Tuesday, November 26, 2024
Homeព័ត៌មានជាតិគ្រូរំដោះគ្រោះ សើយអាវ ស្រាតខោ ស្ទាបដោះនិងប្រដាប់ភេទក្រមុំ 

គ្រូរំដោះគ្រោះ សើយអាវ ស្រាតខោ ស្ទាបដោះនិងប្រដាប់ភេទក្រមុំ 

ខេត្តបន្ទាយមានជ័យ ៖ យុវតីវ័យជំទង់ម្នាក់ ត្រូវបានម្តាយនាំទៅរកគ្រូខ្មែរម្នាក់ ឱ្យជួយរំដោះគ្រោះ ស្រាប់តែគ្រូប៉ោក ប្រើល្បិចឱ្យក្មេងស្រីដេកផ្ងារ បន្ទាប់មកក៏សើយអាវ ចេញសុដន់ ហើយក៏ចាប់ផ្តើមចាប់ស្ទាបអង្អែលមិនអស់ចិត្ត ថែមទាំងសម្រាតសំពត់និងខោក្មេងស្រី ដល់ ត្រឹមជង្គង់ រួចយកទឹកមន្តបោះលើប្រដាប់ភេទ និងថែមទាំងប្រើដៃស្ទាបទៀតផង ជាហេតុធ្វើឱ្យក្មេងស្រីភ័យ រត់ចុះដី ប្រាប់ម្តាយ ដាក់ពាក្យបណ្តឹង ចាប់វាយខ្នោះគ្រូប៉ោក នាំយកទៅសារសួរ បែរគ្រូជើងល្អឆ្លើយថា គ្រូស្ទាបអង្អែលចំណុចសំខាន់បែបនេះ ដើម្បីរំដោះគ្រោះចេញឲ្យអស់។

ករណីគ្រូរំដោះគ្រោះ ប្រើល្បិចបន្លំស្ទាបប្រដាប់ភេទនិងសុដន់ក្មេងស្រីវ័យនោះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចលើផ្ទះរបស់គ្រូខ្មែរ ខាងលើ ស្ថិតក្នុងឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។ រហូតមកដល់វេលាម៉ោង ២រសៀល ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្ទះរបស់យុវតីរងគ្រោះ ស្ថិតក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈួ វ៉ាន់ថាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាគ្រូខ្មែរ (រំដោះគ្រោះ ដោះអំពើ) មានលំនៅ ភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានវ័យ ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកជោរ ស្រុកព្រះនេត្រព្រះ បានទទួលពាក្យបណ្តឹងពីម្តាយរបស់ក្មេងស្រីរងគ្រោះ អាយុ១៦ឆ្នាំ នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលបានប្តឹងចោទទៅលើឈ្មោះឈួ វ៉ាន់ថាន់ ថាបានបៀតបៀនកេរ្តិ៍ខ្មាសរបស់កូនស្រីគាត់ តាមរូបភាពប្រោះព្រំទឹកមន្ត ជួយរំដោះគ្រោះ។

លោកអធិការ បានបន្តថា យោងតាមពាក្យបណ្តឹងខាងលើ យុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ម្តាយនាងបានឱ្យនាងនិងប្អូនស្រីម្នាក់ទៀត ដែលទើបនឹងមានអាយុ១៥ឆ្នាំ ជិះម៉ូតូទៅផ្ទះគ្រូខ្មែរ ឈ្មោះឈួ វ៉ាន់ថាន់ ដើម្បីមកវាស់ហាត់ធ្វើពែ (វាស់ខ្នាត) សម្រាប់រំដោះគ្រោះ ដែលនឹងធ្វើនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ លុះពេលទៅដល់ផ្ទះគ្រូខ្មែររូបនេះ នាងនិងប្អូនស្រី ក៏ត្រូវបានគ្រូនោះប្រាប់ឱ្យឡើងលើផ្ទះ ដើម្បីធ្វើស្នងរូប និងស្រទបចេក បន្ទាប់មក គ្រូនោះ ក៏បានប្រើល្បិចឱ្យប្អូនស្រីនាងយកទៀនស្នងរូបនោះទៅដី ក្រោយផ្ទះ ប្រហែល១០០ម៉ែត្រ ហើយក៏ឱ្យនាងនៅចាំភ្លើងទៀនដែលឆេះនោះរហូតដល់អស់ ចាំឡើងមកវិញ។

យុវតីរងគ្រោះ បានរៀបរាប់ទៀតថា ចំណែករូបនាង នៅលើផ្ទះតែ ២នាក់គ្រូ ឈួ វ៉ាន់ថាន់ ពេលនោះ គ្រូនោះបានឱ្យនាងដេកផ្ងារពោះ ហើយទាញសើយអាវរបស់នាងទៅលើ រហូតដល់លេចចេញសុដន់ទាំងពីរ និងបានប្រោះទឹកមន្តលើសុដន់របស់នាង រួចយកដៃចាប់ និងស្ទាបអង្អែល បន្ទាប់មកគ្រូខ្មែរនោះ ក៏ចាប់ផ្តើមស្រាតសំពត់ និងខោទ្រនាប់នាង មកក្រោមត្រឹមក្បាលជង្គង់ រួចក៏បានយកចង្អុលម្រាមដៃឆ្វេងចាក់ពីលើប្រដាប់ភេទ របស់នាងចំនួន៣លើក (តែឈ្មោះឈួ វ៉ាន់ថាន់ មិនបានស្រាតខោខ្លួនឯងទេ) ដោយសារសកម្មភាពបែបនេះ ធ្វើឱ្យនាងភ័យ ហើយក៏បានរត់ចុះពីលើផ្ទះមក ទាំងមិនទាន់លើកខោ បន្ទាប់មក បាននាំប្អូនត្រឡប់មកផ្ទះវិញ។

លោកអធិការបាន បញ្ជាក់ថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកជោរ បានណែនាំឱ្យជនរងគ្រោះ និងម្តាយ រៀបចំកម្មវិធីដូចបានគ្រោងទុក នៅនឹងផ្ទះជនរងគ្រោះ នៅឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ហើយហៅគ្រូខ្មែរ រូបនោះ ទៅរំដោះគ្រោះធម្មតា ដូចគ្មានរឿងអ្វីកើតឡើង បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ទឹកជោរ និងនគរបាលស្រុកក្រឡាញ់ ក៏ធ្វើការឃាត់ខ្លួនគ្រូខ្មែររូបនោះ នៅនឹងផ្ទះជនរងគ្រោះនោះតែម្តង ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងសួរចម្លើយ គ្រូខ្មែររូបនេះបានឆ្លើយថា នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ខ្លួនពិតជាបានឱ្យក្មេងស្រីរងគ្រោះដេកផ្ងាពោះ ហើយបានសើយអាវឡើងលើ ចេញសុដន់ទាំងពីរ រួចបានយកទឹកមន្តប្រោះពីលើ និងបានយកដៃទៅស្តាបអង្អែលមែន ព្រមទាំងបានស្រាតសំពត់ និងខោទ្រនាប់នាង មកត្រឹមក្បាលជង្គង់ រួចបានយកទឹកមន្តទៅប្រោះពីលើប្រដាប់ភេទនាងទៀត ធ្វើឱ្យម្រាមដៃទៅប៉ះចំនួន ៣លើកមែន បន្ទាប់មក ក្មេងស្រីនោះបានស្ទុះរត់ចុះពីលើផ្ទះ។ ចំពោះមូលហេតុដែលខ្លួនយកទឹកមន្តទៅប្រោះពីលើ និងយកដៃស្តាបសុដន់ និងប្រដាប់ភេទរបស់ក្មេងស្រីនោះ គឺដើម្បីរំដោះគ្រោះចេញឲ្យអស់ពីខ្លួននាង។

ដោយផ្អែកលើបណ្តឹងរបស់ក្មេងស្រីរងគ្រោះ និងចម្លើយសារភាពរបស់គ្រូខ្មែរ ឈ្មោះឈួ វ៉ាន់ថាន់ ផងនោះ កម្លាំងនគរបាលជំនាញ បានរៀបចំសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យជាគ្រូខ្មែរខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES