ភ្នំពេញ ៖ បុរសជាជាងពិតានម្នាក់ កំពុងជិះម៉ូតូសណ្តោងរ៉ឺម៉កសុខៗ ស្រាប់តែលេចមុខជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីក្នុងហោប៉ៅអាវ បានសម្រេច រួចព្យាយាមរត់គេចខ្លួនដែរ តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់ក្របួចជាប់ទាំង២នាក់ នាំយកមកចាត់ការ តាមច្បាប់។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ លុះក្រោយមក នៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចបានតាមចាប់ខ្លួនជនសង្ស័យ ទាំង២នាក់បាន នៅចំណុចមុខផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះភិន ភក្តី ហៅតូច ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី២-ឈ្មោះសន ភ័ស្ស ហៅហុក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក។ រីឯវត្ថុតាងចាប់យក រួមមាន ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ម៉ាកហុងដា ស្កុបពី ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1IV-9667។ និងទូរស័ព្ទដៃម៉ាក Realme ពណ៌ផ្ទៃមេឃ ស៊ីមកាត លេខ ០១២ ៥២២ ៨១៨ ចំនួន ១គ្រឿង (ជារបស់ជនរងគ្រោះ)។ ចំណែកជនរងគ្រោះ មានឈ្មោះស៊ន ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងពិតាន មានលំនៅ ផ្ទះលេខ៩ ផ្លូវលេខ២០២ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
តាមប្រភពពីសមត្ថកិច្ច បានដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១១និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) មួយបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ចំនួន១គ្រឿង ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ នៅពេលជនសង្ស័យជិះម៉ូតូ មកដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះ កំពុងបើកម៉ូតូសណ្តោងរ៉ឺម៉ក ហើយដាក់ទូរស័ព្ទដៃម៉ាក Realme នៅក្នុងហោប៉ៅអាវខាងឆ្វេង ជនសង្ស័យឈ្មោះ ភិន ភក្តី ហៅតូច បើកម៉ូតូចូលទៅជិតជនរងគ្រោះ ហើយឈ្មោះសន ភ័ស្ស ហៅហុក ដែលអង្គុយខាងក្រោយ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ពីហោប៉ៅអាវជនរងគ្រោះ បានសម្រេច រួចបើកម៉ូតូគេចខ្លួន។ រហូតមកដល់វេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃដដែល ទើបសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យទាំង២នាក់បាន។
ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕