Tuesday, November 26, 2024
Homeព័ត៌មានជាតិប្តីបង្កជម្លោះ ប្រពន្ធប្តឹងសុំលែង

ប្តីបង្កជម្លោះ ប្រពន្ធប្តឹងសុំលែង

ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូ រួមរស់មិនសូវចុះសម្រុងនឹងគ្នា ចេះតែមានរឿងរកាំរកូសមិនឈប់ រហូតដល់ស្ត្រីជាប្រពន្ធ ធុញទ្រាន់នឹងប្តីដែលចេះតែបង្កជម្លោះមិនស្វាង ក៏សម្រេចចិត្តប្តឹងសុំលែងលះ។

ករណីជម្លោះប្តីប្រពន្ធនេះ បានកើតមានឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៧និង០៩នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីស្ត្រីម្នាក់ មានលំនៅ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានរាយការណ៍ពីករណីជម្លោះក្នុងគ្រួសារ ដែលបានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ដោយសារបុរសជាប្តីរបស់គាត់ ចេះតែបង្កជម្លោះក្នុងគ្រួសារ ដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ទើបកើតមានរឿងរកាំរកូសមិនឈប់ រហូតដល់ស្ត្រីជាប្រពន្ធទ្រាំលែងបាន សម្រេចចិត្តសុំលែងលះ ដោយស្នើសុំឱ្យសមត្ថកិច្ចចុះមកជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅលោកសឿន សុផាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកឃ្លាង ចុះអន្តរាគមន៍ជាបន្ទាន់ ចៀសវាងកើតមានជាអំពើហិង្សាផ្សេងៗ។

បន្ទាប់មក នៅវេលាម៉ោង ៧និង២៥នាទីយប់ ថ្ងៃដដែលនោះ លោកនាយប៉ុស្តិ៍ បានដឹកនាំកម្លាំងចុះដល់ទីតាំងកើតហេតុ និងបានជួយធ្វើការសម្របសម្រួលភាគីប្តីប្រពន្ធទាំងសងខាងឱ្យត្រជាក់ចិត្ត រួចណែនាំឱ្យអ្នកទាំងពីរ ឡើងទៅសាលាសង្កាត់ ដើម្បីដោះស្រាយគ្នា រឿងបណ្តឹងលែងលះ នៅថ្ងៃស្អែក ខណៈដែលប្តីប្រពន្ធមួយគូនេះ មិនមានលិខិតអាពាហ៍ពិពាហ៍នោះទេ៕

RELATED ARTICLES