ភ្នំពេញ ៖ យុវជនម្នាក់ ទើបនឹងកើតមានជម្លោះជាមួយសង្សារ បានជិះម៉ូតូលឿន ស្រាប់តែជ្រុលទៅប៉ះរថយន្ត ១គ្រឿង បណ្តាលឱ្យដាច់កញ្ចក់មើលក្រោយ ១ចំហៀង និងត្រូវភាគីម្ចាស់រថយន្ត ទារសំណង ១០០ដុល្លារ តែដោយសារភាគីម៉ូតូអត់លទ្ធភាព ទើបសុំសង ៥០ដុល្លារដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តតូយ៉ូតា ព្រូស មួយគ្រឿង បើកបរនិងរួមដំណើរដោយនារីរូបស្រស់ ២នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនល្មម ខណៈពេល ធ្វើដំណើរមកដល់ជិតស្តុបក្តាន់ពីរ ក៏មានយុវជនម្នាក់ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-1453 រួមនិងមិត្តភក្តិ ជិះម៉ូតូប្រដេញគ្នាវ៉ាជែងគេឯងពេញផ្លូវ ដោយមិនប្រយ័ត្ន ក៏រេចង្កូតទៅប៉ះកញ្ចក់រថយន្តតូយ៉ូតា ព្រូស បណ្តាលឱ្យដាច់ធ្លាក់មួយចំហៀង ចំណែកម៉ូតូ បានដួលបែកក្បាំង និងបណ្តាលឱ្យអ្នកបើកបរ រងរបួសស្រាល (ថ្លោះដៃស្តាំ)។
តាមប្រភពពីមិត្តភក្តិជនរងគ្រោះ បានបង្ហើបប្រាប់ថា មិត្តភក្តិគាត់ ពិបាកចិត្ត ព្រោះទើបឈ្លោះប្រកែកគ្នាជាមួយសង្សារ ទើបជិះម៉ូតូលឿនបែបនេះ រួចក៏មកប៉ះរថយន្តខាងលើតែម្តង។
បន្ទាប់ពីកើតហេតុ ម្ចាស់រថយន្ត បានទារសំណងខូចខាតចំនួន ១០០ដុល្លារ ប៉ុន្តែខាងម៉ូតូ មិនមានលទ្ធភាព សុំសងត្រឹម ៥០ដុល្លារតែប៉ុណ្ណោះ។ ដោយមិនចង់វែងឆ្ងាយ ម្ចាស់រថយន្តក៏យល់ព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕