ភ្នំពេញ ៈ នារីរូបស្រស់ម្នាក់ បានឈប់ម៉ូតូតាមដងផ្លូវ ដើម្បីនិយាយទូរស័ព្ទ ស្រាប់តែត្រូវជនសង្ស័យម្នាក់ ចូលមកធ្វើសកម្មភាពប្លន់យកម៉ូតូទៅបាត់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចជិតស្ថានីយប្រេងកាល់តិច មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
នារីរងគ្រោះ សុំមិនបញ្ចេញអត្តសញ្ញាណ មានវ័យប្រហែល ៣០ឆ្នាំ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កូបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ 3387 មិនចាំអក្សរនៅពីមុខ ទើបចេញពីកន្លែងហូបអីជាមួយមិត្តភក្តិ សំដៅទៅផ្ទះ នៅបុរីឈូកវ៉ា១ លុះមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូ ទាញទូរស័ព្ទហៅទៅរកមិត្តភក្កិ បំណងសួរដល់ណាហើយ គ្រាន់បានជាគ្នា ខណៈកំពុងតែនិយាយ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ អត់ពាក់អាវ ដើរចេញពីផ្លូវម្ខាងជិតហាងលក់រថយន្ត BMW សំដៅមករកនាង រួចស្រែកគំរាមចាក់សម្លាប់ ធ្វើឱ្យនាងភ័យពេក ក៏រត់ចេញពីម៉ូតូ។ បន្ទាប់មក ជនសង្ស័យបានឡើងជិះម៉ូតូរបស់នាង សំដៅទៅទិសខាងលិច (ខាងពោធិ៍ចិនតុង) បាត់ទៅ ហើយភ្លាមៗនោះ នាងបានព្យយាមាស្រែកឱ្យគេជួយ តែមិនមានអ្នកណាជួយនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ៕