ខេត្តត្បូងឃ្មុំ ៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានលង់ទឹកស្លាប់ក្នុងទន្លេសិប្បនិម្មិត ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខណៈជនរងគ្រោះ និងមិត្តភក្តិជាច្រើននាក់ទៀត បាននាំគ្នាចុះលេងទឹកក្នុងទន្លេនោះ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។
ក្មេងស្រីរងគ្រោះ ដែលង់ទឹកស្លាប់ ឈ្មោះ ជឿន ជាភីញ មានលំនៅ ភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
តាមការបំភ្លឺរបស់មិត្តភក្តិ ដែលចុះលេងទឹកជាមួយជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ពួកគេច្រើននាក់ បាននាំគ្នាចុះងូតទឹកលេង ចៃដន្យមិត្តភក្តិដែលលេងនៅខ្សែទឹក ខាងលើ បានជ្រុះឃ្នាបគាបសក់ បានប៉ើងអណ្ដែតហូរ មក ក្រោម លុះក្មេងស្រីរងគ្រោះឃើញ ក៏ឈោងដៃចាប់ឃ្នាបនោះ ក៏បានរអិលជើងធ្លាក់ក្នុងអន្លង់ទឹកជ្រៅ លង់លិចបាត់ តែម្តង។
ប្រភពដដែល បានបន្តថា ក្រោយមក មិត្តភក្តិបានទៅរាយការណ៍ប្រាប់មន្រ្តីនគរបាលប៉ុស្តិ៍ ហើយមន្រ្តីនគរបាល បានចុះមុជរាវរក ក៏បានប្រទះឃើញសពក្មេងស្រីរងគ្រោះ បានបាត់បង់ជីវិតទៅហើយ។
ក្រោយពីការធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយក៏បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕