ខេត្តព្រៃវែង ៖ ស្ត្រីវ័យចំណាស់ម្នាក់ កំពុងអង្គុយដាំបាយសុខៗ ស្រាប់តែត្រូវកូនប្រុសបង្កើតរបស់ខ្លួន ដែលជាមនុស្សប្រើប្រាស់ថ្នាំញៀន ទាញញញួរមកសំពងក្បាល បណ្តាលឱ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ចំណែកជនដៃដល់ជាឃាតករ ត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនភ្លាមៗ នាំយកទៅចាត់ការតាមច្បាប់។
ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ កូនប្រុសទាញញញួរវាយសម្លាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅនឹងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល។
ស្ត្រីរងគ្រោះជាម្តាយដែលត្រូវកូនប្រុសបង្កើតវាយសម្លាប់នឹងញញួរ មានឈ្មោះហែម ខែមរ៉ី អាយុ៥៣ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករ ត្រូវជាកូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មាន ឈ្មោះមីន ចិត្រា អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន សព្វថ្ងៃស្នាក់នៅផ្ទះជាមួយស្ត្រីរងគ្រោះជាម្តាយបង្កើត ស្ថិតក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះកំពុងតែអង្គុយដាំបាយនៅខាងក្រោមផ្ទះរបស់ខ្លួនដូចសព្វដង ហើយក៏មិនមានការឈ្លោះប្រកែកប៉ះពាក្យសម្តីអ្វីជាមួយកូនប្រុស (ជនដៃដល់) នោះទេ ស្រាប់តែនៅសុខៗ ជនដៃដល់ជាកូនប្រុស បានទាញ ញញួរដែក មកវាយស្ត្រីរងគ្រោះជាម្តាយ ចំក្បាលផ្នែកខាងក្រោយ ១ញញួរ បណ្តាលឱ្យស្ត្រីជាម្តាយប្រកាច់ស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង។ ចំណែកជនបង្កហេតុជាកូនប្រុស ក្រោយពីវាយម្តាយស្លាប់ភ្លាម មិនបានរត់គេចទៅណានោះទេ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗផងដែរ។
តាមការបញ្ជាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ជនបង្កហេតុជាកូនប្រុសបង្កើតនេះ កន្លងមកគឺជាមនុស្សញៀនថ្នាំ ប្រើប្រាស់ថ្នាំញៀនរហូតដល់ក្តៅខួរ កើតមានជំងឺសរសៃប្រសាទ និងតែងលេបថ្នាំសរសៃប្រសាទ ជាប្រចាំ។ ហេតុនេះការវាយសម្លាប់ម្តាយបង្កើតខ្លួនឯងនេះ គឺសង្ស័យបណ្តាលមកពីជំងឺសរសៃប្រសាទ រើឡើងតែម្តង។
ជនសង្ស័យជាឃាតករ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕