ភ្នំពេញ ៖ ស្ត្រីជាអាជីវករលក់បង្អែមម្នាក់ មានផ្ទៃពោះគ្រប់ខែទៅហើយ ប៉ុន្តែគ្មានលុយកាក់ជាប់ខ្លួន មានត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ ទើបដាច់ចិត្តឆាតសុំជំនួយពីលោកដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លុះក្រោយពីលោកដួង តារា ជួយអន្តរាគមន៍រកទីតាំងឱ្យស្នាក់នៅ រង់ចាំសម្រាល ស្រាប់តែសម្រាលកូនមុនកំណត់ ដោយទទួលបានសុវត្ថិភាពទាំងម្តាយទាំងកូន។
លោកដួង តារា បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ថា “ស្ត្រីដល់ថ្ងៃឆ្លងទន្លេ គ្មានទីពឹង… តើជួយគាត់ធ្វើឱ្យគាត់ទម្លាប់កាន់តែអាក្រក់? ឬខ្លាចអ្នកដទៃសុំឱ្យជួយដែរ តែយើងធ្វើមិនបានគ្រប់គ្នា? ប្អូនស្រីមានអាជីពលក់បង្អែមបន្តិចបន្តួច នៅក្បែរផ្សារចាស់ បានប្រាប់ខ្ញុំថា គាត់នឹងសម្រាលកូន នៅថ្ងៃទី១២ ខែកក្កដា នេះ។ គាត់ថា គាត់នៅសល់លុយប្រមាណជាង ១០ដុល្លារ មិនមានលទ្ធភាពសម្រាលកូន ហើយក៏ដាច់ចិត្តសុំជំនួយខ្ញុំ ដោយឆែកលេខតាមអនឡាញ…”។
លោកដួង តារា បានបន្តថា “ខ្ញុំមិនមែនជាឧកញ៉ា ហើយក៏មិនមែនជាបិតាសប្បុរសធម៌អ្វីដែរ ប៉ុន្តែធ្វើចិត្តដាច់មិនបាន ហើយក៏មិនអាចធ្មេចភ្នែកទុកឱ្យម្តាយនិងកូនអស់សង្ឃឹមដែរ ខ្ញុំបានពិភាក្សាជាមួយក្រុមមិត្តភ័ក្តិមួយចំនួន យើងក៏បានចាត់ចែងរៀបចំទីកន្លែងមួយសមរម្យ ឱ្យគាត់បានស្នាក់នៅសម្រាលកូន។ មិនទាន់ដល់ថ្ងៃទី១២ ខែកក្កដា ផង កូនស្រីក៏បានកើតហើយ កាលពីម្សិលមិញ មានសុខភាពល្អ។ ប៉ុន្តែម្តាយ ត្រូវបានឆ្លងកាត់ការវះកាត់ ទើបអាចសម្រាលកូនបាន។ ប្រសិនបើមិនបានជួយគាត់ទាន់ពេលទេ តើអាចមានអ្វីនឹងកើតមានឡើងខ្លះ? ក្នុងចិត្តម្តាយ គឺរង់ចាំសម្រាលនៅថ្ងៃទី១២ កក្កដា ឯណោះ…”។
លោកដួង តារា បានបញ្ជាក់បន្ថែមថា “ទោះក្នុងស្ថានភាពនិងកាលៈទេសៈបែបណាក៏ដោយ ការមើលគ្នាក្នុងផ្លូវល្អ ប្រកបដោយគុណធម៌ គឺនឹងនាំមកនូវសន្តិភាពផ្លូវចិត្ត និងក្តីសុខកាន់តែច្រើន ទាំងសម្រាប់ខ្លួនយើងផ្ទាល់ និងសម្រាប់អ្នកនៅជុំវិញយើងផង ព្រមទាំងសង្គមជាតិយើងទាំងមូល។ មិនចាំបាច់ទាល់តែក្លាយជាអ្នកមាន ឬជាអ្នកធំ ទើបយើងធ្វើបាននោះឡើយ គឺយើងត្រូវមានអំពើល្អ ប្រកបដោយគុណធម៌ ចាប់ពីថ្ងៃនេះ។ អំពើអាក្រក់ ជាអពមង្គលនៃជីវិត អំពើល្អ ជាសិរីសួស្តី។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង នៅក្រោមដំបូលសន្តិភាព…”៕