ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានបាត់បង់ជីវិត ដោយលង់ទឹកស្រះ ខណៈពេលហែលទៅយកស្បែកជើង របស់គាត់ដែលអណ្តែតក្នុងស្រះ កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចស្រះធំ ខាងជើងភូមិវត្តចាស់ ចម្ងាយប្រហែល ៥០០ម៉ែត្រ ភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោកអធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃិត ស្រឹម ភេទប្រុសអាយុ ៥៩ឆ្នាំ រស់នៅភូមិវត្តចាស់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមការបំភ្លឺពីឈ្មោះ មី សោន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិជាមួយគ្នា បានរៀបរាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោង ០៥និង៣០នាទី ពេលគាត់និងជនរងគ្រោះ ត្រឡប់មកពីចម្ការវិញ បាននាំគ្នាចុះងូតទឹកស្រះ ពេលនោះស្បែកជើងរបស់ជនរងគ្រោះ បានអណ្ដែតចូលទៅក្នុងទឹកស្រះ ហើយជនរងគ្រោះ បានហែលទៅយកស្បែកជើងនោះមកវិញ ពេលយកបាន ហែលត្រឡប់មកវិញ ស្រាប់តែលង់ទឹក លិចទៅក្នុងទឹកស្រះ ពេលនោះគាត់មិនហ៊ានចុះទៅជួយទេ ក៏រត់មកហៅអ្នកភូមិ ឲ្យទៅជួយ រហូតដល់ម៉ោង ៦និង១៣នាទីយប់ ថ្ងៃដដែល ទើបរាវរកជនរងគ្រោះឃើញ ហើយបានបញ្ជូនទៅសង្រ្គោះដែរ តែជនរងគ្រោះបានស្លាប់ទៅហើយ។
ក្រោយពីបានទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បង្កើតគណៈកម្មការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើករណីឃាតកម្មទេ។ តាមការសន្និដ្ឋានរបស់គ្រូពេទ្យ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏បានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕