ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយនគរបាលខណ្ឌច្បារអំពៅ បានចុះធ្វើការបង្ក្រាបទីតាំងចែកចាយបារីអេឡិចត្រូនិក និងទឹកបារីអេឡិចត្រូនិក មួយកន្លែង ដោយឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួន២នាក់។
ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៩៧ ផ្លូវM02 ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ចបានឱ្យដឹងថា ជុំវិញការចុះបង្ក្រាបនេះ សមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១-ឈ្មោះចេង យី ភេទស្រី និងទី២ឈ្មោះខាត់ សារិទ្ធ ភេទប្រុស រួមទាំងដកហូតវត្ថុតាង រួមមាន បារីអេឡិចត្រូនិក ចំនួន៩០កេស។ ទឹកបារីអេឡិចត្រូនិក ចំនួន ១៣៨កេស។ ម៉ូតូចំនួន ២គ្រឿង ក្នុងនោះ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HT-9634 និង ១គ្រឿងទៀត ម៉ាកស្កុបពីអាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-6738។
ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌច្បារអំពៅ ប្រគល់ឱ្យខាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធី៕