ខេត្តក្រចេះ : ជនសង្ស័យម្នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ ចេញដីកាសម្រេចឃុំខ្លួននៅពន្ធនាគារ ជាបណ្ដោះអាសន្ន ពីបទឆបោកលុយពលរដ្ឋ ជិត ៣០០លានរៀល។
លោក គុយ ពិទូ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តក្រចេះ បានសម្រេចចេញដីកាឃុំខ្លួន ជនសង្ស័យ ឈ្មោះ សៅ ផល្លា ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន។
ជនសង្ស័យឈ្មោះ សៅ ផល្លា ភេទប្រុស អាយុ ៤៣ឆ្នាំ ជាបុគ្គលិកអង្គការអភិវឌ្ឍន៍សហគមន៍ កម្ពុជា រងការចោទប្រកាន់ថា ឆបោកពលរដ្ឋប្រមាណជិត ៣០០លានរៀល។ ការសម្រេចឃុំ ខ្លួនបុគ្គលិកអង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា នេះ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់ប្រជា ពលរដ្ឋ នៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ ប្រមាណជាង ១០០គ្រួសារ ធ្វើការតវ៉ា និងនាំខ្លួនជនសង្ស័យឈ្មោះ សៅ ផល្លា ប្រគល់ឱ្យប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រង់។
ប្រជាពលរដ្ឋ បានចោទប្រកាន់ឈ្មោះ សៅ ផល្លា ថាស៊ីដាច់លុយប្រជាពលរដ្ឋក្នុងសហគមន៍ ជិត ៣០០លានរៀល។ ករណីនេះ បានកើតឡើង កាលពីមុនថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រជាពលរដ្ឋប្រមាណ ១៤២គ្រួសារ បានអះអាងថា ពួកគាត់បានចាញ់បោកលុយខាងអង្គការអភិវឌ្ឍន៍សហគមន៍កម្ពុជា មានទីតាំងស្ថិតនៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ប្រជាពលរដ្ឋ បានជួបឈ្មោះ សៅ ផល្លា ដែលជាបុគ្គលិកអង្គការសហគមន៍កម្ពុជា ក៏បាននាំគ្នាឃាត់ខ្លួន និងនាំខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលឃុំចង្ក្រង់ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សៅ ផល្លា បាននិយាយថា លុយដែលប្រមូលបានពីប្រជាពលរដ្ឋ គឺនៅលើលោក អ៊ុ សុគន្ធ ជាប្រធានអង្គការអភិវឌ្ឍន៍កម្ពុជា មានទីតាំងនៅ ភូមិឫស្សី២ សង្កាត់អូរឫស្សី ក្រុងក្រចេះ ជាអ្នកកាន់។ ប៉ុន្តែប្រធានអង្គការនេះ បានគេចខ្លួន បាត់ទៅហើយ៕