ត៌មានជាតិផ្ញើកូនស្រី១យប់ ដូចទុកឲ្យចាប់រំលោភ

ផ្ញើកូនស្រី១យប់ ដូចទុកឲ្យចាប់រំលោភ

ខេត្តប៉ៃលិន ៖ ក្រុមគ្រួសារមួយ រវល់ជូនកូនស្រីមានផ្ទៃពោះគ្រប់ខែ ទៅសម្រាលកូននៅមន្ទីរពេទ្យ ទើបយកកូនស្រីវ័យ ១៣ឆ្នាំម្នាក់ ទៅផ្ញើនៅនឹងផ្ទះអ្នកជិតខាង ១យប់ ស្រាប់តែដូចយកសាច់ផ្ញើនឹងខ្លា ឬយកពងមានផ្ញើក្អែក ដោយត្រូវបុរសជាអ្នកជិតខាងនោះ ចាប់រំលោភកូនស្រីរបស់ខ្លួន រហូតបានសម្រេច ទីបំផុតរឿងរ៉ាវបែកធ្លាយ ក៏ត្រូវម្តាយឪពុកក្មេងស្រីរងគ្រោះ ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ជនសង្ស័យដែលចាប់រំលោភក្មេងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះផន រាត្រី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានវ័យ ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា (ផ្ទះក្បែរខាងគ្នា)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ បានទទួលពាក្យបណ្តឹង ១ករណី (ករណីរំលោភសេពសន្ថវៈលើអនីតិជនក្រោមអាយុ១៥ឆ្នាំ) ដែលបានកើតឡើងនៅចំណុច ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពដដែល បន្តថា កោយពីទទួលបណ្តឹងភ្លាមៗ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋានស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍ស្ទឹងកាច់ បានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ នៅចំណុចផ្ទះជនសង្ស័យតែម្តង។

ក្រោយពីសាកសួររួច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានរំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះ ប្រាកដមែន។

ប្រភពដដែល បញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដោយសារឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះ ជាប់រវល់យកកូនស្រីម្នាក់ទៀត ទៅឆ្លងទន្លេ (សម្រាលកូន) នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ទើបបានយកកូនស្រី (ក្មេងស្រីរងគ្រោះ) នៅផ្ញើនៅផ្ទះជនសង្ស័យ ដែលជាអ្នកជិតខាង រាប់អានគ្នា តែមិននឹកស្មានថា ដូចយកពងមាន់ផ្ញើក្អែកបែបនេះសោះ។ លុះដល់យប់ឡើង ជនសង្ស័យឆ្លៀតឱកាសធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ រហូតបានសម្រេចតែម្តង។ បន្ទាប់មក នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រោយពេលឪពុកម្តាយត្រឡប់មកផ្ទះវិញ ក្មេងស្រីរងគ្រោះ បានរៀបរាប់រឿងរ៉ាវប្រាប់ឪពុកម្តាយ ទើបឈានដល់ការដាក់ពាក្យបណ្តឹងចាប់ខ្លួនជនសង្ស័យខាងលើតែម្តង។

ជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES