ភ្នំពេញ ៖ ស្ត្រីជនជាតិខ្មែរអ៊ិស្លាមម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយបងប្រុសបង្កើតរបស់ខ្លួន រហូតឈានដល់អំពើហិង្សា ចាក់ប្រហារបងប្រុស បណ្តាលឱ្យរងរបួសធ្ងន់ លុះក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរពេទ្យ ក៏បាត់បង់ជីវិត ទើបដឹកសពត្រឡប់មកវិញ រួចក៏រៀបចំបញ្ចុះតាមបែបសាសនាអ៊ិស្លាម ដោយមិនបានផ្តល់ដំណឹង និងស្នើសុំលិខិតបញ្ជាក់អ្វីទាំងអស់ពីអាជ្ញាធរ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវបានព្រះរាជអាជ្ញា ដឹកនាំកម្លាំងចុះមកគាស់ផ្នូរ យកសាកសពមកពិនិត្យវិញ និងឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យជាប្អូនស្រី នាំយកទៅ សាកសួរ។
ករណីដ៏ភ្ញាក់ផ្អើលខាងលើ បានកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
សាកសពជនរងគ្រោះ មានឈ្លោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលាងម៉ូតូ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះម៉ាសត៍ អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ស្នាក់នៅផ្ទះជាមួយគ្នា។
យោងតាមប្រភពព័តមានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះមួយកន្លែង ស្ថិតនៅក្នុងទីតាំងខាងលើ មានបញ្ហាបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា បណ្តាលឱ្យបុរសម្នាក់មានរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយសារអ្នកជំងឺរបួសធ្ងន់ ទើបស្លាប់នៅមន្ទីរពេទ្យ។ លុះដល់ម៉ោង ១០យប់ ថ្ងៃដដែលសពត្រូវបានបញ្ជូនមកផ្ទះកើតហេតុវិញ រហូតដល់ម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានទទួលដំណឹងនេះ រួចទៅធ្វើការសាកសួរ នៅឯផ្ទះកើតហេតុតែម្តង។
យោងតាមប្រភពពីសមត្ថកិច្ខ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ស្ត្រីជាម្តាយ អះអាងថា កូនប្រុសរបស់ខ្លួន មានឈ្មោះឡោះ សុគ្រី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបច្ចុប្បន្ន លាងម៉ូតូ បានទទួលមរណភាព ដោយសារជំងឺសួតរ៉ាំរ៉ៃ រយៈពេល ១០ឆ្នាំមកហើយ។ ក្នុងករណីនេះ សមត្ថកិច្ចមិនអាចពិនិត្យសពបានទេ បើសិនគ្មានការដាក់ពាក្យបណ្តឹង។
ក្នុងករណីនេះ ស្រាប់តែនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃដដែល ក៏ផ្ទុះការសង្ស័យថា ករណីខាងលើ អាចជាករណីឃាតកម្ម ដោយប្អូនស្រីខឹងបងប្រុសរបស់ខ្លួន រួចទាញវត្ថុមុតស្រួច ចាក់ទៅលើជនរងគ្រោះ រហូតរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ។ ការសង្ស័យនេះ បានភ្ញាក់ផ្អើលដល់សមត្ថកិច្ចជំនាញ ដោយសារក្រុមគ្រួសារសព បានយកសពទៅបញ្ចុះ ដោយគ្មានលិខិតស្នាមដឹងឮពីសមត្ថកិច្ច រហូតឈានដល់ការឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះម៉ាសត៍ អាយុប្រមាណ៤០ឆ្នាំ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ។
បន្ទាប់ពីសមត្ថកិច្ចជំនាញខាងកោសល្យវិច័យ បានទទួលដំណឹងនេះ រួចចុះដល់ទីតាំងកើតហេតុ បើកការស៊ើបអង្កេត រហូតឈានដល់ការគាស់ផ្នូរសពជនរងគ្រោះ ដើម្បីយកសពមកធ្វើការត្រួតពិនិត្យ ព្រោះយោងតាមលិខិតបញ្ជាក់ពីមន្ទីរពេទ្យ បង្ហាញថា នៅលើសព មានស្នាមរបួស មិនមែនស្លាប់ដោយសារជំងឺនោះទេ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការសាកសួរស្ត្រីសង្ស័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕