Tuesday, November 26, 2024
Homeព័ត៌មានជាតិកូនស្រីរៀបការរួច សុំទៅនៅជាមួយប្តី ឪវ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកដូចកង្កែប

កូនស្រីរៀបការរួច សុំទៅនៅជាមួយប្តី ឪវ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកដូចកង្កែប

ខេត្តព្រះវិហារ ៖ បុរសម្នាក់ ខឹងកូនស្រីរៀបការរួច សុំទៅរស់នៅជាមួយប្តី នៅស្រុកខាងប្តី ឃាត់មិនស្តាប់ ស្រាប់តែបានបង្កអំពើហិង្សា វ៉ៃបោចសក់ ទាត់ធាក់ ចាប់បោកកូនស្រីដូចកង្កែប ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

ជនសង្ស័យដែលបង្កហិង្សាលើកូនស្រី និងត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ឈ្មោះ សន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខត្តព្រះវិហារ ។ ចំណែកកូនស្រីរងគ្រោះ ឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ ។

តាមប្រភពសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា ១១៧ បានទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយ:តេលេក្រាម ស្តីពីករណីហិង្សាក្នុងគ្រួសារ បង្កឡើងដោយជនសង្ស័យឈ្មោះ សន សំណាង បានប្រើអំពើហិង្សាលើកូនស្រីឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ នៅចំណុចភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ តែបច្ចុប្បន្នអ្នកទាំងពីរ រស់នៅក្នុងភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ នៅវេលាម៉ោង ១២និង២០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២២ សមត្ថកិច្ច ១១៧ លោកវរសេនីយ៍ទោ ផាន់ វាសនា បានបញ្ជូនព័ត៌មានទៅលោកជួន មឿន អធិការនគរបាលស្រុកសង្គមថ្មី ដើម្បីចុះអន្តរាគមន៍ជាបន្ទាន់។ ជាលទ្ធផល នៅវេលាម៉ោង ១២និង៣៥នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចអធិការដ្ឋានស្រុកសង្គមថ្មី ដឹកនាំដោយលោកសោម សៀក អធិការរង បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរអាង បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យជាឪពុកដែលប្រើហិង្សលើកូនស្រី មកកាន់អធិការដ្ឋាននគរបាលស្រុកសង្គមថ្មី ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីហិង្សា ដែលបុរសជាឪពុក វាយដំទាត់ធាក់និងចាប់បោកកូនស្រីដូចកង្កែបនេះ មូលហេតុដោយសារបុរសជាឪពុក ខឹងកូនស្រីដែលរៀបការរួចហើយនោះ សុំទៅរស់នៅជាមួយប្តី នៅស្រុកកំណើតខាងប្តី តែបុសជាឪពុកនោះ មិនព្រមឲ្យទៅដាច់ខាត ដោយចាប់បង្ខំឲ្យកូនស្រីនិងប្តី ត្រូវរស់នៅជាមួយខ្លួនដដែល លុះកូនស្រីនៅតែទទូចទាមទារទៅនៅខាងប្តី ក៏ធ្វើឲ្យជនសង្ស័យជាឪពុក ផ្ទុះកំហឹង ក៏ប្រើហិង្សាលើកូនស្រីតែម្តង។

ដោយឡែក តាមប្រភពអ្នកភូមិជិតខាង បានឲ្យដឹងថា ជនសង្ស័យដែលប្រើហិង្សាលើកូនស្រីនោះ មិនមែនជាឪពុកបង្កើតទេ គឺត្រូវជាពូបង្កើត ឬជាឪពុកចិញ្ចឹម ព្រោះជនសង្ស័យ បានយកយុវតីរងគ្រោះ មកចិញ្ចឹមតាំងពីតូចមក ស្រឡាញ់ទុកដូចជាកូនបង្កើត តែក្រោយពេលកូនស្រីចិញ្ចឹមនេះ រៀបការរួច បែរជានៅតែហួងហែង មិនឲ្យកូនស្រីនេះបែកផ្ទះ ទៅរស់នៅជាមួយប្តី​ រហូតឈានដល់ការប្រើអំពើហិង្សា វ៉ៃបោចសក់ ទាត់ធាក់ និងចាប់បោកដូចកង្កែប បាត់អស់ព្រហ្មវិហារធម៌ រហូតត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕ 

RELATED ARTICLES