Tuesday, November 26, 2024
Homeព័ត៌មានជាតិសង្ឃដោះអំពើម៉ែ ទារទ្រនឹបព្រហ្មចារីកូនស្រី មន្ត្រីសង្ឃចាប់ផ្សឹក បញ្ជូនទៅតុលាការ

សង្ឃដោះអំពើម៉ែ ទារទ្រនឹបព្រហ្មចារីកូនស្រី មន្ត្រីសង្ឃចាប់ផ្សឹក បញ្ជូនទៅតុលាការ

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវ លោកសង្ឃទ្រុស្តសីល តាំងខ្លួនជាគ្រូមន្តអាគម ចេះព្យាបាលជំងឺ ជួយដោះអំពើឱ្យស្ត្រីម្នាក់ ដោយទាមទារទ្រនឹបព្រហ្មចារីកូនក្រមុំអ្នកជំងឺ រហូតដល់នាងមានផ្ទៃពោះ តែត្រូវសង្ឃអង្គនេះ ឱ្យនាងលេបថ្នាំរលូតកូន បន្ទាប់មកក៏បន្តចាប់រំលោភនាង រហូតដល់មានផ្ទៃពោះជាលើកទី២ ទើបបែកនោះ ពេលនេះត្រូវបានគណៈសង្ឃ សម្រេចចាប់ផ្សឹក ប្រគល់ឲ្យសមត្ថកិច្ច បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។

ការចាប់ផ្សឹកសង្ឃទ្រុស្តសីលនេះ បានធ្វើឡើង ដោយគណៈសង្ឃនៃថេរសភាសង្ឃ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី០៦ កក្កដា ២០២២ នៅវត្តដំណាក់ត្រាច ក្នុងស្រុកភ្នំស្រួច ដែលជាវត្តព្រះមេគណខេត្តគង់នៅតែម្តង។

គួរបញ្ជាក់ថា លោកសង្ឃទ្រុស្តសីលដែលត្រូវបានចាប់ផ្សឹកនោះ មានព្រះនាម សៀវ បុត្រាថានុន ព្រះជន្ម ៤១វស្សា គង់នៅវត្តឥសីគិរីជុំ ហៅវត្តត្រពាំងប្ញស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី។ ចំណែកនារីដែលអះអាងថាខ្លួនជាជនរងគ្រោះ មានអាយុ ២២ឆ្នាំ និងមានលំនៅ ក្នុងស្រុកគងពិសី។

ក្រោយពីផ្សឹកភ្លាម សមត្ថកិច្ចបាននាំខ្លួនអន្ទិត សៀវ បុត្រាថានុន ទៅកាន់អយ្យការអមសាលាដំបូងខេត្ត ភ្លាមៗផងដែរ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា សង្ឃ ១អង្គ ដែលតាំងខ្លួនជាអ្នកចេះព្យាបាលជំងឺ ត្រូវបាននារីវ័យក្មេងម្នាក់ប្តឹងចោទប្រកាន់ថា បានសម្លុតគំរាម រំលោភនាងរហូតបានសម្រេច ខណៈដែលនាងបានទៅដេកកំដរម្តាយឈឺនៅក្នុងវត្ត ដោយបានគំរាមឱ្យនាងបូជាព្រហ្មចារី ដើម្បីជួយជីវិតម្តាយ រួចក៏ចាប់រំលោភនាង រហូតនាងមានផ្ទៃពោះម្តងរួចមកហើយ តែត្រូវសង្ឃអង្គនេះ ឱ្យនាងលេបថ្នាំរលូតកូន។ បន្ទាប់មក ក៏បន្តគំរាមរួមភេទជាមួយនាង រហូតដល់នាងមានផ្ទៃពោះជាលើកទី២ បែកធ្លាយរឿងរ៉ាវ បែរជាមិនទទួលកំហុស និងមិនទទួលខុសត្រូវអ្វីឡើយ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី ស្ថិតក្នុងឃុំទឹកល្អក់ ស្រុកគងពិសី មានកិច្ចជួបជុំមួយ ក្រោមអធិបតីភាពព្រះឧត្តមមុនីវង្សា សូ ចាន់ អនុគណស្រុកគងពិសី ព្រមទាំងមន្ត្រីសង្ឃ តាមឋានានុក្រម រួមទាំងអាជ្ញាធរ បានជួបជុំនៅសាលាធម្មសភា ពាក់ព័ន្ធទៅនឹងរឿងរ៉ាវនារីម្នាក់ ប្តឹងព្រះសង្ឃ ព្រះនាម សៀវ បុត្រាថានុន ថាបានរំលោភនាងរហូតដល់មានផ្ទៃពោះ ដោយមានការការសួរដេញដោលចំពោះមុខគូភាគីទៀតផង។

តាមសម្តីនារីដែលអះអាងថា ខ្លួនជាជនរងគ្រោះ បានរៀបរាប់ថា កាលពីខែឧសភា ឆ្នាំ២០២១ ពេលដែលឪពុកនាងនាំម្តាយ ដែលមានជំងឺទៅវត្តខាងលើ ជួបជាមួយបុគ្គលសង្ឃ សៀវ បុត្រាថានុន ឱ្យជួយពិនិត្យ ពេលនោះបុគ្គលសង្ឃនេះ បានប្រាប់ថា ម្តាយរបស់នាងត្រូវអំពើគេ ទាល់តែស្នាក់នៅព្យាបាលក្នុងវត្ត ទើបជា។ ចាប់តាំងពីពេលនោះមក នាងក៏ស្នាក់នៅកំដរម្តាយ ដើម្បីព្យាបាលជំងឺ ស្រាប់តែថ្ងៃមួយ អំឡុងខែឧសភា ឆ្នាំ២០២១ បុគ្គលសង្ឃ សៀវ បុត្រាថានុន បានហៅនាងទៅជួប ហើយនិយាយថា ទាល់តែនាងបូជាខ្លួនប្រាណឱ្យរូបគេ ជាទ្រនឹបទើបគេដោះអំពើឱ្យម្តាយនាង។ បន្ទាប់មកច្រើនថ្ងៃ បុគ្គលសង្ឃនេះ បានហៅនាងឱ្យទៅជួបនៅព្រះវិហារ និងបានធ្វើសកម្មភាពចាប់រំលោភនាងរហូតបានសម្រេច បើទោះជានាងខំរើបបម្រះយ៉ាងណា ក៏មិនអាចផុតពីក្រញាំដៃរបស់បុគ្គលទ្រុស្តសីលរូបនេះដែរ។

នារីរងគ្រោះ បន្តថា ក្រោយពីប្រព្រឹត្តមកលើរូបនាងហើយ ជនរូបនេះ បាននិយាយគំរាមនាង មិនឱ្យនិយាយប្រាប់អ្នកណាឡើយ បើហ៊ាននិយាយ គេនឹងសម្លាប់នាងចោល ហើយមិនដោះអំពើឱ្យម្តាយនាងទៀត។ ដោយខ្លាចការគំរាមរបស់បុគ្គលរូបនេះ ព្រមទាំងចង់ឱ្យម្តាយបានជាសះស្បើយផងនោះ នាងសុខចិត្តខាំមាត់សង្កត់ចិត្ត បៀមទុក្ខតែម្នាក់ឯង មិនហ៊ាននិយាយរឿងនេះប្រាប់ដល់អ្នកណាឡើយ សូម្បីតែម្តាយរបស់នាង។ ក្រោយមកទៀត មិនថាពេលថ្ងៃ ឬពេលយប់នោះទេ ជននេះតែងតែហៅនាងឱ្យទៅបម្រើតណ្ហារបស់គេ គ្រប់ទីកន្លែង នៅក្នុងបរិវេណវត្ត។ នៅពេលដែលនាងសួរថា តើនៅពេលណាជំងឺរបស់ម្តាយនាងជា?  បុគ្គលរូបនេះ តែងតែគំរាមថា កុំបាច់ចង់ដឹងអី សំងំឱ្យតែស្ងៀមទៅ។

នារីរងគ្រោះ បានឱ្យដឹងទៀតថា រំលងបាន ១ខែ នាងបានប្រាប់បុគ្គលសង្ឃ សៀវ បុត្រាថានុន ថា នាងមានផ្ទៃពោះមួយខែហើយ ពេលនោះបុគ្គលរូបនេះ បានទិញថ្នាំឱ្យនាងលេប ដោយប្រាប់ថា ជាថ្នាំសុខភាព ពេលដែលនាងលេបហើយ ស្រាប់តែមានអាការធ្លាក់ឈាមទាំង ដុំៗ។ ពេលនោះ នាងនៅមិនទាន់ហ៊ាន ប្រាប់ម្តាយនោះទេ តែក្នុងចិត្ត ចង់ប្តឹងបុគ្គលរូបនេះ ឱ្យច្បាប់ចាត់ការ។ នៅពេលដែលដឹងថា នាងចង់ប្តឹង បុគ្គលសង្ឃ សៀវ បុត្រាថានុន គំរាមនាងថា បើនាងហ៊ានប្តឹង ឬយករឿងនេះទៅប្រាប់អ្នកណា គេមិនទុកជីវិតឱ្យនាងឡើយ ហើយក៏មិនដោះអំពើឱ្យម្តាយនាងដែរ។ ដោយសារតែខ្លាចការគំរាមរបស់បុគ្គលរូបនេះ និងចង់ឱ្យម្តាយបានជាសះស្បើយ នាងក៏ខាំមាត់សង្កត់ចិត្តបន្តទៀត។

នារីរងគ្រោះ បានបញ្ជាក់ថា ចាប់តាំងពីពេលនោះ រហូតឥឡូវនេះ ពេលនាងស្ងៀមស្ងាត់បុគ្គលរូបនេះ តែងតែហៅនាងទៅបម្រើតណ្ហារបស់គេនៅក្នុងបរិវេណវត្ត ជារឿយៗ ដែលរហូតមកដល់ពេលនេះ នាងមានផ្ទៃពោះសាជាថ្មីម្តងទៀត រយៈពេល៤ខែហើយ។ លើកនេះ បុគ្គលរូបនេះ បានសន្យាឱ្យលុយនាងចំនួនមួយម៉ឺនដុល្លារ ដើម្បីទុកចិញ្ចឹមកូន និងកុំយករឿងនេះ ទៅប្រាប់អ្នកណា តែការសន្យារបស់បុគ្គលនេះ បានត្រឹមតែសន្យាខ្យល់ ហើយមិនអនុវត្តនោះទេ។

ក្នុងនាមជាជនរងគ្រោះ នាងក៏បានដាក់ពាក្យបណ្តឹង សូមឱ្យច្បាប់ចាត់វិធានការចំពោះបុគ្គលសង្ឃទ្រុស្តសីលរូបនេះ ហើយនាងសំណូមពរដល់ថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធផ្សេងៗ ជាពិសេសអង្គការជួយស្ត្រីមានវិបត្តិ និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សូមជួយដល់រូបនាងផង ព្រោះនាងមិនមានលទ្ធភាពនិងខ្នងបង្អែក ដូចបុគ្គលសង្ឃ សៀវ បុត្រាថានុន នេះទេ។

ដោយឡែក ប្រភពពីអាជ្ញាធរឃុំ បានបញ្ជាក់ថា កន្លងមក បុគ្គលសង្ឃ សៀវ បុត្រាថានុន នេះ ធ្លាប់បានប្រព្រឹត្តអំពើអនាចារជាមួយស្ត្រីភេទ ជាច្រើនដងមកហើយ ដូចជានៅវត្តព្រះពុទ្ធនិព្វាន វត្តព្រៃកន្ទោច តែក៏ធ្វើការសម្របសម្រួលជាមួយភាគីខាងស្រីរួចរាល់ហើយ និងត្រូវបានចៅអធិការវត្ត បណ្តេញចេញ មិនអនុញ្ញាតឱ្យគង់នៅក្នុងវត្តរបស់លោកនោះទេ។ ចុងក្រោយនេះ ក៏មកប្រព្រឹត្តអំពើមិនគប្បីបែបនេះ នៅក្នុងបរិវេណវត្តឥសីគិរីជុំ ហៅវត្តត្រពាំងឫស្សី នេះបន្តទៀត។

ករណីនេះ មន្ត្រីសង្ឃ បានប្រាប់ឱ្យបុគ្គលសង្ឃ សៀវ បុត្រាថានុន ចាកចេញពីវត្តនេះ ហើយប្រគល់ខ្លួនឱ្យសមត្ថកិច្ច ដោយសន្តិវិធី។ ប៉ុន្តែបុគ្គលសង្ឃនេះ បានបដិសេធ មិនព្រមចាកចេញ ថែមទាំងនិយាយថា បើចង់ឱ្យរូបគេទទួលខុសត្រូវ ទាល់តែរង់ចាំឱ្យកូនកើតសិន និងធ្វើការពិនិត្យ DNA បើជាកូនរបស់គេមែន គេនឹងទទួលខុសត្រូវ។ ប៉ុន្តែ ទោះបីចាយ៉ាងណា ពេលនេះ បុគ្គលសង្ឃទ្រុស្តសីលនេះ ត្រូវបានមន្ត្រីសង្ឃចាប់ផ្សឹក ប្រគល់ជូនសមត្ថកិច្ចនាំយកទៅចាត់ការតាមនីតិវិធីហើយ៕

RELATED ARTICLES