Tuesday, November 26, 2024
Homeព័ត៌មានជាតិកាប់ប្លន់ម៉ូតូជាង២០ដង

កាប់ប្លន់ម៉ូតូជាង២០ដង

ខេត្តកណ្តាល ៖ ក្រុមជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាយ៉ាងសកម្មក្នុងសកម្មភាពដេញធាក់ កាប់ប្លន់ម៉ូតូអ្នកដំណើរតាមផ្លូវ នៅពេលយប់ តាមបណ្តោយផ្លូវជាតិលេខ១ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានចំនួន ៤នាក់ និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យទទួលផលចោរកម្ម ថែមម្នាក់ទៀត សរុប៥នាក់ ខណៈដែលបក្ខពួកមួយចំនួនទៀត កំពុងរត់គេចខ្លួន។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យកាប់ប្លន់ម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ១ លុះមកដល់ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ក៏បានប្រទះឃើញជនសង្ស័យ មានគ្នា៤នាក់ ជិះម៉ូតូ ២គ្រឿង។ បន្ទាប់មក កម្លាំងសមត្ថកិច្ច បានហៅឱ្យឈប់ម៉ូតូ ដើម្បីសាកសួរ តែជនសង្ស័យមិនព្រមឈប់ ហើយបម្រុងជិះម៉ូតូគេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំយកមកប៉ុស្តិ៍បន្ទាយដែក ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ក្រុមពួកគេធ្លាប់ធ្វើសកម្មភាពធាក់និងកាប់យកម៉ូតូ ចំនួន១៦ដង នៅស្រុកកៀនស្វាយ ក្នុងនោះបានសម្រេច ១០ដង បានម៉ូតូចំនួន ១០គ្រឿង (ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥) និងធ្វើសកម្មភាពធាក់ កាប់ប្លន់ម៉ូតូ នៅស្រុកស្អាង ចំនួន៣លើក បានម៉ូតូ ចំនួន៣គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥) និងធ្វើសកម្មភាពធាក់ កាប់ប្លន់ម៉ូតូ នៅខេត្តកពង់ស្ពឺ ចំនួន៣លើក បានម៉ូតូ ចំនួន៣គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥)។

ពេលចុះធ្វើសកម្មភាព ឈ្មោះធឿន ថៃ ហៅរាជ ជាអ្នកធាក់ម៉ូតូឱ្យដួល ឯឈ្មោះសាន ច័ន្ទស្ថាបនា ហៅណាល់ ហៅធា ជាអ្នកយកកាំបិតប៉័ងតោ កាប់ជនរងគ្រោះ រាល់ពេលធ្វើសកម្មភាពម្តងៗ រឺឯឈ្មោះចាន់ ពន្លឺ ជាអ្នកលើកម៉ូតូជិះ។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យខាងលើ យកម៉ូតូដែលធ្វើសកម្មភាពបាន យកទៅផ្ញើនៅមន្ទីពេទ្យកុមារជាតិ ទាំងយប់ ដោយឈ្មោះធឿន ថៃ ហៅរាជ និងឈ្មោះ ចាន់ ពន្លឺ ជាអ្នកយកមកលក់ឱ្យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយផ្ញើតាមឡានតាក់ស៊ី និងពេលខ្លះ ឈ្មោះធឿន ថៃ ហៅរាជ ជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបាន យកមកលក់ដល់ផ្ទះ របស់ឈ្មោះអេម សំអាន ហៅទុយ ហៅឪ។

ចំពោះឈ្មោះចាន់ ពន្លឺ បានឆ្លើយសារភាពបន្តថា កាលពីវេលាម៉ោង ១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រូបគេរួមជាមួយឈ្មោះសុវណ្ណ ឧត្តម និងឈ្មោះទី បានធ្វើសកម្មភាពកាប់ប្លន់ម៉ូតូរបស់ឈ្មោះណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនគរបាលជាតិ មានលំនៅ ភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AM-9973 នៅចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ហើយយកទៅលក់ឱ្យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ។

រហូតមកដល់វេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពីលោកលាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានឱ្យលោកឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្តកណ្តាល ដឹកនាំកម្លាំងនគរបាលការិយាល័យកម្រិតធ្ងន់ខេត្តកណ្តាល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ពាក់ព័ន្ធករណីទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។

នៅចំមុខសមត្ថកិច្ច ឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ បានឆ្លើយសារភាពថា ខ្លួនបានទទួលទិញម៉ូតូពីក្រុមចោរដែរធ្វើសកម្មភាពបាន ចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយៈលេខទូរស័ព្ទដៃ មិនដែលជួបគ្នាទេ ហើយម៉ូតូដែលទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៊ី នៅបេនឡានផ្សាដើមគ រាជធានីភ្នំពេញ ផ្ញើមកឱ្យដាក់នៅមុខផ្ទះ (ចំណែកប្រាក់ថ្លៃទិញម៉ូតូ ផ្ញើតាមធនាគារវីង) រួចបានលក់បន្តឱ្យទៅឈ្មោះមូល បុន ភេទប្រុស អាយុ៤២ឆ្នាំ  មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

បន្ទាប់ពីសាកសួររួច ក្រុមជនសង្ស័យទាំង ៥នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES