Tuesday, November 26, 2024
Homeព័ត៌មានជាតិម៉ូតូបុកប្តីស្លាប់ ប្រពន្ធយំបោកខ្លួន

ម៉ូតូបុកប្តីស្លាប់ ប្រពន្ធយំបោកខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវប្រពន្ធប្រើឱ្យទៅរកទិញម្ហូប មកហូបជុំគ្រួសារ លុះជិះម៉ូតូចេញទៅបាត់មួយសន្ទុះ ក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ត្រូវម៉ូតូ ១គ្រឿងទៀត បុកយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចំណែកភាគីម្ខាងទៀត រងរបួសយ៉ាងធ្ងន់ ជាហេតុធ្វើ ឱ្យស្ត្រីជាប្រពន្ធ មកដល់ ទួញយំបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១០នាទីយប់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខក្លឹប អ៊ិច ហ្សូម តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះដែលបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះយន ចិន អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះមើលកូន ស្នាក់នៅបន្ទប់ជួលមួយកន្លែង ខាងក្រោយវត្តគោកបញ្ជាន់ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត។ ចំណែកភាគីម្ខាងទៀត រងរបួសធ្ងន់ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាក SUZUKI AXELO ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-4175 ធ្វើដំណើរពីទិសខាងលិច ទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងដៃ ត្រឡប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្ន ខណៈនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JG-2136 ជិះដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច រួចក៏បានជ្រុលបុកគ្នាពេញទំហឹង បណ្តាលឱ្យបុរសដែលជិះម៉ូតូ SUZUKI ដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ចំណែកភាគីម៉ូតូហុងដា ឌ្រីម បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា សព្វថ្ងៃរូបគាត់និងប្តី រូមនិងកូនប្រុសស្រីតូចៗចំនួន ២នាក់ទៀត បានមកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ដោយប្តីរបស់គាត់ មិនទាន់រកការងារធ្វើបាននៅឡើយ ហេតុនេះទើបរូបគាត់ឱ្យប្តីនៅមើលថែកូនសិន ទម្រាំរកការងារធ្វើបាន។ ចំណែករូបគាត់ ធ្វើការនៅរោងចក្រ ហើយមុនកើតហេតុ រូបគាត់បានឱ្យប្តីជិះម៉ូតូទៅទិញម្ហូប យកមកហូបបាយជាមួយប្រពន្ធកូន។ លុះទៅបាត់មួយសន្ទុះ ស្រាប់តែមានគេទូរស័ព្ទមកប្រាប់ថា ប្តីរបស់គាត់បានស្លាប់ទៅហើយ ដោយជួបគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់មក គាត់ក៏បានមកមើល ឃើញប្តីរបស់គាត់បានបាត់បង់ជីវិតមែន ធ្វើឱ្យគាត់មានការតក់ស្លុតនិងរន្ធត់ចិត្តយ៉ាងខ្លាំង មិនអាចទទួលយកបាននោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿង ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

 ចំណែកកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិ យកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES