ខេត្តព្រះសីហនុ ៖ បុរស ៣នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីវិញ ក៏បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាពីរឿងខ្ចីលុយ រហូតធ្វើឱ្យកើតមានជម្លោះ ផ្ទុះជាអំពើហិង្សា ដោយភាគីម្ខាងមានគ្នា២នាក់ បានប្រើបំពង់ទីប ព្រួតវាយទៅលើគូទំនាស់ បណ្តាលឱ្យស្លាប់ រួចបោះសពចោលទៅក្នុងផ្ទៃសមុទ្រ បន្ទាប់មកក៏នាំគ្នារត់គេចខ្លួនបាត់អស់។
ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផែ៩៩ (ទំនប់រលក) ស្ថិតក្នុងក្រុមទី២៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនរងគ្រោះដែលត្រូវជនដៃដល់២នាក់ព្រួតវាយសម្លាប់ រួចបោះសពចោលក្នុងទឹកសមុទ្រនោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជាកម្មករទូកនេសាទ។ ចំណែកជនដៃដល់ជាឃាតករ ទាំង២នាក់ ដែលកំពុងរត់គេចខ្លួន ទី១-ឈ្មោះអុល ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរកូនដៃទូក (ជនដៃដល់) មានស្រុកកំណើតភូមិពពិល ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង និងទី២-ឈ្មោះសុផល ហៅកុល ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណើតនៅភូមិពពិល ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យោងតាមពាក្យបណ្តឹងម្ចាស់ទូកនេសាទ ឈ្មោះសោម សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរម្ចាស់ទូកនេសាទ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ អ្នកបើកទូករបស់គាត់ ឈ្មោះសុផល ហៅកុល បានត្រឡប់មកពីផឹកវិញ ជាមួយនឹងឈ្មោះអុល (ជនដៃដល់) និងម្នាក់ទៀតមិនស្គាល់ឈ្មោះ (ជាជនរងគ្រោះ) លុះពេលឡើងដល់លើទូក ឈ្មោះកុល និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ដោយខាងជនរងគ្រោះបានចោទប្រកាន់ឈ្មោះ កុល ថាជំពាក់លុយខ្លួនកន្លងមក តែឈ្មោះកុល បានប្រកែកថា មិនដែលខ្ចីទេ។
ប្រភពដដែល បន្តថា បន្ទាប់មក ក៏កើតមានការឈ្លោះប្រតាយប្រតប់គ្នា ដោយឈ្មោះសុផល ហៅកុល បានយកដែកទីប វាយទៅលើជនរងគ្រោះ ជាច្រើនដែកទីប បណ្តាលឱ្យស្លាប់នៅលើទូក បន្ទាប់មកឈ្មោះកុល និងឈ្មោះអុល ក៏នាំគ្នាលើកសពបោះចូលក្នុងទឹកសមុទ្រ រួចនាំគ្នារត់គេចខ្លួនបាត់តែម្តង។ បន្ទាប់មក នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ទើបឃើញសពអណ្តែតទឹក ផ្អើលប្រជាពលរដ្ឋ រាយការណ៍មកសមត្ថកិច្ចជំនាញតែម្តង។
បើតាមការស្រាវជ្រាវរបស់កម្លាំងជំនាញ ឱ្យដឹងថា ជនសង្ស័យ មានចំនួន២នាក់ (ឈ្មោះអុល និងឈ្មោះសុផល ហៅកុល) ហើយក្រោយពីធ្វើសកម្មភាពរួច ក៏នាំគ្នារត់គេចខ្លួនបាត់ និងកំពុងត្រូវបានសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់។
ដោយឡែក សពជនរងគ្រោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីទាក់ទងទៅក្រុមគ្រួសារ មកទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕