ខេត្តកោះកុង ៖ យុវតីម្នាក់ បានមកស្នាក់នៅផ្ទះជាមួយសាច់ញាតិ ដើម្បីរៀនសូត្រ លុះក្រោយមក ស្រាប់តែត្រូវបានជនសង្ស័យម្នាក់ ដែលរស់នៅក្នុងភូមិជាមួយគ្នា បានធ្វើសកម្មភាពចាប់រំលោភបានសម្រេច ជាបន្តបន្ទាប់ រហូតដល់ទៅ៣ដង ជាហេតុធ្វើឱ្យក្មេងស្រីរងគ្រោះទ្រាំលែងបាន ក៏ទម្លាយរឿងរ៉ាវប្រាប់ម្តាយ ដាក់ពាក្យបណ្តឹង ចាប់វាយខ្នោះប្រុសល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើងតាំងពីអំឡុងខែមិថុនា ឆ្នាំ២០២២ (បានសម្រេចចំនួន២ដង) លុះចុងក្រោយ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជាលើកទី៣ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។ បន្ទាប់ពីរឿងរ៉ាវបែកធ្លាយ សមត្ថកិច្ចក៏បានចុះចាប់ឃាត់ខ្លួនជនសង្ស័យបាន នៅវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ យ.ឈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ រ.ប.ល អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ បានទទួលពាក្យបណ្តឹងពីឈ្មោះ គ.ឆ.អ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដោយបានប្តឹងចោទប្រកាន់ទៅលើឈ្មោះ យ.ឈ អាយុ១៧ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើកូនស្រីរបស់គាត់ឈ្មោះ រ.ប.ល ដែលទើបនឹងមានអាយុ១៥ឆ្នាំ រហូតបានសម្រេច ចំនួន៣ដង ខណៈពេលដែលកូនស្រីរបស់គាត់បានមកស្នាក់នៅផ្ទះបងប្អូនក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ដើម្បីរៀនសូត្រ។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើកូនស្រីគាត់ ចំនួន២ដង នៅអំឡុងខែមិថុនា ឆ្នាំ២០២២ (មិនចាំថ្ងៃ)។ បន្ទាប់មក លើកចុងក្រោយ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យបានបន្តចាប់រំលោភកូនស្រីរបស់គាត់ជាលើកទី៣ រហូតដល់បានសម្រេចទៀត។ លុះព្រឹកឡើង ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យតទៅទៀតលែងបាន ទើបកូនស្រីរបស់គាត់ បានទម្លាយរឿងរ៉ាវប្រាប់រូបគាត់ជាម្តាយ ទើបគាត់បាននាំកូនស្រីមកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ នាំយកមកសាកសួរ។
ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីសួរចម្លើយ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕