Wednesday, November 27, 2024
Homeព័ត៌មានជាតិព្រះពុទ្ធបាទថ្មភក់១ និងពុទ្ធបដិមាសម័យកណ្តាល៦ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

ព្រះពុទ្ធបាទថ្មភក់១ និងពុទ្ធបដិមាសម័យកណ្តាល៦ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

ខេត្តសៀមរាប ៖ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កំពុងដាក់តាំងពិព័រណ៍ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើ ចំនួន៦ និងព្រះពុទ្ធបាទ ធ្វើពីថ្មភក់ ចំនួន១ ដើម្បីបង្ហាញសាធារណជនឱ្យស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ដ៏សម្បូរបែប បន្ទាប់ពីក្រុមអ្នកជំនាញ បានជួសជុលវត្ថុបុរាណទាំងនោះ ឱ្យមានលក្ខណៈល្អស្អាតឡើងវិញរួចមក។ ពុទ្ធបដិមាបុរាណដែលកសាងឡើងអំពីឈើ ចំនួន៦ និងព្រះពុទ្ធបាទធ្វើពីថ្មភក់ ចំនួន១ នោះ គឺក្រុមអ្នកអភិរក្ស បានយកចេញពីរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ទៅរក្សាទុក ហើយជួសជុល ព្រមទាំងថែរក្សានៅកន្លែងអភិរក្សអង្គរ ជាយូរមកហើយ។

នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក ប៉ែន ចំរ៉ុង ឱ្យដឹងថា កាលដើមឡើយពុទ្ធបដិមា ចំនួន៦អង្គ និងព្រះពុទ្ធបាទ ធ្វើពីថ្មភក់ ចំនួន១ នេះ ត្រូវបានរក្សាទុក និងជួសជុលដោយក្រុមអភិរក្សអង្គរ។ ក្រោយមក រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរអប្សរា លោកស្រី ភឿង សកុណា បានទៅទស្សនានៅអភិរក្សអង្គរ ឃើញថា ពុទ្ធបដិមាទាំង៦ និងព្រះពុទ្ធបាទនេះ បានជួសជុលរួចរាល់ហើយ លោកស្រី ក៏បានណែនាំឱ្យយកវត្ថុទាំងនេះ ទៅដាក់តាំងបង្ហាញដល់សាធារណជនបានទស្សនា និងសិក្សាស្វែងយល់ពីវត្ថុសិល្បៈខ្មែរ ពិសេសពុទ្ធបដិមាសម័យក្រោយអង្គរ។

លោកប៉ែន ចំរ៉ុង មានប្រសាសន៍បន្តថា ដោយមានការយល់ស្របទៅតាមអនុសាសន៍របស់លោកស្រីរដ្ឋមន្ត្រីក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ សារមន្ទីរនរោត្តម សីហនុ អង្គរ ក៏បានសហការជាមួយអភិរក្សអង្គរ ធ្វើការរៀបចំតាំងពិព័រណ៍ពុទ្ធបដិមា ចំនួន៦អង្គ និងព្រះពុទ្ធបាទ ធ្វើពីថ្មភក់ ចំនួន១ នេះ ចាប់តាំងតែពីអំឡុងខែឧសភា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ។ នេះជាលើកទី១ហើយ ដែលសារមន្ទីរព្រះនរោត្តម សីហនុ អង្គរ ទទួលបានបដិមាពីអភិរក្សអង្គរ មក ធ្វើការតាំងពិព័រណ៍នៅសារមន្ទីរ។

បុគ្គលិកបច្ចេកទេស និងជាមគ្គុទ្ទេសក៍នៅក្នុងសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ លោក គុន ផល្លី ឱ្យដឹងថា ពុទ្ធបដិមា ចំនួន៦នេះ ធ្វើឡើងពីឈើគគីរ ក្នុងទម្រង់កាយវិការអភ័យមុទ្រៈ មានលាបម្រ័ក្សណ៍ និងបិទមាស នៅព្រះហស្ត មានដាំត្បូងរាងមូលដូចកងចក្រ ប្រស្រីភ្នែក និងថ្ងាស មានដាំសំបកគ្រុំ ធ្វើជាគ្រឿងលម្អជាដើម។ ពុទ្ធបដិមាទាំងអស់នេះ បានកសាងនៅសម័យក្រោយអង្គរ ចន្លោះពីសតវត្សរ៍ទី១៤ ដល់ទី១៨ នៃគ.ស ហើយពុទ្ធបដិមាភាគច្រើនមានលក្ខណៈស្រដៀងទៅនឹងរចនាបទបាយ័ន។ ដោយឡែក ព្រះពុទ្ធបាទ ចំនួន១ ជាព្រះពុទ្ធបាទខាងស្តាំ មានកម្ពស់ ១៣សង់ទីម៉ែត្រ បណ្តោយ ២១០សង់ទីម៉ែត្រ ទទឹង ១១៥ សង់ទីម៉ែត្រ នៅចំកណ្តាលពុទ្ធបាទ មានកងចក្រ និងឆ្លាក់ចម្លាក់ផ្សេងៗចំនួន ១០៨ ដែលគេយល់ថា ជាសិរីមង្គល និងមានលាបម្រ័ក្សណ៍ ព្រមទាំងទឹបទឹកមាសដែរ។ តាមរយៈរូបថតឯកសារចាស់ៗនៅឆ្នាំ១៩០៦ គេឃើញមានបដិមាទាំងនេះ នៅលាយឡំជាមួយបដិមាផ្សេងៗទៀត រួមទាំងព្រះពុទ្ធបាទ នៅរួតព្រះពាន់ នៃប្រាសាទអង្គរវត្ត ហើយក៏មិនទាន់មានឯកសារបញ្ជាក់កាលបរិច្ឆេទយកចេញពីរួតព្រះពាន់ មករក្សាទុកនៅអភិរក្សដ្ឋានអង្គរ តាំងពីពេលណានៅឡើយ។

លោក គុន ផល្លី បញ្ជាក់ថា សារមនី្ទរព្រះនរោត្តម សីហនុ-អង្គរ ជាសារមន្ទីរបុរាណវិទ្យា និងព្រះពុទ្ធសាសនា ដំបូងគេនៅក្នុងខេត្តសៀមរាប ជាបណ្តុំចំណេះដឹងផ្នែកប្រវត្តិសាស្ត្រ ប្រវត្តិសិល្បៈ និងបម្រែបម្រួលនៃសាសនាខ្មែរ នាអតីតកាល។

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ លើកទឹកចិត្ត និងបើកទូលាយដល់សាធារណជន ភ្ញៀវទេសចរជាតិ  អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស អញ្ជើញមកទស្សនា និងសិក្សាឈ្វេងយល់ពីការតាំងពិព័រណ៍នេះឱ្យបានកុះករ៕

RELATED ARTICLES