ភ្នំពេញ ៈ ស្ត្រី៣នាក់ បានធ្វើសកម្មភាពលួចទឹកអប់ អាវ នៅក្នុងផ្សារទំនើប ១កន្លែង ដោយលាក់ក្នុងខោទ្រនាប់ (លីអូ) ដើម្បីកុំឱ្យម្ចាស់គេរកឃើញ ដឹងអី អស់លក្ខណ៍ ត្រូវម្ចាស់ផ្សារពិនិត្យឃើញកាមេរ៉ាសុវត្ថិភាព ឃាត់សាកសួរនិងឆែកឆេរ ក៏ប្រទះឃើញទឹកអប់និងអាវ ដែលក្រុមស្ត្រីសង្ស័យទាំងនោះលួចលាក់ក្នុងខោទ្រនាប់ រួចក៏ប្តឹងសមត្ថកិច្ចឱ្យចុះមកនាំខ្លួនជនសង្ស័យទាំង៣នាក់ នាំយកទៅចាត់ការតាមច្បាប់។
ករណីចោរស្រីលួចទឹកអប់លាក់ក្នុងខោទ្រនាប់ និងត្រូវម្ចាស់គេចាប់បាននោះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង៥០នាទីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្សារទីសែន ក្នុងបុរីប៉េងហួត ផ្ទះលេខ១៩១-១៩៣ ផ្លូវប៉ូឡារីស ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដើមបណ្តឹង មានឈ្មោះវ៉ាន់ គង្គីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអ្នកគ្រប់គ្រងផ្សារទីសែន ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះនី ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២-ឈ្មោះយ៉ ចាន់ថា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៣-ឈ្មោះសួស ស្រីម៉ៅ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យទាំង ៣នាក់ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ជនសង្ស័យទាំង៣នាក់ខាងលើ បាននាំគ្នាដើរចូលក្នុងផ្សារទីសែន (ចំណុចកើតហេតុ) រួចនាំគ្នាធ្វើសកម្មភាពលួចទឹកអប់ ម៉ាក Romano ចំនួន៤ដប និងអាវកាក់មនុស្សស្រីមួយ ដាក់ក្នុងកាបូប ពណ៌ខ្មៅលាយស និងដាក់ក្នុងខោទ្រនាប់ខ្លះផង បន្ទាប់មក ក៏នាំគ្នាគេចខ្លួន តែត្រូវបានដើមបណ្តឹងពិនិត្យឃើញតាមកាមេរ៉ាសុវត្ថិភាព ក៏ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ មកសាកសួរនិងពិនិត្យមើល ឃើញវត្ថុតាងខាងលើ ទើបប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅសាកសួរ។
ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យឈ្មោះយ៉ ចាន់ថា មានស្នាមរបួសពោះ (ធ្លាយពោះវៀន) យូរមកហើយ និងមានសភាពធ្ងន់ធ្ងរ ទើបត្រូវបានលោកទុង រតនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើកិច្ចសន្យា និងធានាយកទៅ ព្យាបាលរបួសជាបណ្តោះអាសន្ន។ ចំណែកស្ត្រីសង្ស័យ ២នាក់ទៀត ត្រូវសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕