ខេត្តសៀមរាប ៖ ក្មេងប្រុសតូចៗចំនួន២នាក់ ត្រូវជាបងប្អូនបង្កើត បាននាំគ្នាចុះទៅលេងទឹកស្រះ តែ២នាក់ លុះក្រោយមក ប្អូនប្រុសបានលង់ទឹក ឃើញបែបនេះ បងប្រុសក៏ទៅជួយ បណ្តាលឱ្យលង់ទឹកស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ។
ក្មេងប្រុសរងគ្រោះទាំង២នាក់ ទី១-ឈ្មោះប្រុស វុទ្ធី អាយុ៦ឆ្នាំ និងទី២-ឈ្មោះប្រុស វណ្ណេត អាយុ៤ឆ្នាំ។ ក្មេងប្រុសទាំង២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅ ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ។
តាមការបំភ្លឺរបស់ឈ្មោះយ៉ុង យឿន ភេទប្រុស អាយុ ៦៣ឆ្នាំ ត្រូវជាតារបស់ក្មេងរងគ្រោះទាំង២ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានយកចៅទាំង២នាក់ មកលេងនៅឯផ្ទះរបស់គាត់ នៅឯភូមិអង្កាញ់ ឃុំស្វាយលើ ហើយនៅថ្ងៃដដែល គាត់ជាមួយចៅប្រុសទាំងពីរ បានហូបបាយ ដោយពួកគេទាំងពីរនាក់ បានហូបរួចមុន ហើយប្រពន្ធរបស់គាត់ ក៏បានប្រាប់ឲ្យចៅទៅងូតទឹកទៅ។ ភ្លាមនោះ ចៅរបស់ខ្លួន ក៏បានកាន់កាប៉ោយ ដើរទៅខាងត្បូងផ្ទះ។ ចំណែកគាត់មិនបានចាប់អារម្មណ៍នោះទេ ហើយនៅតែហូបបាយបន្តទៀត មួយសន្ទុះ ស្រាប់តែបាត់ សំឡេងចៅ ក៏សួរទៅប្រពន្ធថា បាត់ចៅទៅណា? ភ្លាមនោះ ក៏បាននាំគ្នារត់ឆ្លេឆ្លាដើម្បីរកចៅ ដោយមានការសង្ស័យ ខ្លួនក៏បានទៅមើលនៅស្រះ ខាងត្បូងផ្ទះ ស្រាប់តែឃើញកាប៉ោយ ដែលចៅខ្លួនកាន់ អណ្តែតនៅក្នុងទឹកស្រះ ឃើញដូចនេះ ខ្លួនក៏បានមុជរាវរក ក៏ឃើញចៅ លង់ទឹកលិចនៅបាតស្រះទាំង២នាក់ ហើយខ្លួនក៏បានស្រង់មកភ្លាម និងបានដឹកបញ្ជូនទៅមណ្ឌលសុខភាពស្រុកស្វាយលើ ពេលទៅដល់ ពេទ្យបានបញ្ជាក់ថា ចៅរបស់ខ្លួនទាំងពីរនាក់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ច រួចក៏បន្តយកមកធ្វើបុណ្យ នៅឯស្រុកកំណើត ភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប៕