ខេត្តកំពង់ចាម ៖ មនុស្ស ១ក្រុម តែងជួបជុំប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង (បៀ) ជាប្រចាំ ដោយមិនសូវគិតគូររឿងរកស៊ីចិញ្ចឹមគ្រួសារ ឬបាយទឹកប្តី និងកូនសោះឡើយ រហូតដល់បុរសជាប្តី ទ្រាំលែងបាន ក៏លួចរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថ ឆ្មក់ចុះបង្ក្រាប ដោយចាប់ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង បានចំនួន៧នាក់ ព្រមទាំងដកហូតបានបៀ ប្រមាណជាង៥០ហ៊ូ។
ប្រតិបត្តិការបង្ក្រាបក្រុមញៀនល្បែងនេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។
តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលព័ត៌មានថា មានករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀភ្នាល់ដាក់ប្រាក់) នៅត្រង់ចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។
ដោយយោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការឯកភាពសម្របសម្រួលនីតិវិធី ព្រមទាំងដឹកនាំផ្ទាល់ពីលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផងនោះ ទើបនៅវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចុះបង្ក្រាបករណីខាងលើ នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម។
ជាលទ្ធផល មន្ត្រីអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ (ប្រុស២ ស្រី៥) ព្រមទាំងបានចាប់យកវត្ថុតាង រួមមាន បៀ ចំនួន៥០ហ៊ូ ទូរស័ព្ទដៃ ចំនួន៤គ្រឿង ប្រាក់ ចំនួន ៤លាន ៤៨ម៉ឺនរៀល និងម៉ូតូ ចំនួន០៤គ្រឿង។
ជនសង្ស័យប្រុសស្រីទាំង៧នាក់ ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញចាត់ការតាមនីតិវិធី៕