Tuesday, November 26, 2024
Homeព័ត៌មានជាតិបង្ក្រាបទីតាំងផលិតគ្រឿងញៀន ១២កន្លែង វ៉ៃខ្នោះ១១នាក់ រឹបអូសថ្នាំញៀន ជិត២តោន

បង្ក្រាបទីតាំងផលិតគ្រឿងញៀន ១២កន្លែង វ៉ៃខ្នោះ១១នាក់ រឹបអូសថ្នាំញៀន ជិត២តោន

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃផលិតគ្រឿងញៀនទ្រង់ទ្រាយធំ ចំនួន ១២កន្លែង ដោយចាប់ខ្លួនជនជាតិចិន សរុបចំនួន១១នាក់ ព្រមទាំងធ្វើការរឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង ២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កណ្តាល។

ប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ អនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

មន្ត្រីនគរបាលដែលចុះបង្ក្រាប បានបញ្ជាក់ថា ការបង្ក្រាបករណីកែច្នៃគ្រឿងញៀននេះ ចាប់ពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ ដោយសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង វរសេនីយ៍ឯក តោ ដារិទ្ធ វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនា វរសេនីយ៍ទោ ថៃ រិទ្ធីរក្ស នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ (ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់ផែអន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល សម្របសម្រួលដោយលោកសឿ ឡងឌី ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោកហោ លីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល លោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង និងលោកចាន់ វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រៃវែង។

មុននឹងឈានដល់ការបង្ក្រាបនេះ សមត្ថកិច្ចជំនាញបានបើកការស៊ើបអង្កេត អស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់ នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ ដោយក្នុងនោះ នៅរាជធានីភ្នំពេញ ៧គោលដៅ ខេត្តស្វាយរៀង ២គោលដៅ ខេត្តព្រៃវែង ១គោលដៅ និងខេត្តកណ្តាល ២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត ១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង រួមមាន ៖

– ទីតាំងទី១ នៅចំណុចផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី២ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៣ នៅចំណុចភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុកសារធាតុញៀន កេតាមីន)។

– ទីតាំងទី៤ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃផលិតកេតាមីន)។

– ទីតាំងទី៥ នៅចំណុចផ្លូវខ្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៦ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល (ឃ្លាំងស្តុកសារធាតុគីមី)។

– ទីតាំងទី៧ នៅចំណុចកំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (កុងតឺន័រផ្ទុកសារធាតុគីមី)។

សម្រាប់លទ្ធផលបង្ក្រាបបាន ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១១នាក់ រួមមាន ៖ ទី១-ឈ្មោះ WU YI LIN ភេទប្រុស អាយុ២៤ឆ្នាំ។ ទី២-ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ៤១ឆ្នាំ។ ទី៣-ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ៣៨ឆ្នាំ។ ទី៤-ឈ្មោះ LI BIN YANG ភេទប្រុស អាយុ៤២ឆ្នាំ។ ទី៥-ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ។ ទី៦-ឈ្មោះ WANG PING ភេទប្រុស អាយុ ៦១ឆ្នាំ។ ទី៧-ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ៤៥ឆ្នាំ។ ទី៨-ឈ្មោះ CAI LIANG ភេទប្រុស អាយុ ៤៩ឆ្នាំ។ ទី៩-ឈ្មោះ XU JIAN ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី១០-ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ និងទី១១-ឈ្មោះ LI WEN SHUO ភេទប្រុស អាយុ៤២ឆ្នាំ។

សម្រាប់វត្ថុតាងដែលដកហូតបាន រួមមាន ល្បាយសារធាតុញៀន កេតាមីន ចំនួន ១តោន ៨២៧គីឡូក្រាម ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំ ចំនួន ២៧៦តោន ៧៤៩គីឡូក្រាម, ឧបករណ៍ សម្ភារៈគ្រឿងបន្លាស់សម្រាប់កែច្នៃផលិតគ្រឿងញៀន មួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ ២១៨,៦២ក្រាម, រថយន្ត ៨គ្រឿង, ម៉ូតូ ៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង និងអចលនទ្រព្យចំនួន ៧កន្លែង (ខុនដូ២ ឃ្លាំង៤  រោងចក្រផលិត១ និងផ្ទះវីឡា១)។

ជនសង្ស័យទាំង ១១នាក់ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES