ដោយ អាចារ្យថាំ
គណបក្ស៥ ចាប់ផ្តើមពិភាក្សាគ្នាពីសម្ព័ន្ធភាព ឬការចាប់ដៃគ្នាជាបក្សតែមួយ ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិ នៅឆ្នាំ២០២៣ ខាងមុខ។ ចំណាត់ការនេះ មិនទាស់ខុសអ្វីទេ ព្រោះពាក្យចាស់ថា “ម្នាក់ឯងឱបផែនដីមិនជុំ” ឬគណបក្ស តែមួយ កុំសង្ឃឹមថា ឈ្នះឱ្យសោះ។ បើបង្រួបបង្រួមគ្នា ទោះជាប្រកួតចាញ់ CPP ក៏អាចបានកៅអីតំណាងរាស្ត្រ ២០-៣០ ទៅចែកគ្នាអង្គុយដែរ តែបើម្នាក់ឯង ជួនកាល “ហ្សេរ៉ូកៅអី” ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ម្នាក់ឯងឱបផែនដីមិនជុំ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
លោកបណ្ឌិត យ៉ង សាំងកុមារ ស្ថាបនិកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានផុសសំណេរតាមហ្វេសប៊ុក ថា “យើង បាននិងកំពុងធ្វើការជាមួយគណបក្សចំនួន៥ ទាក់ទងប្រធានបទ សេរីភាពនយោបាយ និងការកែលម្អប្រព័ន្ធបោះឆ្នោត។ យើងចាប់ផ្តើមពិភាក្សាគ្នាបណ្តើរៗពីសម្ព័ន្ធភាពចូលរួមការបោះឆ្នោតសភាជាតិ ២០២៣ តាមជម្រើសនានាដែលសមស្រប។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នឹងចូលរួមសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងឱ្យមានសហការគ្នារវាងក្រុមគណបក្សនយោបាយ នានា ដោយឈរលើគុណតម្លៃ គោលបំណង គោលការណ៍ និងគោលនយោបាយរួម…”។
សំណេរនេះ បង្ហាញថា ពួកប្រជាធិបតេយ្យ ដែលចាញ់ឆ្នោតបក្សកាន់អំណាច គ្រប់អាណត្តិនោះ នៅតែព្យាយាមទល់ទ្រ ស្ថានការណ៍ជារៀងរហូត លៃយ៉ាងណាឱ្យបានកៅអីតំណាងរាស្ត្រខ្លះ កុំដល់ថ្នាក់ “រលីងឆិញ” ទុកឱ្យ CPP ឯកបក្ស ដូច ឃើញកន្លងមក។
ដោយឡែកអ្នកវិភាគគឹម សុខ ក៏បានអំពាវនាវឱ្យពួកប្រឆាំង ចាប់ដៃគ្នាដែរ បើចង់ទប់ទល់ជាមួយ ជភភ ទើបយើង ឃើញ “គណបក្សភ្លើងទៀន” ដែលទទួលបានកៅអីមេឃុំ ចៅសង្កាត់ ជំទប់ ជាង២០០០ នៅទូទាំងប្រទេសនោះ ព្យាយាម ដុតដៃដុតជើងរកកន្លែង “បោះយុថ្កា” ឱ្យសំពៅចតបានស្រួលបន្តិច ក្រែងលោខ្យល់ព្យុះ CPP បោកកួចទៅបាត់ទៀត។
“ម្នាក់ឯងឱបផែនដីមិនជុំ” ជាពាក្យទំនឹមទំនៀមពីបុរាណព្រេងនាយមក មានទិសដៅអប់រំអ្នកនយោបាយគ្រប់ជាន់ថ្នាក់ ត្រូវចេះចងសម្ព័ន្ធ រួបរួមគ្នាជាធ្លុងមួយ ទើបទ្រោលស្ថានការណ៍បាន។
ឧទាហរណ៍ “ឃុនហ្លួងព្រះស្តេចកន” មុនដំបូងធ្វើនយោបាយតែម្នាក់ឯង យល់ថា មិនអាចផ្តួលរំលំព្រះបាទស្រីសុគន្ធបទ បាន ក៏រត់ទៅកេណ្ឌទ័ពនៅខេត្តបាភ្នំ និងប្រមែប្រមូលបងប្អូន បក្ខពួក មកតែងតាំងជា “រដ្ឋាភិបាលស្រមោល” ទើបផ្តួលស្តេច បាន។ ទោះជាស្តេចកន ចាញ់ព្រះច័ន្ទរាជា ក្នុងសង្គ្រាម ១៤ឆ្នាំ ក៏ចាត់ទុកជាគំរូដ៏ល្អមួយសម្រាប់អ្នកនយោបាយ កុំធ្វើអ្វីតែឯង ឬ “ម្នាក់ឯងឱបផែនដីមិនជុំ”។
“នគរធំ” មានទស្សនៈថា គណបក្សប្រជាជនកម្ពុជា (CPP) ចាក់ប្ញសជ្រៅណាស់ ដែលពួកប្រឆាំង មិនអាចយកឈ្នះ បាន ប៉ុន្តែបើទុកឱ្យនៅឯកបក្ស ក៏អត់ចំណេញដែរ។ យើងមើលឃើញថា កៅអីតំណាងរាស្ត្រទាំង ១២៥នោះ អតីតគណបក្ស សង្គ្រោះជាតិ (CNRP) ធ្លាប់ដណ្តើមបាន៥៥ កាលពីអាណត្តិទី៥ ជាហេតុនាំឱ្យមានការជំទាស់នៅក្នុងសម័យប្រជុំរដ្ឋសភា ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លុះ CNRP ត្រូវតុលាការកំពូល រំលាយចោលមក ដោយគ្មានគូប្រកួតស្មើ ទម្ងន់គ្នា ទើប ជភភ យកអាសនៈទាំង ១២៥ ចែកគ្នាអង្គុយ ដែលសូម្បីតែលោកសុខ ឥសាន អ្នកនាំពាក្យ ជភភ ក៏ទទួលស្គាល់ ថា “CPP ឯកបក្ស” ដែរ។ អ៊ីចឹងបើសិនជាពួកប្រឆាំង លៃយ៉ាងណា ដណ្តើមបានកៅអីខ្លះទៅអង្គុយវិញ នឹងធ្វើឱ្យសង្គម កម្ពុជា ជឿនលឿនកាន់តែខ្លាំង។
“គណបក្សភ្លើងទៀន” ត្រូវបានមើលឃើញថា ជា “លំពង់ CNRP” ដែលទើបនឹងលាស់ចេញពីគល់ឈើចាស់ ដែលគេ កាប់រំលំ។ លំពង់នោះ ប្រឹងលូតលាស់យ៉ាងណាក៏មិនអាចដូចដើមវិញដែរ ដូច្នេះការចងសម្ព័ន្ធភាពជាមួយបក្សដទៃទៀត អាចមានសង្ឃឹមច្រើន។
“នគរធំ” ហ៊ានថា បើបក្សភ្លើងទៀន ម្នាក់ឯង ចូលប្រកួតបោះឆ្នោតជ្រើសតំណាងរាស្ត្រ ឆ្នាំ២០២៣ ខាងមុខនេះ អាច ទទួលបានសំឡេងឆ្នោត មិនខុសពីលទ្ធផលនៃការបោះឆ្នោតឃុំ-សង្កាត់ កាលពីពេលថ្មីៗនេះទេ ព្រោះម្នាក់ឯង។ ដូច្នេះ បើសិនជាប្រមែប្រមូលបក្សប្រជាធិបតេយ្យមូលដ្ឋាន និងបក្សប៉ុន្មានទៀត មកចូលរួមគ្នា ប្រកួតគ្នាជាមួយ CPP អាចបាន ២០-៣០កៅអីទៅចែកគ្នាអង្គុយ វាគ្រាន់បើជាង “៣កៅអី” ដូចគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា ឬ “១កៅអី” ដូចគណបក្សលោកព្រហ្ម នាគរាជ កាលពីអាណត្តិទី១។
ឧបមាទៀតថា បក្សកាន់អំណាច ទទួលបាន ៩០កៅអី ទោះជាច្រើនក្តី ក៏មិនអាចដូចបាន ១២៥/១២៥ នោះទេ ព្រោះ មានបក្សជំទាស់ចូលធ្វើការជាមួយ គេចាំតែកោះកៅរដ្ឋមន្ត្រី មកឆ្លើយបំភ្លឺពីភាពអសកម្មណាមួយក្នុងមុខក្រសួងនោះ តែ បើ CPP ឯកបក្សដូចពេលនេះ កម្រឃើញតំណាងរាស្ត្រណាហ៊ានកោះហៅរដ្ឋមន្ត្រី “គ្នាឯង” ទៅដេញដោល។
“ម្នាក់ឯងឱបផែនដីមិនជុំ” ដូចលោកព្រហ្ម នាគរាជ បាន ១កៅអី កាលពីអាណត្តិទី១ នោះ តើគាត់ធ្វើអ្វីកើត ទីបំផុត ក៏អស់សង្ឃឹមក្នុងជីវិតនយោបាយ ទទួលមរណភាពទៅ។
យើងមើលគំរូ CPP ផង តើចាប់ប្រភពពីណា បានជាខ្លាំង? បើក្រឡេកមើលទៅអតីតកាល ក្រោយឆ្នាំ១៩៧៩ យើង ឃើញ ជភភ ប្រមូលយកអ្នកចេះដឹងសេសសល់ពីការកាប់សម្លាប់ មកបង្រួបបង្រួមគ្នាជាធ្លុងមួយ ក្នុង “របបសាធារណរដ្ឋប្រជាមានិតកម្ពុជា”។ អ្នករួបរួមទាំងនោះ មកពីគ្រប់មជ្ឈដ្ឋាន ដូចជាឥស្សរជនខ្លះមកពីហាណូយ មានលោកប៉ែន សុវណ្ណ ចាន់ ស៊ី ជាដើម។ វរជនខ្លះមកពីរបបប៉ុល ពត ដូចជាសមមិត្ត ជា ស៊ីម សមមិត្ត ហេង សំរិន សមមិត្ត ហ៊ុន សែន ជាដើម។ អ្នកចេះដឹងខ្លះទៀត រត់ចោលប៉ុល ពត ដូចជាលោកហោ ណាំហុង លោកគាត ឈន់ ជាដើម។ អតីតនាយទាហានខ្លះ ធ្លាប់ បម្រើរបបលន់ នល់ ក៏មករួមត្រកូលជាមួយគ្នា ដូចជាអស់លោកខ្លះក្នុងជួររាជរដ្ឋាភិបាល ឬកងប្រដាប់អាវុធសព្វថ្ងៃ ឡើង ដល់ផ្កាយ៣ ផ្កាយ៤។ ខ្លះទៀត មកពីបារាំង អាមេរិក វិលមកនៅកម្ពុជាវិញ ចូលរួមជាមួយ CPP។
ដូច្នេះ យើងឃើញថា បក្សកាន់អំណាច “ម្នាក់ឯងឱបផែនដីមិនជុំ” ក៏ប្រមែប្រមូលគ្នីគ្នាពីគ្រប់មជ្ឈដ្ឋាន ចូលរួមទល់ទ្រ របបសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងក្លាយទៅជាបក្សដឹកនាំប្រទេសដ៏ខ្លាំង ក្រោមបង្គាប់សម្តេចហ៊ុន សែន។
អ៊ីចឹងបើពួកប្រឆាំង ចង់ខ្លាំង លុះត្រាតែមើលរបៀបធ្វើការរបស់ CPP តើគេធ្វើយ៉ាងម៉េចបានជាខ្លាំងម៉្លេះ? ជាចម្លើយ គឺ “មិនអាចឱបផែនដីម្នាក់ឯងបានឡើយ” ចាំបាច់ត្រូវតែហៅគ្នាមកជួយឱប។
គណបក្សរាប់សិបនោះ សុទ្ធតែអួតអាងថា ប្រជាធិបតេយ្យ តែគាត់មិនរួបរួមគ្នា ចង់តែខ្លាំងម្នាក់ឯង ទើបវាអ៊ីចឹង ទៅ។ កាលបើរួបរួមគ្នាបានហើយ ខ្លាំងហើយ “អត់ចេះការពារខ្លួន” នាំឱ្យមានការបែកបាក់ដូចក្រុមសម រង្ស៊ី និងក្រុមកឹម សុខា ក៏ចាត់ទុកជាគំរូមួយដ៏អាក្រក់បំផុត សម្រាប់ពួកប្រជាធិបតេយ្យ បញ្ចៀសឱ្យបាន។
សរុបទៅ “ម្នាក់ឯងឱបផែនដីមិនជុំ” មានន័យយ៉ាងនេះឯង។ បើពួកប្រឆាំង ចង់មានសំឡេងខ្លះក្នុងរដ្ឋសភា លុះត្រាតែ រួបរួមគ្នាតាំងពីឥឡូវ ដោយយកគំរូតាម CPP ធ្លាប់ធ្វើកាលពីឆ្នាំ១៩៧៩។ បើពួកប្រឆាំងចង់ចាញ់ មិនបាច់រួបរួមគ្នាទេ និង ខំឈ្លោះជេរគ្នាឱ្យណាណីទៅ ដូចសព្វថ្ងៃ ជេរគ្នាមិនទាន់អស់ចិត្ត។ ទោះជាមិនអាចយកឈ្នះ CPP បាន ឱ្យតែបានកៅអី តំណាងរាស្ត្រ ២០-៣០ ក៏វាគ្រាន់បើជាងហ្សេរ៉ូកៅអីដែរ ឯរឿងសូន្យកៅអីនោះ មកពី “ចង់ទូលផែនដីម្នាក់ឯង”…៕