Tuesday, November 26, 2024
Homeព័ត៌មានជាតិបងយកកាំភ្លើងឪលេង បាញ់ធ្លាយសួតប្អូនប្រុស

បងយកកាំភ្លើងឪលេង បាញ់ធ្លាយសួតប្អូនប្រុស

ខេត្តសៀមរាប : ក្មេង ៤នាក់បងប្អូន បានយកកាំភ្លើងខ្យលរបស់ឪពុក ដែលទុកក្រោមគ្រែមកលេង ស្រាប់តែបាញ់ធ្លាយសួតប្អូនប្រុស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

តាមប្រភពអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានតាមរយ:ទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យគន្ធបុប្ផា ថាមានករណីក្មេងប្រុសម្នាក់ អាយុ ៤ឆ្នាំ បានរងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ បណ្ដាលឲ្យគ្រាប់ចូលក្នុងសួត នៅភូមិដំរីកូន ស្រុកសូទ្រនិគម ខេត្តសៀមរាប យោងតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពពេល សហការជាមួយកម្លាំងប្រជាការពារ ចុះទៅស្រាវជ្រាវនៅទីតាំងកើតហេតុ។

តាមការរៀបរាប់របស់ឈ្មោះ សន ភិរុណ អាយុ ៣០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅចំណុចផ្ទះចម្ការ ក្នុងភូមិត្រពាំងផុង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប គាត់បានទុកកាំភ្លើងខ្យល់ សម្រាប់បាញ់សត្វនៅចម្ការ ហើយកាំភ្លើងខ្យល់នោះ អស់ហ្គាស់ ប៉ុន្មានថ្ងៃមកហើយ ដូច្នេះខ្លួនក៏ទុកចោលនៅក្រោមគ្រែ ។ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ខ្លួនមានធុរ:មកផ្សារដំដែក ក៏ទុកកូន ០៤នាក់ នៅផ្ទះ (អាយុ៤ឆ្នាំ, ៦ឆ្នាំ, ៨ឆ្នាំ, និង១០ឆ្នាំ) ដល់ម៉ោង ៨និង៣០នាទីព្រឹក មានបងប្អូនទូរស័ព្ទប្រាប់ថា កូនៗបានយកកាំភ្លើងលេង បាញ់ត្រូវកូនប្រុសពៅ ។ ក្រោយទទួលដំណឹង ខ្លួនក៏ប្រញាប់មកផ្ទះវិញ ដឹងថាកូនៗពិតជាបានយកកាំភ្លើងខ្យល់នោះលេង ហើយកូនប្រុសច្បង ឈ្មោះ ភិរុណ ដារ៉ា អាយុ១០ឆ្នាំ ជាអ្នកបាញ់ត្រូវប្អូនប្រុសពៅ អាយុ៤ឆ្នាំ ។ ភ្លាមៗនោះ ខ្លួននិងក្រុមគ្រួសារ បានបញ្ជូនកូន ទៅមន្ទីរពេទ្យគន្ធបុប្ផា ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ចណាឡើយ ហើយក៏បានយកកាំភ្លើងខ្យល់កែច្នៃនោះ ទៅដុតបំផ្លាញចោល នៅគំនរសំរាមក្បែរផ្ទះតែម្ដង ។

សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ តែក្រុមគ្រួសាររងគ្រោះ មិនបាននៅទីនោះទេ ដោយជាប់មើលថែកូនរងរបួសនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយឈ្មោះ សន ភិរុណ ត្រូវជាឪពុកក្មេងជនរងគ្រោះ បានអះអាងថា នឹងមកជួបសមត្ថកិច្ច ធ្វើតាមនីតិវិធី បន្ទាប់ពីកូនចេញពីមន្ទីរពេទ្យ ។

ក្រោយពីមានការធានាពីសាច់ញាតិ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមានការឯកភាពពីលោកស្នងការ ទើបសមត្ថកិច្ចបានសម្រេចធ្វើការអប់រំ និងធ្វើកិច្ចសន្យា មុននឹងអនុញ្ញាតឲ្យឪពុកក្មេងរងគ្រោះ ត្រឡប់ទៅគេហដ្ឋានវិញ ៕

RELATED ARTICLES