Tuesday, November 26, 2024
Homeព័ត៌មានជាតិបងប្រុសគំរាមសម្លាប់ប្អូនស្រី

បងប្រុសគំរាមសម្លាប់ប្អូនស្រី

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានជិះកង់សំដៅទៅផ្ទះប្អូនស្រីបង្កើតរបស់ខ្លួន រួចក៏ធ្វើសកម្មភាពស្រែកឡូឡា ជេរប្រមាថប្អូនស្រី ដោយមិនដឹងមូលហេតុ រួចក៏ស្ទុះទាញកាំបិតប៉័ងតោ មកកាប់បំផ្លាញរបស់ទ្រព្យក្នុងផ្ទះប្អូនស្រី បណ្តាលឱ្យរងការខូចខាតខ្ទេចអស់ បន្ទាប់មក ថែមទាំងគំរាមសម្លាប់ទាំងប្អនស្រី និងកូនតូចៗចំនួន ២នាក់ទៀត ធ្វើឱ្យស្ត្រីរងគ្រោះភ័យ បីកូនរត់គេចខ្លួន មកប្តឹងសមត្ថកិច្ចចាប់វាយខ្នោះបងប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សា វាយបំផ្លាញទ្រព្យសម្បត្តិ និងគំរាមសម្លាប់ប្អូនស្រីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះលេខ៣៧ៅ ផ្លូវលេខ១ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះតៅ ម៉ាលីណា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបររដ្ឋបាលភោជនីយដ្ឋាន មានលំនៅផ្ទះលេខ 37A ផ្លូវលេខ១ បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកជនសង្ស័យជាបងប្រុសបង្កើត មានឈ្មោះតៅ សង្ហា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ រីឯវត្ថុតាងដកហូតបាន រួមមាន កាំបិតប៉័ងតោចំនួន២ កង្ហារខូច ចំនួន១ និងកៅអីជ័រ ចំនួន១។

តាមប្រភពពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ កំពុងតែនៅផ្ទះជាមួយកូនស្រីតូចៗចំនួន ២នាក់ ដូចសព្វដង ស្រាប់តែក្រោយមក លេចមុខជនសង្ស័យ ត្រូវជាបងប្រុសបង្កើត បានជិះកង់មកដល់ផ្ទះប្អូនស្រី រួចក៏ស្រែកឡូឡា ជេរប្រមាថទៅលើប្អូនស្រីដោយមិនមានមូលហេតុ បន្ទាប់មកក៏យកកាំបិតប៉័ងតោ ធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះរបស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតកង្ហារ ចំនួន១ ហ៊ឹងជំនាងផ្ទះ បោកទៅក្រៅផ្ទះ ខូចអស់ចំនួន ១គ្រឿង ឈើសម្រាប់តាំងក្នុងផ្ទះ ខូចអស់មួយចំនួន ហើយបានស្រែកគំរាមសម្លាប់ជនរងគ្រោះ និងកូនស្រីតូចៗចំនួន២នាក់របស់ជនរងគ្រោះចោលថែមទៀតផង ជាហេតុធ្វើឱ្យជនរងគ្រោះជាប្អូនស្រី ភ័យ នាំកូនរត់គេច រួចទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍។

រហូតដល់វេលាម៉ោង ៣រសៀល ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចបានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យខាងលើ រូមនិងវត្ថុតាង យកមកធ្វើការសាកសួរ ដោយជនសង្ស័យ បានសារភាពថា ពិតជាបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ជនរងគ្រោះជាប្អូនស្រីបង្កើតប្រាកដមែន ព្រោះខឹងនឹងប្អូនស្រីមិនធ្វើតាម នៅពេលដែលរូបគេឱ្យប្អូនស្រីធ្វើអ្វីមួយ។ ហើយកន្លងមក ជនសង្ស័យធ្លាប់បានធ្វើសកម្មភាពអុកឡុក និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅផ្ទះរបស់ជនរងគ្រោះ ជាច្រើនលើកច្រើនសា ហើយថែមទាំងបានគំរាមសម្លាប់ជនរងគ្រោះ និងកូនតូចៗរបស់ជនរងគ្រោះទៀតផង ធ្វើឱ្យជនរងគ្រោះមានការភ័យខ្លាច ទើបជនរងគ្រោះដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES