Wednesday, November 27, 2024
Homeព័ត៌មានជាតិគប់គេបែកក្បាលស្លាប់ ជាប់ខ្នោះ២នាក់

គប់គេបែកក្បាលស្លាប់ ជាប់ខ្នោះ២នាក់

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យចំនួន ២នាក់ បានកើតមានទំនាស់ពាក្យសម្តីឌឺដងដាក់គ្នា រហូតដល់មានគំនុំក្នុងចិត្ត ក៏លបគប់គូទំនាស់នឹងដុំថ្ម បណ្តាលឱ្យបែកក្បាល រងរបួសធ្ងន់ និងបានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម លុះប្រមាណកន្លះខែក្រោយមក ក៏ត្រូវសមត្ថកិច្ច ស្រាវជ្រាវវែកមុខឃើញ ចាប់ឃាត់ខ្លួនជនដៃដល់បានចំនួន ២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ លុះមកដល់វេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ជនរងគ្រោះ បានបាត់បង់ជីវិត។ បន្ទាប់មក នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបានចំនួន ២នាក់។

ជនសង្ស័យចំនួន ២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះលី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះឈូ ពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ មានឈ្មោះជឹម នុយ មានលំនៅ ភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឈ្មោះជឹម នឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល អំពីករណីមានជនសង្ស័យ ២នាក់ (ឈ្មោះលី ប៊ុនណារ័ត្ន និងឈ្មោះឈូ ពៅ) បានយកដុំថ្មទៅគប់លើកូនប្រុសរបស់គាត់ បណ្តាលឱ្យរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

លោកអធិការ បានបញ្ជាក់ថា នៅក្នុងបណ្តឹង បានបញ្ជាក់ថា នៅវេលាម៉ោង ៨យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ ឈ្មោះជឹម នុយ (ជនរងគ្រោះ) បានចេញពីផ្ទះ ពីរនាក់ពួកម៉ាករបស់គេ ទៅដើរលេង។ លុះវេលាម៉ោង ៦ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ប្រពន្ធរបស់គាត់ បានដើរមកបើកទ្វារផ្ទះ ស្រាប់តែឃើញកូនប្រុសរបស់គាត់បែកក្បាល។ កូនគាត់ប្រាប់ថា ពេលរូបគេនិងមិត្តភក្តិ កំពុងអង្គុយលេង ហូបអីនៅដីឡូត៍ នៅរោងចក្រអូរនាង ត្រូវបានគេយកដុំថ្មគប់បែកក្បាល។ រហូតដល់វេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ចាប់ផ្តើមមានអាការស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថា ខ្ញុំពិបាកក្នុងខ្លួនណាស់ មើលទៅខ្ញុំមិនរស់ទេ។ តែពេលនោះ គាត់ជាឪពុកម្តាយ មិនទាន់បានយកកូនគាត់មកពេទ្យទេ ហើយគាត់បានឱ្យកូនរបស់គាត់ដេកក្បែរ ម្តាយរបស់គេមួយយប់ទល់ភ្លឺ កូនរបស់គាត់បានដេកស្រែកថ្ងូររហូត។ បន្ទាប់មក នៅវេលាម៉ោង ៨ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ គាត់បាននាំកូនប្រុសរបស់គាត់ (ជនរងគ្រោះ) ជិះម៉ូតូឌុប ទៅមន្ទីរពេទ្យបង្អែកដីថ្មី តែដោយសារស្ថានរបួសធ្ងន់ពេក ក៏បានបញ្ជួនបន្តទៅមន្ទីរពេទ្យបង្អែកខេត្ត នៅស្រុកមង្គលបុរី។ បន្ទាប់មក នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ កូនប្រុសរបស់គាត់ ឈ្មោះជឹម នុយ ក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យ យ៉ាងអាណោចអាធ័ម។

លោកអធិការ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះលី ប៊ុនណារ័ត្ន និងឈ្មោះឈូ ពៅ ត្រូវបានកម្លាំងប៉ុស្តិ៍ផ្សារកណ្តាល ស្រាវជ្រាវឃាត់ខ្លួនបាន នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

នៅចំពោះមុខសមត្ថកិច្ច ពួកគេទាំង២នាក់ បានសារភាពថា ពិតជាបានយកដុំថ្មទៅគប់លើឈ្មោះជឹម នុយ ប្រាកដមែន មូលហេតុមកពីការឌឺដងពាក្សសំដីដាក់គ្នា៕

RELATED ARTICLES