Monday, November 25, 2024
Homeព័ត៌មានជាតិផឹកស៊ីកាប់គ្នា របួសធ្ងន់១ ជាប់ខ្នោះ៤

ផឹកស៊ីកាប់គ្នា របួសធ្ងន់១ ជាប់ខ្នោះ៤

ភ្នំពេញ ៖ កម្មករសំណង់ ១ក្រុម បានជួបជុំគ្នាផឹកស៊ីនៅក្នុងបន្ទប់ជួលរបស់ខ្លួន លុះស្រវឹងជោក ក៏ស្រែកឡូឡា ឌឺដងដាក់អ្នកផឹកស៊ី ១ក្រុមទៀត ដែលកំពុងផឹកស៊ីជាប់បន្ទប់គ្នា រហូតក្លាយជាជម្លោះ ផ្ទុះជាអំពើហិង្សា ព្រួតគ្នាកាប់និងវាយទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិតភ្លាមៗ ចំណែកក្រុមជនដៃដល់ ត្រូវសមត្ថកិច្ចចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនបានចំនួន ៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១០និង៥០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវលំ ក្រុមទី២ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។

ក្រុមជនដៃដល់ដែលដែលព្រួតវាយនិងកាប់ទៅលើយុវជនម្នាក់ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះអឿ ភាលី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់។ ទី២-ឈ្មោះផល រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់។ ទី៣-ឈ្មោះនី ស៊ីម៉េង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ និងទី៤-ឈ្មោះស៊្រុន ម៉េងស្រួ ភេទប្រុស អាយុ១៦ឆ្នាំ។ ក្រុមជនដៃដល់ទាំង៤នាក់ ស្នាក់នៅក្នុងបន្ទប់ជួល ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះថន រតនៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរលក់សាច់គោ ស្នាក់នៅបន្ទប់ជួលជាប់គ្នា (រងរបួសក្បាល និងដៃធ្ងន់ធ្ងរ)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៦ព្រលប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ក្រុមជនដៃដល់បានជួបជុំគ្នាផឹកស៊ីនៅក្នុងបន្ទប់ជួលរបស់ខ្លួន។ បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែក ក៏បានឌឺដងដាក់ជនរងគ្រោះដែលកំពុងផឹកស៊ីនៅក្នុងបន្ទប់ជាប់គ្នានោះ លុះដល់វេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃដដែល ស្រាប់តែមានទំនាស់ពាក្យសំដី ហើយភ្លាមនោះ ក្រុមជនដៃដល់ ប្រដាប់ដោយកាំបិតប៉័ងតោ និងចប បានទៅវាយ និងកាប់ទៅលើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីសង្គ្រោះជីវិតភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនក្រុមជនដៃដល់បានចំនួន ៤នាក់ និងដកហូតបានកាំបិតប៉័ងតោ ចំនួន១ដើម ព្រមទាំងចបកាប់ ចំនួន១ ផងដែរ។

ជនសង្ស័យទាំង ៤នាក់ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES