ខេត្តកំពង់ឆ្នាំង ៖ ភ្ញៀវទេសចរជាច្រើននាក់ ដែលបានទៅលេងកម្សាន្តនៅទីតាំងរមណីយដ្ឋានទឹកធ្លាក់មួយកន្លែង បានកើតមានការភិតភ័យព្រលឹងចុងសក់គ្រប់គ្នា ខណៈដែលកំពុងលេងទឹកយ៉ាងសប្បាយ ទាំងមេឃកំពុងធ្លាក់ភ្លៀងផង ស្រាប់តែមានទឹកជន់លិច ហូរខ្លាំង ធ្វើឱ្យមនុស្សប្រុសស្រីក្មេងចាស់ ប្រមាណ១០នាក់ ដែលកំពុងលេងទឹក រត់ឡើងគោកមិនទាន់ នាំគ្នាឡើងតោងដើមឈើ ស្រែកទួញយំសុំជំនួយ។
ហេតុការណ៍ខាងលើនេះ បានកើងឡើង កាលពីវេលារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចរមណីយដ្ឋានទឹកធ្លាក់ ថ្មក្រាល មានទីតាំងស្ថិតនៅភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស។
តាមប្រភពពីភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីតាំងកើតហេតុ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ១២ថ្ងៃត្រង់ មេឃបានធ្លាក់ភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតំបន់ផ្នែកខាងលើ និងនៅកន្លែងលេងកម្សាន្ត ទឹកធ្លាក់ ថ្មក្រាល។ ពេលនោះ សហគមន៍ ទេសចរណ៍ ក៏បានប្រកាសតាមឧគ្ឃោសនាសព្ទ ឱ្យបងប្អូនឡើងចេញពីទឹកដែរ ព្រោះជាទម្លាប់ឱ្យតែភ្លៀងធ្លាក់បែបនេះ ទឹកនឹងជន់លិច ហូរខ្លាំងជាក់ជាមិនខាន។
ពេលនោះ បងប្អូនខ្លះក៏ឡើងមកត្រើយម្ខាង ប៉ែកខាងដាក់រថយន្ត ម៉ូតូ និងច្រកចូល ប៉ុន្តែខ្លះទៀត ក៏នៅតែបន្តលេងនៅត្រើយម្ខាង ដោយគិតស្មានថាមិនអី។ លុះមួយសន្ទុះក្រោយមក ស្រាប់តែទឹកធ្លាក់បានហូរយ៉ាងគំហុក ប្រែទៅជាទឹកពណ៌ខ្មៅល្អក់ ដូចបាក់ទំនប់ បណ្តាលឱ្យជាប់បងប្អូនភ្ញៀវទេសចរ ប្រមាណជាង១០នាក់ មិនអាចឡើងមករួច ហើយទឹកបានបន្តជន់ឡើងយ៉ាងលឿនជាបន្តបន្ទាប់ បណ្តាលឱ្យលិចស្ពានឆ្លង និងលិចទីទួលលេងកម្សាន្តផងដែរ។
ក្នុងសភាពអាសន្ននោះ បងប្អូនប្រជាពលរដ្ឋដែលជាភ្ញៀវទេសចរ ខ្លះបានរត់ឡើងដើមឈើ និងស្រែកយំឱ្យគេជួយ។ ក្នុងគ្រានោះដែរ សមាជិកសហគមន៍ទេសចរណ៍ ទឹកធ្លាក់ថ្មក្រាល បានអន្តរាគមន៍ទាញខ្សែពួរ ចងកាត់ទទឹងអូរ ដើម្បីរំដោះយកភ្ញៀវទេសចរ ម្តងម្នាក់ៗ រហូត ដល់អស់ ។ ទោះយ៉ាងណា ពុំមាននរណាម្នាក់រងគ្រោះថ្នាក់នោះទេ ប៉ុន្តែរបស់មួយចំនួន ត្រូវបានហូរទៅតាមទឹកបាត់អស់ ។
លោកអ៊ឺត អូន ប្រធានសហគមន៍ទឹកធ្លាក់ថ្មក្រាល បានឱ្យដឹងថា ចាប់តាំងពីរដូវវស្សា ចូលមកដល់ គឺភ្លៀងបានធ្លាក់ជាប់ៗគ្នា ប៉ុន្តែជាធម្មតាទឹកធ្លាក់តិចតួចតែប៉ុណ្ណោះ ពុំមានជំនន់ដូចថ្ងៃនេះទេ។ ដោយឡែក នៅថ្ងៃកើតហេតុ ភ្លៀងបានធ្លាក់នៅតំបន់ថ្មក្រាល និងផ្នែកខាងលើ យ៉ាងខ្លាំង បណ្តាលឱ្យទឹកហូរបុកឡើងយ៉ាងគំហុក មានកម្ពស់ប្រមាណជិត ១ម៉ែត្រ មកពីលើតែម្តង។ មុនពេលកើតហេតុ ខាងសហគមន៍ទេសចរណ៍ បានប្រកាសតាមឧគ្ឃោសនាសព្ទ ឱ្យបងប្អូនឡើងចេញពីទឹក មកត្រើយម្ខាង ហើយបងប្អូនខ្លះក៏មក បងប្អូនខ្លះក៏សំងំនៅលេងបន្ត នៅផ្នែកត្រើយម្ខាង ខ្លះនៅលើកោះ ទើបមានបញ្ហាបែបនេះកើតឡើង។
លោកជាប្រធានសហគមន៍ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទៅលេងទឹកធ្លាក់ ថ្មក្រាល ប្រសិនបើមានមេឃខ្មៅ និងភ្លៀងធ្លាក់នៅខាងលើ សូមប្រញាប់ឡើងចេញពីទឹក ជាបន្ទាន់ ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕