កោះកុង ៖ ស្ត្រីម្នាក់ មិនដឹងមានវិបត្តិអ្វីធ្ងន់ ដោះស្រាយមិនចេញ ស្រាប់តែបានចងកសម្លាប់ខ្លួន មិនដឹងស្លាប់តាំងពីថ្មើរណា លុះបុរសជាប្តី ងើបពីដេក នាពេលទៀបភ្លឺ ដើម្បីដាំទឹកក្តៅឲ្យប្រពន្ធងូតទឹក ស្រាប់តែឃើញប្រពន្ធចងកស្លាប់ បាត់ទៅហើយ។
ស្ត្រីដែលចងកសម្លាប់ខ្លួននោះ ឈ្មោះ គក ភៀវ ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោកអនុភូមិសារ៉ាយ ឈ្មោះ មាស សុខ បានរាយការណ៍ប្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយស្វាយ ថាមានករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួន ស្ថិតនៅក្នុងភូមិសារ៉ាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ ពេលទៀបភ្លឺ បុរសជាប្ដីរបស់ស្ត្រីរងគ្រោះ បានក្រោកពីដេក ដាំទឹកក្ដៅឲ្យប្រពន្ធ ស្រាប់តែបាត់ប្រពន្ធ ឃើញតែស្បែកជើងនៅជាប់ជណ្ដើរមុខផ្ទះ ក៏ឡើងទៅលើផ្ទះ ស្រាប់តែឃើញប្រពន្ធចងកស្លាប់ មិនដឹងតាំងពីពេលណាមក ក៏ស្រែកហៅសាច់ញាតិមកជួយ ។
ក្រោយកើតហេតុ ផ្នែកជំនាញ បានសហការជាមួយគ្រូពេទ្យ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីក្រៅពីស្នាមរឹតកជុំវិញឡើយ ។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាចងក ធ្វើអត្តឃាត ប្រាកដមែន ពុំមែនជាករណីអំពើឃាតកម្មឡើយ និងបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមព្រពៃណី ៕