Wednesday, November 27, 2024
Homeព័ត៌មានជាតិបងបូមសាំង ប្អូនដាំបាយ ឆាបឆេះតូបចាប់ហួយហ្មត់

បងបូមសាំង ប្អូនដាំបាយ ឆាបឆេះតូបចាប់ហួយហ្មត់

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីជាម្ចាស់តូបលក់ចាប់ហួយម្នាក់ បានរៀបចំបូមសាំងដាក់ដប ទុកលក់ ដោយមិនចាប់អារម្មណ៍ថា ប្អូនស្រីរបស់ខ្លួន កំពុងដាក់ដាំបាយលើចង្ក្រានហ្គាស់ក្បែរនោះ ជាហេតុធ្វើឱ្យឆាបឆេះ បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅ ឆេះបំផ្លាញតូបចាប់ហួយអស់គ្មានសល់ និងថែមទាំងបង្កឱ្យស្ត្រីជាម្ចាស់តូបចាប់ហួយ រងរបួសរលាកភ្លើងថែមទៀតផង។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅលើទំនប់បារាំងសត្វ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

តាមសម្តីស្ត្រីឈ្មោះបៀន ស្រីភាស់ អាយុ២៨ឆ្នាំ ជាម្ចាស់តូបរងគ្រោះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា គាត់មានលំនៅ ភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប៉ុន្តែបានមកប្រកបមុខរបរលក់ដូរ នៅលើទំនប់បារាំង ដូចជា លក់សាំង ស្រាបៀរ និងភេសជ្ជៈ ជាដើម។

ស្ត្រីរងគ្រោះ បន្តថា នៅមុនពេលកើតហេតុ គាត់កំពុងតែផ្ទេរសាំងចេញពីប៊ីដុង ចូលទៅក្នុងដប ស្របពេលជាមួយគ្នានោះ ប្អូនស្រីរបស់គាត់បានដាក់ឆ្នាំងដាំបាយលើចង្ក្រានហ្គាស់ នៅក្នុងតូប ដែលមានចម្ងាយប្រមាណ ៣ម៉ែត្រពីគ្នា ស្រាប់តែឆាបឆេះមកដល់សាំងគាត់ដែលកំពុងចាក់ បណ្តាលឱ្យផ្ទុះឆេះតែម្តង។ ភ្លាមៗនោះ គាត់បានស្រែកហៅឱ្យគេជួយ និងនាំគ្នារត់ចេញពីតូប ហើយអណ្តាតភ្លើងក៏បានឆាបឆេះសម្ភារៈលក់ដូរតែម្តង។ ចំពោះសម្ភារៈដែលខូចខាត មានដូចជា សាបៀរ ៤កេស ភេសជ្ជៈ ៣កេស ធុងហ្គាស់ ១២គីឡូក្រាម ១ធុង លុយ ១លានរៀល សរុបជាទឹកប្រាក់ទាំងធុងទឹកកក និងសម្ភារៈផងនោះ គឺអស់ប្រមាណ ៤លានរៀល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការពិនិត្យ ហើយក៏បានសន្និដ្ឋានថា ម្ចាស់តូបលក់ដូរខាងលើ មានការធ្វេសប្រហែស ពេលដែលផ្ទេរសាំងចូលដប ហើយមានអ្នកបើកភ្លើងហ្គាស់ដាំបាយនៅក្បែរនោះទៀត ដោយមិនបានប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យភ្លើងឆាបឆេះ បែបនេះឡើងតែម្តង៕

RELATED ARTICLES