Wednesday, November 27, 2024
Homeព័ត៌មានជាតិបុរស២នាក់ ចូលព្រៃ ខ្លាឃ្មុំចាប់ខាំហែក

បុរស២នាក់ ចូលព្រៃ ខ្លាឃ្មុំចាប់ខាំហែក

ខេត្តពោធិ៍សាត់ ៖ បុរសពីរនាក់ បាននាំគ្នាទៅរកដងត្រីនៅក្នុងព្រៃជ្រៅ ស្រាប់តែដល់ពាក់កណ្តាលផ្លូវ ប្រទះនឹងសត្វខ្លាឃ្មុំធំ ១ក្បាល វាយប្រហារ ទះនិងចាប់ខាំហែក បណ្តាលឱ្យខ្ទេចមុខ រងរបួសយ៉ាងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចឆាយបីជាន់ ឧបសម្ព័ន្ធស្ទឹងតាចាន់ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

ជនរងគ្រោះទាំង២នាក់ ដែលត្រូវសត្វខ្លាឃ្មុំទះ និងចាប់ខាំហែក បណ្តាលឱ្យរងរបួសធ្ងន់នោះ ទី១-ឈ្មោះងុយ ងឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាប្រជាការពារភូមិ និងទី២-ឈ្មោះភី ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ។ ជនរងគ្រោះទាំង២នាក់ មានលំនៅត្រង់ចំណុចឧបសម្ព័ន្ធស្ទឹងតាចាន់ ក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង។

តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានដើរទៅរកដងត្រី នៅក្នុងព្រៃជ្រៅមួយកន្លែង (ឆាយបីជាន់) ដើម្បីយកមកធ្វើម្ហូបអាហារដូចសព្វដង។ លុះទើបតែដើរបានពាក់កណ្តាលផ្លូវ ស្រាប់តែជួបជាមួយសត្វខ្លាឃ្មុំមួយក្បាលយ៉ាងធំ ហើយក៏ត្រូវសត្វខ្លាឃ្មុំនោះ ដេញទះ និងចាប់ខាំហែកសាច់ បណ្តាលរងរបួសយ៉ាងធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជន ក្នុងឃុំអូរសោម ស្រុកវាលវែង។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ ឬនេសាទ និងលេងកម្សាន្តនៅតំបន់នេះ ក៏ដូចជាតំបន់ផ្សេងៗទៀត ដែលឧស្សាហ៍មានសត្វព្រៃកាចសាហាវឆ្លងកាត់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងមិនគួរទៅតំបន់ទាំងនោះ ដែលនាំឱ្យងាយទទួល រងគ្រោះថ្នាក់ដោយសារសត្វព្រៃវាយប្រហារ ជាពិសេសមិនត្រូវមានការលួចបរបាញ់សត្វព្រៃទាំងនោះឡើយ៕

RELATED ARTICLES