Tuesday, November 26, 2024
Homeព័ត៌មានជាតិសម្លាប់មនុស្ស រត់គេច១០ឆ្នាំ ទើបចាប់បាន

សម្លាប់មនុស្ស រត់គេច១០ឆ្នាំ ទើបចាប់បាន

ខេត្តកោះកុង ៖ ជនត្រូវចោទជាឃាតករម្នាក់ បានធ្វើសកម្មភាពសម្លាប់មនុស្ស (មនុស្សឃាតដោយចេតនា) រួចព្យាយាមរត់គេចទៅសម្ងំលាក់ខ្លួនជាបន្តបន្ទាប់ អស់រយៈពេល ១០ឆ្នាំ ទើបត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវតាមចាប់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្មខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ មកម៉្លេះ នៅចំណុចភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម។ រហូតមកដល់វេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ពោលគឺ ១០ឆ្នាំ ក្រោយមក ទើបសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនជនត្រូវចោទជាឃាតករបាន នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនត្រូវចោទជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះកាំង វុទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក ឆឹង វាសនា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ លោកបានដឹកនាំកម្លាំងជំនាញផ្នែកអនុវត្តដីកា សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៧១៣ ច.ខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ចេញដោយលោកថាន់ ឡេង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យចាប់ឃាត់ខ្លួនឈ្មោះកាំង វុទ្ធី ពីបទ មនុស្សឃាតដោយចេតនា ប្រព្រឹត្តនៅភូមិស្វាយស្រណោះ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំឆ្នាំ២០១២។

លោកវរសេនីយ៍ឯក ឆឹង វាសនា បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនត្រូវចោទ នៅចំណុចភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

ជនត្រូវចោទ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅផែនការងារនគរបាលព្រហ្មទណ្ឌ រង់ចាំកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខេត្តកំពង់ចាម មកធ្វើកំណត់ហេតុប្រគល់-ទទួលយកទៅខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី៕

RELATED ARTICLES