Tuesday, November 26, 2024
Homeព័ត៌មានជាតិដាក់កាមេរ៉ាសុវត្ថិភាព បែរចូលផ្ទះគេ ម្ចាស់ផ្ទះវ៉ៃទម្លាក់

ដាក់កាមេរ៉ាសុវត្ថិភាព បែរចូលផ្ទះគេ ម្ចាស់ផ្ទះវ៉ៃទម្លាក់

ភ្នំពេញ ៖ ក្រុមគ្រួសារចំនួន២ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ពីរឿងដាក់កាមេរ៉ាសុវត្ថិភាព ដោយម្ចាស់ផ្ទះម្ខាង បានដាក់កាមេរ៉ា បាញ់ទៅផ្ទះម្ខាងទៀត ជាហេតុធ្វើឱ្យភាគីម្ខាងទៀត កើតទុក្ខមិនសុខចិត្ត ក៏បានវាយទម្លាក់កាមេរ៉ាសុវត្ថិភាពនោះ បង្កឱ្យមានជម្លោះផ្អើលដល់ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចុះអន្តរាគមន៍។

ករណីខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ចំណុចផ្ទះយីហោ ហ្គ្រីនហ្គ្រីន ថយន៍ ខេមបូឌា លក់បោះដុំនិងរាយ តុក្កតាគ្រប់ប្រភេទ ផ្លូវ២៧១ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

តាមប្រភពពីភាគីម្ចាស់ផ្ទះលក់បោះដុំតុក្កតា បានឱ្យដឹងថា រូបគាត់បានដាក់កាមេរ៉ាសុវត្ថិភាពនេះពិតមែន ដើម្បីការពារទ្រព្យសម្បត្តិរបស់គាត់តែប៉ុណ្ណោះ ហើយនៅយប់ថ្ងៃកើតហេតុ ស្រាប់តែភាគីផ្ទះដែលនៅជាប់គ្នា ហើយអត់ដាក់កាមេរ៉ាសុវត្ថិភាពនោះ បាននាំគ្នាផឹកស៊ី រួចវាយទម្លាក់កាមេរ៉ាសុវត្ថិភាពរបស់គាត់តែម្តង ហើយចំពោះការដាក់នេះ ក៏គាត់បានសុំពីម្ចាស់ផ្ទះនោះផងដែរ។

ដោយឡែកភាគីផ្ទះអ្នកជិតខាង ដែលអត់មានកាមេរ៉ាសុវត្ថិភាព បានឱ្យដឹងថា ផ្ទះលក់តុក្កតា បានដាក់កាមេរ៉ាសុវត្ថិភាព ហៀរចូលមកព្រំដីរបស់គាត់ ដោយលើកទី១ បានដាក់លើសំយាបផ្ទះ ម្តងហើយ តែគាត់ប្រាប់ឱ្យរើចេញ លុះមកដល់លើកទីពីរនេះ ស្រាប់តែផ្ទះតុក្កតានោះ បានដាក់កាមេរ៉ាសុវត្ថិភាព ហៀរចេញមកចូលដីរបស់គាត់ម្តងទៀត ហើយមិនដឹងមានគោលបំណងអីនោះទេ ចង់ការពារសុវត្ថិភាពខ្លួនឯង បែរជាដាក់កាមេរ៉ាសុវត្ថិភាពបែរមកផ្ទះរបស់គាត់ទៅវិញ ទើបថ្ងៃនេះ ពួកគាត់បានជួបជុំគ្នាផឹកស៊ីបន្តិចបន្តួច ក៏ប៉ះពាល់កាំមេរ៉ាសុវត្ថិភាពនោះ បណ្តាលឱ្យធ្លាក់ក្បាលចុះបន្តិចតែម្តងទៅ។

ក្នុងហេតុការណ៍ខាងលើនេះដែរ មានកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចុះមកកន្លែងកើតហេតុ និងបានណែនាំឱ្យភាគីម្ចាស់ផ្ទះដែលប្រើហិង្សាវាយបំផ្លាញកាមេរ៉ាសុវត្ថិភាពរបស់គេ ស្រាប់តែភាគីនោះមិនស្តាប់ ថែមទាំងបង្កជាជម្លោះពាក្យសម្តី រហូតទាល់តែផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានតែម្តង។

ក្រោយពេលកើតហេតុ មានតំណាងមេធាវីខាងម្ចាស់ផ្ទះលក់តុក្កតា ដែលដាក់កាមេរ៉ាសុវត្ថិភាព ហៀរចូលព្រំដីផ្ទះរបស់គេ បានមកដល់ ហើយក៏បានឱ្យដោះយកកាមេរ៉ាសុវត្ថិភាពចេញ បន្ទាប់មកក៏បំបែកផ្លូវគ្នារៀងៗខ្លួន ដោយមិនដឹងថា មានការប្តឹងផ្តល់គ្នាបន្តឬក៏អត់នោះទេ៕

RELATED ARTICLES