Monday, November 25, 2024
Homeព័ត៌មានជាតិម៉ៅតាក់ស៊ីជិះ ចាក់ប្លន់

ម៉ៅតាក់ស៊ីជិះ ចាក់ប្លន់

ខេត្តព្រះសីហនុ ៖ ជនសង្ស័យចំនួន ៣នាក់ បានប្រើល្បិចជួលរថយន្តតាក់ស៊ី ១គ្រឿង ជិះចេញពីរាជធានីភ្នំពេញ គោលដៅទៅខេត្តព្រះសីហនុ លុះដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពចាប់ក្រៀកចាក់តៃកុងរថយន្ត បណ្តាលឱ្យរងរបួសធ្ងន់ បំណងប្លន់ទ្រព្យសម្បត្តិនិងរថយន្ត តែយកបានត្រឹមតែទូរស័ព្ទជនរងគ្រោះ ២គ្រឿងប៉ុណ្ណោះ ចំណែករថយន្ត យកមិនបាន ដោយសារជនរងគ្រោះ រើបម្រះរួច ចុះស្រែកឆោឡោផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ខណៈបក្ខពួក ២នាក់ទៀត រត់គេចបាត់។

ករណីប្លន់រថយន្តតាក់ស៊ីនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០យប់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ ស្ថិតត្រង់ចំណុចក្បែរតារាងបាល់ជេក ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បុរសរងគ្រោះដែលត្រូវក្រុមជនសង្ស័យចាក់ប្លន់ បណ្តាលឱ្យរងរបួសធ្ងន់ មានឈ្មោះឆៀ សុភ័ណ្ឌ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបររត់តាក់ស៊ី មានស្រុកកំណើតនៅខេត្តព្រៃវែង។

តាមប្រភពពីជនរងគ្រោះដែលជាម្ចាស់រថយន្ត បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ មានភ្ញៀវដែលក្រុមជនសង្ស័យចំនួន ៣នាក់ ភេទប្រុស ជាជនជាតិខ្មែរ បានម៉ៅរថយន្តគាត់ ចេញពីផ្សារថ្មី រាជធានីភ្នំពេញ ឆ្ពោះមកខេត្តព្រះសីហនុ ក្នុងតម្លៃ ៧០ដុល្លារ ។ លុះមកដល់ក្រុងព្រះសីហនុ ភ្ញៀវដែលជាជនសង្ស័យទាំង៣នាក់ខាងលើ បានឱ្យគាត់ឈប់រថយន្តសិន ដោយប្រាប់ថា ចាំគ្នាមកយក ខណៈពេលដែលកន្លែងឈប់នោះ ផ្លូវតូច និងយប់ស្ងាត់ផង ពួកគេទាំងបីនាក់ក៏បានធ្វើសកម្មភាពចាប់ក្រៀកកគាត់ជាម្ចាស់រថយន្ត និងយកកាំបិតចាក់ បណ្តាលឱ្យរងរបួស ប្លន់យកទូរស័ព្ទពីគាត់ បានចំនួន ២គ្រឿង ប៉ុន្តែប្លន់យករថយន្តមិនបានសម្រេចទេ ដោយសារតែរូបគាត់បានរើបម្រះរួច រត់ចេញមកក្រៅ ស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ចេញមកជួយអន្តរាគមន៍។

ក្រោយពេលកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍ភ្លាមៗ ហើយជនសង្ស័យទាំង៣នាក់ បានរត់ចែករត់ជើងគ្នា ប៉ុន្តែត្រូវបានសមត្ថកិច្ចតាមចាប់បានម្នាក់ភ្លាមៗ នាំយកទៅសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

ដោយឡែកបក្ខពួក ២នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕

RELATED ARTICLES