Monday, November 25, 2024
Homeព័ត៌មានជាតិខ្ចីលុយ ១ពាន់ដុល្លារអត់បាន កូនដុតផ្ទះម៉ែចោល

ខ្ចីលុយ ១ពាន់ដុល្លារអត់បាន កូនដុតផ្ទះម៉ែចោល

ខេត្តកណ្តាល ៖ បុរសម្នាក់ បានទៅសុំខ្ចីលុយពីម្តាយរបស់ខ្លួន ចំនួន ១ពាន់ដុល្លារ ប្រាប់ថាយកលុយទៅរកស៊ី លុះម្តាយប្រាប់ថាមិនមានលុយច្រើនដល់ម្ល៉ឹងឱ្យនោះទេ ស្រាប់តែមួម៉ៅក្តៅចិត្ត បានធ្វើសកម្មភាពដុតផ្ទះម្តាយចោល បង្កឱ្យកើតជាអណ្តាតភ្លើងឆាបឆេះខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួន ទីបំផុតម្តាយទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះម៉ែ ព្រោះតែខឹងរឿងខ្ចីលុយមិនបាននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

ជនសង្ស័យដែលដុតផ្ទះម្តាយខ្លួនឯង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះវឿន ចិន្តា ហៅដា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ចំណែកស្ត្រីរងគ្រាះជាម្តាយ និងជាម្ចាស់ផ្ទះ មានឈ្មោះប៉ែន សុភី អាយុ៥៦ឆ្នាំ មុខរបរលក់លៀសហាល មានលំនៅ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ រីឯសម្ភារៈខូចខាត  ឆេះសម្ភារៈប្រើប្រាស់ក្នុងផ្ទះ អស់មួយចំនួន និងឆេះរោលខ្លោចជញ្ជាំងថ្មផ្ទះផងដែរ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាកូនខាងលើ បានសុំខ្ចីលុយពីស្ត្រីរងគ្រោះជាម្តាយ ចំនួន ១០០០ដុល្លារ ដោយប្រាប់ថា យកទៅធ្វើដើមទុនរកស៊ី តែម្តាយមិនឱ្យ ធ្វើឱ្យជនសង្ស័យខឹងសម្បាយ៉ាងខ្លាំង។ លុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពដុតសម្ភារៈនៅក្នុងផ្ទះ បណ្តាលឱ្យឆេះខូចខាតអស់មួយចំនួន រួចរត់គេចខ្លួនបាត់តែម្តង។

ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យបានមកអុកឡុករករឿងម្តាយម្តងទៀត ទើបស្ត្រីរងគ្រោះជាម្តាយ ទ្រាំលែងបាន ក៏រាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាខ្មៅ ឱ្យជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនកូនប្រុស កំណាច យកទៅសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដុតផ្ទះស្ត្រីរងគ្រោះជាម្តាយប្រាកដមែន មូលហេតុដោយសារតែខឹងម្តាយមិនឱ្យខ្ចីលុយ ១ពាន់ដុល្លារ យកទៅធ្វើដើមទុនរកស៊ី។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕/

RELATED ARTICLES