ខេត្តពោធិ៍សាត់ ៖ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ទើបលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិត ស្រាល កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញី ចុះដល់ទីតាំងទទួលផលចោរកម្ម មួយកន្លែង បន្ទាប់ពីសមត្ថកិច្ចបាននាំជនសង្ស័យជាចោរប្លន់ម៉ូតូម្នាក់ មកចង្អុលបង្ហាញដល់ទីតាំង។
ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចកន្លែងប៉ះកង់រថយន្ត និងបញ្ចូលហ្គាស់ មួយកន្លែង ដែលជាផ្ទះរបស់ឈ្មោះឡាយ រត្ថា ភេទប្រុស អាយុ៣៤ឆ្នាំ ស្ថិតនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានដកហូតម៉ូតូ ចំនួន៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ហើយការអនុវត្តនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ម្នាក់ ឈ្មោះប៉ិល សុភ័ណ្ឌ ភេទប្រុស អាយុ៤១ឆ្នាំ មានលំនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ។ ក្រោយពីជនសង្ស័យរូបនេះឆ្លើយសារភាពប្រាប់សមត្ថកិច្ចប៉ុន្មានថ្ងៃមុនដែលខ្លួនបានធ្វើសកម្មភាពវាយប្លន់ម៉ូតូគេ រួចយកមកបញ្ចាំឱ្យឈ្មោះឡាយ រត្ថា ក្នុងតម្លៃ ៦០ម៉ឺនរៀល។
លោកស្នងការរង បានបញ្ជាក់ថា បច្ចុប្បន្នវត្ថុតាង ម៉ូតូ ចំនួន៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក និងម្ចាស់ផ្ទះទទួលបញ្ចាំ ឈ្មោះឡាយ រត្ថា រួមទាំងជនសង្ស័យជាចោរប្លន់ឈ្មោះប៉ិល សុភណ្ឌ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី៕