ខេត្តបាត់ដំបង ៖ ផ្ទះលក់ពូក ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ និងមិនអាចគ្រប់គ្រង ពន្លត់ភ្លើងបានទាន់ពេល បណ្តាលឱ្យឆេះរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋក្បែរខាងជាច្រើនខ្នងទៀត សរុបឆេះអស់ ១២ខ្នង និងប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ១២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍បាន។
ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងជាង ៥ល្ងាច ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅក្រុមទី៥ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ដំបូងឡើយ គេបានឃើញផ្សែងនិងអណ្តាតភ្លើងខ្មួលខ្មាញ់ បានឆាបឆេះចេញពីផ្ទះលក់គ្រឿងសង្ហារិម និងលក់ពូក ១កន្លែង ដែលម្ចាស់ឈ្មោះអៀ អេងហុង ភេទប្រុស អាយុ៧០ឆ្នាំ ហើយក៏ឆេះយ៉ាងសន្ធោសន្ធៅខ្លាំងឡើងៗ រហូតរាលឆ្លងទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ នៅជិតខាងគ្នាថែមទៀត សរុបអស់ចំនួន ១២ខ្នង ជាប្រភេទផ្ទះសង់អំពីឈើ និងដែក ប្រក់ស័ង្កសី។
ប្រភពដដែល បន្តថា គ្រោះអគ្គិភ័យនេះ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះទេ ចំណែកឯមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យនេះ សមត្ថកិច្ចជំនាញ នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ ដោយកម្លាំងជំនាញ កំពុងបន្តការស្រាវជ្រាវ។ រីឯទំហំនៃការខូចខាតទ្រព្យសម្បត្តិ មិនទាន់អាចបូកសរុបបាននៅឡើយ។
ប្រភពដដែល បានបន្តទៀតថា អគ្គិភ័យនេះ ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយមានការចូលរួមពីប្រជាពលរដ្ឋជិតខាង និងកម្លាំងសមត្ថកិច្ច ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងប្រើប្រាស់ទឹកអស់ចំនួន ១២ឡាន ទើបអាច គ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕