Tuesday, November 26, 2024
Homeព័ត៌មានជាតិសិស្សស្រី២នាក់ លង់ទឹក ជួយទាន់១ បាត់ខ្លួន១

សិស្សស្រី២នាក់ លង់ទឹក ជួយទាន់១ បាត់ខ្លួន១

ខេត្តកំពង់ធំ ៖ សិស្សស្រី ២នាក់ បាននាំគ្នាអង្គុយលេងក្បែរមាត់ស្ទឹងសែន រួចក៏នាំគ្នាចុះតាមជណ្តើរមាត់ស្ទឹងសែន លាងដៃ ដោយមិនបានប្រុងប្រយ័ត្ន ក៏រអិលជើងធ្លាក់ចូលទឹកស្ទឹងទាំង២នាក់ តែបានអ្នកក្បែរៗឃើញ ក៏ជួយសង្គ្រោះបានកុមារីម្នាក់ តែម្នាក់ទៀត បាត់ខ្លួន។ 

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល ១២និង១៤នាទីថ្ងៃត្រង់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅចំណុចម្តុំពោងទឹក ក្នុងសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន។

យោងតាមប្រភពនៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងស្រី២នាក់ដែលគេស្គាល់ថាជាសិស្សសាលាក្រុងស្ទឹងសែន បានចុះលាងដៃ នៅមាត់ទឹក ដោយសារនៅចំណុចនោះមានទឹកហូរខ្លាំង បណ្តាលឱ្យក្មេងទាំងស្រីទាំង ២នាក់នោះ បានលង់ទឹក ។

លោកគឹម សុខមករា អធិការក្រុងស្ទឹងសែន បានឱ្យដឹងថា ក្មេងស្រីរងគ្រោះទាំង២នាក់នោះ  ទី១-ឈ្មោះរ៉ុម វណ្ណដារី  អាយុប្រហែល៩ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៤ នៅសាលាបឋមសិក្សាកំពង់ធំក្រុង មានម្តាយឈ្មោះហ៊ាន វេងដែន រស់នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបាន។ ដោយឡែក ក្មេងស្រីទី២-ឈ្មោះធឿន សុខរក្សា អាយុប្រហែល១០ឆ្នាំ ដូចគ្នា រស់នៅភូមិទី១ សង្កាត់កំពង់ធំ ដែលមានឪពុកឈ្មោះហុង ថុល និងម្តាយឈ្មោះខេង គឹមលាន (គ្រូបង្រៀន) បានបាត់ខ្លួនលិចក្នុងទឹក រកមិនទាន់ឃើញ។

ជាមួយគ្នានេះដែរ លោកគឹម សុខមករា អធិការក្រុងស្ទឹងសែន សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅតាមដងស្ទឹងសែន  ត្រូវមានការប្រុងប្រយ័ត្ន ពីព្រោះទឹកស្ទឹងសែនកំពុងតែឡើង ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនដែលនៅតូច។

គួរបញ្ជាក់ដែរថា ខណៈពេលនេះ អាជ្ញាធរ សមត្ថកិច្ច និងក្រុមគ្រួសារសាច់ញាតិ កំពុងញាប់ដៃ ញាប់ជើងក្នុងការស្វែងរកក្មេងស្រីដែលបាត់ខ្លួន ចំណែកកុមារីម្នាក់ទៀត កំពុងជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត៕

RELATED ARTICLES