Tuesday, November 26, 2024
Homeព័ត៌មានជាតិជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង

ជំនន់ទឹកភ្លៀង ហូរកាត់ផ្លូវជាតិលេខ៤ ចំណុចស្ពានស្ទឹងសំរោង

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពជំនន់ ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ដោយបញ្ជាក់ថា ក្នុងករណីដែលភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្តាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំងនោះ អាជ្ញាធរ នឹងអាចឈានដល់ការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ត្រង់ចំណុចខាងលើ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមជម្រាបជូនសាធារណជន បងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបថា ៖ បន្ទាប់ពីទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ បណ្តាលឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យមានជំនន់ទឹកភ្លៀងនៅតាមភូមិឋានប្រជាពលដ្ឋ ក្នុងតំបន់ខ្លះ នៃស្រុកកំពង់សិលា ព្រមទាំងបានជន់លិច ហូរកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ប្រវែងជាង ១៨០ម៉ែត្រ។

ក្នុងករណីភ្លៀងនៅតែបន្តធ្លាក់ថែមទៀត នឹងបណ្តាលឱ្យជន់លិចផ្លូវជាតិលេខ៤ កាន់តែខ្លាំងនោះ នឹងអាចឈានទៅផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ត្រង់ចំណុចខាងលើ នាពេលខាងមុខនេះ។

បច្ចុប្បន្ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យតាមដានស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រដែលកំពុងលិចលង់ នៅក្នុងស្រុកកំពង់សិលា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន បងប្អូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤ មេត្តាជ្រាប សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ឱ្យបានល្អប្រសើរ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូមលោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»។

គួរបញ្ផាក់ថា យោងតាមសេចក្តីរាយការណ៍ពីតំបន់ខាងលើ បានឱ្យដឹងថា ដោយសារតែភ្លៀងបានបន្តធ្លាក់ជាបន្តបន្ទាប់ បានធ្វើឱ្យកម្ពស់ទឹក បានហក់ឡើងដល់ ៦,២ម៉ែត្រ ដូច្នេះហើយបាននាំឱ្យទឹកហូរកាត់លើផ្លូវជាតិលេខ៤ នៅចណុចខាងលើតែម្តង។

ជាមួយនឹងស្ថានភាពនេះ គណៈបញ្ជាការឯកភាពស្រុកកំពង់សិលា បានដឹកនាំកម្លាំងចុះពិនិត្យ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់ បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ (ចំណុចក្រាំងអាត់ចាស់) ឃុំកំពង់សិលា ស្រុកកំពង់សិលា ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៤២គ្រួសារ។

យ៉ាងណាក៏ដោយ អាជ្ញាធរនិងសមត្ថកិច្ច ក៏បានត្រៀមលក្ខណៈជានិច្ច ដើម្បីផ្អាកចរាចរណ៍ ជាបណ្តោះអាសន្នផងដែរ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុណាមួយ៕

RELATED ARTICLES