ភ្នំពេញ ៖ ឆ្លើយតបអ្នកស្រីដេត ម៉ាលីណា ជាអតីតភរិយា ដែលបានដង្ហោយរកយុត្តិធម៌ ដោយចោទលោកជាអតីតស្វាមី ថាបានបំបែកកូនពីម្តាយនិងបងប្អូនគេ ដោយយកកូនប្រុសច្បង និងកូនស្រីពៅ ទៅបាត់ ២០ថ្ងៃហើយ មិនយកត្រឡប់មកវិញនោះ លោកឌួង ឆាយ ករណីនេះ លោកទុកឲ្យតុលាការជាអ្នកសម្រេច ព្រោះលោកបានដាក់ពាក្យបណ្តឹងចូលតុលាការ ដើម្បីសុំផ្លាស់ប្តូរអំណាចមេបា (សុំសិទ្ធិចិញ្ចឹមកូន) ពីអតីតភរិយា រួចហើយ ដោយសារអតីតភរិយា (អ្នកស្រីដេត ម៉ាលីណា) មិនមានពេលវេលាគ្រប់គ្រាន់មើលថែកូន ហើយអតីតម្តាយក្មេករបស់លោក (ម្តាយបង្កើតអ្នកស្រីដេត ម៉ាលីណា) ឈ្មោះអេង សីម៉ា ហៅយាយផាន់ បានប្រើប្រាស់ហិង្សាមកលើកូនប្រុសច្បងរបស់លោក ជាច្រើនដង តាំងពីដើមឆ្នាំមក រហូតកូនប្រុសច្បង និងកូនស្រីពៅ សុំរស់នៅជាមួយលោកវិញ ។
លោកឌួង ឆាយ បានសរសេរបកស្រាយ ឆ្លើយតបទៅអតីតភរិយា តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ថា “ជាបឋម ខ្ញុំបាទសូមជម្រាបសួរ និងខ្ញុំបាទ សូមទោសពូមីង បងប្អូនទាំងអស់គ្នា ក្នុងការបង្ហោះឆ្លើយតបនាងដេត ម៉ាលីណា។ ខ្ញុំបាទព្យាយាមមិនបង្ហោះ មិនឆ្លើយតបនាងដេត ម៉ាលីណា ដើម្បីទុកឱ្យតុលាការ ជាអ្នកសម្រេច។ ប៉ុន្តែនាងបានបង្ហោះវាយប្រហារខ្ញុំ ក្នុងបណ្តាញសង្គម ៣ដងមកហើយ ទើបខ្ញុំសូមចិត្តពូមីងបងប្អូនទាំងអស់គ្នា ដើម្បីសូមធ្វើការបកស្រាយជូនដូចខាងក្រោម ៖
ម្តាយនាងដេត ម៉ាលីណា ឈ្មោះអេង សីម៉ា ហៅយាយផាន់ បានប្រើប្រាស់ហិង្សាមកលើកូនប្រុសច្បងខ្ញុំ ជាច្រើនដង តាំងពីដើមឆ្នាំ មក (មានភ័ស្តុតាង) រហូតកូនប្រុសច្បង និងកូនស្រីពៅខ្ញុំ សុំរស់នៅជាមួយខ្ញុំ ហើយខ្ញុំក៏បានដាក់ពាក្យបណ្តឹងចូលតុលាការ ដើម្បីសុំផ្លាស់ប្តូរអំណាចមេបា ហើយម្សិលមិញ ខ្ញុំនិងនាងដេត ម៉ាលីណា ក៏បានចូលតុលាការ ដើម្បីទាញហេតុផល ត្រៀមចាំតុលាការសម្រេចដែរ។ បើក្នុងនាមជាឪពុក ខ្ញុំមិនអាចឱ្យកូនប្រុសច្បង និងកូនស្រីពៅរស់នៅជាមួយ និងការពារពួកគាត់អំពីសំណាក់ម្តាយនាងដេត ម៉ាលីណា ឈ្មោះអេង សីម៉ា ដែលកូនៗខ្ញុំតែងតែហៅថា យាយផាន់ បាននោះទេ តើខ្ញុំរស់នៅមានន័យអ្វីទៀត? ជាពិសេស នាងដេត ម៉ាលីណា គ្មានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែ ផ្តល់ភាពកក់ក្តៅឱ្យកូនៗទាំងបីនាក់ ដោយដើរផឹកស៊ីយប់ព្រលប់ ដល់ម៉ោង ៣-៤យប់ ស្ទើរជារៀងរាល់ថ្ងៃ ដោយយោងហេតុផលថា កំដរភ្ញៀវ កំដរបងៗផឹកស៊ី។ បើមិនមានពេលវេលាគ្រប់គ្រាន់ គួរផ្តល់ឱ្យខ្ញុំបានមើលថែកូនៗជំនួសវិញម្តង។ អ៊ីចឹងសួរថា ឯណាទៅការយកចិត្តទុកដាក់ និងការព្រួយបារម្ភទៅកូនៗ ដែលអ្នកបានអះអាងថា ស្រឡាញ់កូនណាស់ ប៉ុន្តែពេលអនុវត្ត គឺខុសគ្នាទាំងស្រុង តើនេះជាការសម្តែងឬ? បើកូនមួយថ្ងៃៗ គឺនៅតែជាមួយម្តាយរបស់អ្នក និងមេដោះ ដែលអ្នកជួលមកមើលថែរក្សាកូនហ្នឹង តើខ្ញុំអាចមានទំនុកចិត្តឯណា ដើម្បីប្រគល់កូនទាំងបីនាក់ ជាទីស្រឡាញ់របស់ខ្ញុំ ទៅឱ្យអ្នកមើលថែរក្សាទៀត…”។
លោកឌួង ឆាយ បានបន្តរៀបរាប់ថា “ជាក់ស្តែង កូនប្រុសច្បងខ្ញុំ មានជំងឺប្រចាំកាយ តាំងពីអាយុ ៦ឆ្នាំមក ដោយទាមទារដាច់ខាតត្រូវការគ្រូពេទ្យជំនាញ បង្ហាត់ធ្វើចលនាកាយវិការគាត់ និងនាំគាត់ទៅពេទ្យពិនិត្យសុខភាព ជាទៀងទាត់។ ប៉ុន្តែរយៈពេលតាំងពីខ្ញុំប្រគល់សិទ្ធិអំណាចមេបា ឱ្យនាងដេត ម៉ាលីណា មក គឺនាងមិនដែលបានយកចិត្តទុកដាក់កូនប្រុសច្បង និងមិនបាននាំគេទៅពេទ្យពិនិត្យ ឱ្យបានទៀងទាត់តាមពេទ្យកំណត់នោះទេ ដែលបានឱ្យស្ថានភាពជំងឺ និងសុខភាពរបស់គាត់ ចុះខ្សោយ។ នាងដឹងច្បាស់ថា កូនប្រុសច្បង គឺមានជំងឺប្រចាំកាយ ដែលត្រូវមានការចាំបាច់ក្នុងការមើលថែរក្សាឱ្យមានភាពល្អប្រសើរ ដោយសារគាត់តម្រូវឱ្យមានការធ្វើលំហាត់ប្រាណដោយចលនា ជាប្រចាំថ្ងៃ ពីសំណាក់គ្រូពេទ្យដែលមានជំនាញច្បាស់លាស់ខាងផ្នែកបង្វឹកលើលំហាត់ប្រាណចលនាកុមារ ដើម្បីឱ្យសុខភាព និងសរីរាង្គកូនប្រុសច្បងខ្ញុំ បានល្អប្រសើរឡើងវិញ។ ប៉ុន្តែក្នុងអំឡុងពេលកូនស្ថិតនៅជាមួយនាង ដេត ម៉ាលីណា ជាអ្នកគ្រប់គ្រង គឺរយៈពេលជាង ២ឆ្នាំហើយដែលកូនប្រុសច្បង មិនបាន ទទួលការពិនិត្យនិងមើលថែរក្សាពីគ្រូពេទ្យជំនាញ នេះឬជាម្តាយដែលមានទំនួលខុសត្រូវចំពោះកូន ទាំងដែលខ្លួនបានដឹងហើយថា កូនឈឺ នៅតែមិនខ្វល់ពីជំងឺកូន គិតតែដើរលេងសប្បាយ។ ចំណុចមួយទៀត សួរថា តើអ្នកអាចយល់ដឹងច្បាស់លាស់អំពីស្ថានភាពជំងឺរបស់កូនដែរឬទេ? កាន់តែសំខាន់ ពេលនេះគឺស្ថានភាពកូវីដ បានប្រសើរ ខ្ញុំត្រូវនាំកូនប្រុសខ្ញុំទៅបន្តតាមដានសុខភាពនៅប្រទេសសិង្ហបុរី ជាកន្លែងព្យាបាលគាត់ ដែលខ្ញុំយល់ដឹងច្បាស់ពីស្ថានភាពសុខភាពគាត់ ការព្យាបាលគាត់ ចេះភាសាអង់គ្លេសផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ និងស្គាល់មានទំនាក់ទំនងជាមួយវេជ្ជបណ្ឌិតនៅសិង្ហបុរី ច្បាស់ថែមទៀតផង។ ចំណែកកូនប្រុសទី២ ខ្ញុំបានចុះឈ្មោះឱ្យរៀននៅសាលា Northbridge ដល់ពេលខ្ញុំប្រគល់អំណាចមេបាឱ្យ បែរជាយកកូនប្រុសទី២ខ្ញុំ ទៅរៀននៅសាលាធម្មតា ឆ្ងាយពីផ្ទះ ដែលជាសាលាមិត្តភក្តិរបស់នាងដេត ម៉ាលីណា ក្នុងគោលបំណងផ្តាច់មនោសញ្ចេតនាឪពុកកូនរបស់ខ្ញុំ។ ដោយខ្ញុំមិនអាចសួរនាំ ឬតាមដានការសិក្សារបស់កូនប្រុសទី២ខ្ញុំ។ សូម្បីតែខ្ញុំជាឪពុក ក៏គ្មានសិទ្ធិមកជួប ឬមកមើល តាមដានការសិក្សារបសកូនខ្ញុំនៅសាលាដែរ។ ដោយឡែក កូនស្រីពៅខ្ញុំ នៅតូច អាយុទើបតែ ២ខួបជាង ទាមទារជាចាំបាច់បំផុត នូវការមើលថែ យកចិត្តទុកដាក់ពីអ្នកដែលមានសិទ្ធិអំណាចមេបា។ ប៉ុន្តែកូនស្រីពៅខ្ញុំ មិនដែលទទួលបានអារម្មណ៍កក់ក្តៅ និងការរស់នៅហូបចុកមិនបានល្អ ធ្វើឱ្យគាត់មានសភាពស្គមជាងក្មេងៗដទៃដែលមានអាយុដូចគាត់»។
លោកឌួង ឆាយ បានបញ្ជាក់ជាចុងក្រោយថា “សូមពូមីង បងប្អូន ពិចារណាតាមការគួរ មិនមែននៅសុខៗខ្ញុំយកកូនមកមើលថែនោះទេ ហើយក៏មិនមានជារឿងងាយស្រួលក្នុងការមើលកូនៗ ដែលខ្ញុំត្រូវលះបង់ការងារ និងផ្ទេរតួនាទីភារកិច្ច ឱ្យប្អូនប្រុសខ្ញុំ និងក្រុមការងារ ដើម្បីចាត់ចែង ហើយរឿងនេះ គួរទុកនីតិវិធីផ្លូវច្បាប់ ជូនតុលាការជាអ្នកសម្រេច ប្រសើរជាងមកបង្ហោះដដែលៗនៅក្នុងបណ្តាញសង្គម និងដើម្បីទាក់ទាញចំណាប់អារម្មណ៍ ដើម្បីលក់ផលិតផល។ ទោះបីជាកន្លងមក នាងដេត ម៉ាលីណា មិនឱ្យខ្ញុំជួបកូនៗ ជាងកន្លះឆ្នាំ ក៏ខ្ញុំមិនដែលប្តឹងនាង។ ទោះបីជានាងបើកឡានបុកទ្រូងផ្លូវ មិនបានមើលថែកូនៗបានល្អ ក៏ខ្ញុំមិនប្តឹងទាមទារសិទ្ធិចិញ្ចឹមកូនដែរ។ ប៉ុន្តែលើកនេះ ហិង្សាលើកូនខ្ញុំ។ ខ្ញុំនឹងមិនធ្វើការឆ្លើយតបទៀតទេ ទុកឱ្យតុលាការជាអ្នកសម្រេច និងដំណើរនីតិវិធី…”។
គួរបញ្ជាក់ថា សំណេរបកស្រាយ ឆ្លើយតបរបស់លោកឌួង ឆាយ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីអតីតភរិយារបស់លោក គឺអ្នកស្រីដេត ម៉ាលីណា បានដង្ហោយរកយុត្តិធម៌ ដោយចោទលោកឌួង ឆាយ ជាអតីតស្វាមី ថាបានបំបែកកូនពីម្តាយនិងបងប្អូនគេ ដោយយកកូនប្រុសច្បង និងកូនស្រីពៅ ទៅបាត់ ២០ថ្ងៃហើយ មិនយកត្រឡប់មកឲ្យអ្នកស្រីវិញទេ ធ្វើឲ្យអ្នកស្រីជាម្តាយ និងកូនប្រុសទី២ យំនឹកកូននិងបងប្អូនរាល់ថ្ងៃ។
អ្នកស្រីដេត ម៉ាលីណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ថា «ខ្ញុំមិនយល់ អ្នកចង់ចងកម្មខ្ញុំនិងកូន ដល់ពេលណា? លែងលះគ្នាជិត ២ឆ្នាំហើយ ជីវិតខ្ញុំរាល់ថ្ងៃលំបាក ធ្វើការងាររកលុយចិញ្ចឹមកូនតែម្នាក់ឯង ទាំងបីនាក់ ប៉ុណ្ណឹងហើយ នៅមិនគ្រប់គ្រាន់ទៀត ឥឡូវមកបំបែកកូនចេញពីខ្ញុំទៀត។ រយ:ពេលកន្លះខែជាងហើយដែលខ្ញុំពិបាកចិត្តនិងនឹកកូននាងខ្ញុំទាំងពីរនាក់ណាស់ ខ្ញុំខំសំដែងធ្វើរឹងមាំធម្មតា ឡាយលក់ធម្មតា អ្នកធ្វើជាម្ដាយគេ ទើបយល់អារម្មណ៍នេះថា វាឈឺចាប់ប៉ុនណា? សូម្បីតែសំឡេងក៏មិនដឹងនិយាយជាមួយកូនតាមណា កុំថាជួបមុខកូន ខ្ញុំទ្រាំមិនបានទេ កូនខ្ញុំគេត្រូវការរស់នៅក្បែរបងប្អូនរបស់ពួកគេ មិនធ្លាប់នៅបែកគ្នាយូរទេ។ នេះជាវីដេអូកាមេរ៉ាសុវត្ថិភាពនៅផ្ទះពេល កូនឌុបប៉ីមកពីរៀនវិញ បាត់ប្អូនស្រីនិងបងប្រុស ក៏ឆាតទៅអង្វរប៉ារបស់គេ ឲ្យយកបងប្អូនគេមកផ្ទះវិញ ហើយមួយវិញទៀត មូលហេតុអីបានជាអ្នកកុហកកូន ហើយសន្យាថា នឹងឲ្យភឺល ត្រលប់មកវិញ នៅពេលដែលគាត់ត្រលប់មកពីសាលាវិញ បែរជាមិនឃើញប្អូន ហេតុអីមកបំផ្លាញការសន្យារបស់កូន អ្នកមានទំនួលខុសត្រូវជាឪពុកទេ? មិនមែនយកកូនទៅថតរូបផុសតិចតួចសោះថា មើលកូនល្អ ចុះម្ដាយបង្កើតកូន និងយាយមើលអស់រយ:ពេល ១៣ឆ្នាំហើយ តាំងពីកើតមក រហូតដល់ឥឡូវ មើលក្នុង ១ថ្ងៃ ២៤ម៉ោង គ្មានអ្នកណាគេថតផុសទេ និងថតរហូតឡើយ អត់ចេះសំដែង។ ឌុបប៉ី គាត់ប្រើពាក្យអង្វរ ផ្ញើសារទៅកាន់ប៉ាថា«ប៉ា ពេលណាយកភឺល មកផ្ទះវិញ? កូនអផ្សុកណាស់ ចេញពីរៀនហត់ណាស់ហើយ អត់មានបងប្អូននៅជិត។ ហេតុអីប៉ាកុហកខ្ញុំ អត់យកបងប្អូនខ្ញុំមកផ្ទះវិញ យូរថ្ងៃណាស់ហើយ? ស្រែកយំ… ប៉ាកុហក អត់ឲ្យភឺល មកផ្ទះវិញ ខ្ញុំពិបាកចិត្តហា»។
ចម្លើយឪពុកដ៏ល្អរបស់កូនវិញគឺ : មិនឲ្យបងប្អូនគេមកផ្ទះវិញ ជួបគ្នាដូចធម្មតាទេ។ អាចមេលលវីដេអូកាមេរ៉ា ថ្ងៃ 04.07.2022 នៅផ្ទះបាន ពិតជាអាណិតកូនប្រុសខ្ញុំណាស់ ប៉ះពាល់សតិអារម្មណ៍ម៉េចទេ?»។
អ្នកស្រី ដេត ម៉ាលីណា សរសេរបន្តថា «ការកំណត់តាមតុលាការ បានបែងចែកហើយ ហេតុអ្វីអ្នកនៅតែបំពាន ម៉េចមិនដែលគិតពីអារម្មណ៍កូនដែលគ្នាមិនដឹងអី? អ្នកចង់ឈ្នះអីទៀត បើគ្រប់យ៉ាងអ្នកឈ្នះអស់ហើយ? ហេតុអីអ្នកចង់ធ្វើអីបានស្រេចចិត្តអ្នកឯង អាងលើអំណាចទឹកលុយមែន? ហេតុអីមិនខ្លាចច្បាប់សោះវ៉ាំខ្ញុំ បណ្តឹងខ្ញុំនិងកូនហិង្សា ខ្ញុំមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ ឬមួយដោយសារអ៊ីចឹងមែន បានអ្នកឯងមិនខ្លាចច្បាប់ មកបំពានលើខ្ញុំនិងកូន ម្តងហើយម្តងទៀត? ឥឡូវមកបំបែកកូនពីខ្ញុំទៀត ចង់បានកូន ឬចង់បានទ្រព្យដែលបានបែងចែកឲ្យ ផ្ទះទុកឲ្យកូន ឲ្យពិតប្រាកដ? ផ្ញើសារមកខ្ញុំ និយាយតែរឿងទ្រព្យ ផ្ទះទុកឲ្យកូនៗ ហើយម្តាយអ្នក ក៏បានប្ដឹងទ្រព្យផ្ទះទុកឲ្យកូនកំពុងរស់នៅទៀត ចង់ឲ្យខ្ញុំនិងកូន ទៅនៅណា? ហេតុអីពង្រាត់កូនចេញពីខ្ញុំ ព្រោះអ្នកដឹងថាចំណុចខ្សោយខ្ញុំ នៅត្រង់កូន ខ្ញុំសុខចិត្តបាត់បង់អ្វីៗគ្រប់យ៉ាង តែខ្ញុំមិនអាចបាត់បង់កូនបានទេ បើអ្នកជាឪពុកល្អ ហេតុអ្វីមិនដែលបំពេញភារកិច្ចផ្តល់អាហារកិច្ចឲ្យកូន អស់រយ:មួយឆ្នាំជាងហើយ ឲ្យបាន 3000$ បានតែបីខែ ខ្ញុំមិនដែលឃើញឪពុកណាសុខចិត្តបំផ្លាញក្តីសុខកូន ទាំងដែលកូនទ្រហោយំថា គេចង់ជួបជុំបងប្អូនគេវិញ ក៏មិនបំពេញក្តីសុខឲ្យកូនទៀត។ អ្នកក៏មានអនាគតប្រពន្ធថ្មី ខ្ញុំមិនដែលទៅខ្វល់ខ្វាយរឿងអ្នកទេ តើអ្នកធ្វើបាប បំបែកខ្ញុំនិងកូនប៉ុន្មានដងទៀត បានអស់ចិត្ត? ហើយម៉េចមិនខ្លាចច្បាប់ និងអាណិតកូនត្រូវការម្ដាយ មិនខ្លាចច្បាប់ មិនរាងទៀត នៅតែបន្តកម្មពៀរដាក់គេរហូតអ៊ីចឹង? ខ្ញុំសូមបញ្ជាក់ថា ការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះ អស់រយ:ពេល ១៩ថ្ងៃ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយ នាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រព័ន្ធផ្លូវច្បាប់និងជួយរកយុត្តិធម៌ឲ្យខ្ញុំ ឲ្យបានឆាប់ៗ មិនគួរបណ្តោយឲ្យក្មេងទៅរស់នៅជាមួយមនុស្សដែរធ្លាប់ប្រើអំពើហិង្សាមកលើកូននិងប្រពន្ធអ៊ីចឹងទេ ហើយផ្ដាច់ទំនាក់ទំនងម្ដាយនិងកូន ឥឡូវនេះគាត់មិនបានឲ្យកូនប្រុសច្បងខ្ញុំដែលមានជំងឺមិនប្រក្រតី និងកូនស្រីពៅ ត្រឹមតែ ៣ឆ្នាំ ឲ្យត្រលប់មកឲ្យខ្ញុំវិញទេ ខ្ញុំពិតជាពិបាកចិត្តខ្លាំងណាស់ នៅពេលដែលបានស្តាប់សារសំឡេងរបស់កូនប្រុសទីពីររបស់ខ្ញុំ អាយុ ៩ឆ្នាំ ម៉ាក់ពិតជាសុំទោសកូនគ្រប់គ្នាខ្លាំងណាស់ ដែលម៉ាក់គ្មានសមត្ថភាពថែរក្សាកូនៗឲ្យរស់នៅជួបជុំបងប្អូន ដូចកូនគេដទៃ តែម៉ាក់នៅតែជឿទៅលើផ្លូវច្បាប់ ដែលអាចជួយជីវិតពួកយើង ឲ្យមានសេរីភាពដូចគេ ដោយមិនរស់ក្រោមការគំរាមកំហែងរបស់គេទៀត។ យុត្តិធម៌ពិតជាមានសុម្រាប់មនុស្សស្រីទន់ខ្សោយដូចជាខ្ញុំ»។
អតីតភរិយាលោកឌួង ឆាយ សរសេរបន្តទៀតថា «អ៊ីចឹងបានជាមនុស្សស្រីជាច្រើន មិនហ៊ានរឹងមាំលែងលះ ពេលមានកូនជាមួយគ្នាហើយ ព្រោះការលែងលះ គឺតែងតែយកកូនធ្វើលេសនិងបំបែកកូនពីម្ដាយ និងជាមូលហេតុម្ដាយមួយចំនួនមានប្ដីអាក្រក់ ឬមិនល្អ ឬប្រើអំពើហិង្សាជាច្រើនលើកជាច្រើនសា និងទោះរងការលំបាក សម្ពាធផ្លូវចិត្ត អស់រយ:ពេលរាប់ឆ្នាំ ក៏មិនហ៊ានរឹងមាំលែងលះ ដកខ្លួនចេញពីមនុស្សប្រុសនោះដែរ ដោយសារខ្លាចបាត់បង់កូន អាណិតកូន។ ខ្ញុំពីមុនក៏មានអារម្មណ៍ខ្លាចអ៊ីចឹងដែរ តែឥឡូវខ្ញុំរឹងមាំ ដើម្បីខ្លួនខ្ញុំនិងកូន ហើយខ្ញុំជឿជាក់ថា ច្បាប់នឹងការពារម្ដាយនិងកូន ឲ្យខ្ញុំបានជួបកូនខ្ញុំវិញឆាប់នេះ តាមដីកាសម្រេចតុលាការ ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ គឺកូនត្រូវនៅជាមួយម្តាយ ហើយសម្រាប់ឪពុក គឺថ្ងៃសៅរ៍ និងអាទិត្យ។ កូនត្រូវការម្ដាយនិងឪពុក ប៉ុន្តែធ្វើជាឪពុកគេ គ្មានសិទ្ធិមកកាត់ផ្ដាច់ទំនាក់ទំនងខ្ញុំនិងកូនបែបនេះ ទោះខ្ញុំជាម្ដាយអ្នកក្រ មិនមានលុយច្រើនរាប់លានដូចអ្នក ឬជាម្ដាយបែបណា ក៏កូនខ្ញុំនៅតែជាកូនរបស់ខ្ញុំដែរ ហើយសង្ឃឹមខ្ញុំទទួលបានយុត្តិធម៌ឆាប់ៗ ព្រោះខ្ញុំមិនដឹងធ្វើម៉េចបានកូនខ្ញុំមកផ្ទះវិញបានវិញភ្លាមៗនោះទេ។ អារម្មណ៍ម្ដាយបែកកូនពីរនាក់ អស់រយ:ពេល ១៩ថ្ងៃ យូរណាស់ ពិបាកចិត្តណាស់ និងមិនដឹងពេលណាបានជួបកូនវិញ»៕ ដារិទ្ធ