Wednesday, November 27, 2024
Homeព័ត៌មានជាតិម៉ែជូនកូនក្រមុំទៅដោះអំពើ គ្រូនាំចូលបន្ទប់ រំលោភ២ដង

ម៉ែជូនកូនក្រមុំទៅដោះអំពើ គ្រូនាំចូលបន្ទប់ រំលោភ២ដង

ខេត្តកំពង់ឆ្នាំង ៖ បុរសជាជនជាតិខ្មែរអ៊ិស្លាមម្នាក់ តាំងខ្លួនជាគ្រូមន្តអាគមអូមអាម ចេះដោះអំពើ រំដោះគ្រោះ លុះមានស្ត្រីម្នាក់ នាំកូនក្រមុំ មកពឹងពរឱ្យជួយដោះអំពើ ស្រាប់តែគ្រូកំហូច នាំក្មេងស្រីចូលបន្ទប់ បិទទ្វារជិត រួចចាប់រំលោភក្មេងស្រីរហូតបានសម្រេចជាបន្តបន្ទាប់ ចំនួន២ថ្ងៃជាប់គ្នា លុះក្រោយមក ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ម្តាយ ពីរបៀបដែលគ្រូដោះអំពើឱ្យ ក៏ធ្វើឱ្យបែកធ្លាយរឿងរ៉ាវ ដឹងថាតាមពិតគ្រូកំហូច ប្រើល្បិចចាប់រំលោភកូនស្រីរបស់គាត់សោះ ក៏ឈានដល់ការដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកគ្រូប៉ោក នាំយកមកចាត់ការតាមច្បាប់។

ករណីគ្រូមន្តអាគមចាប់រំលោភក្រមុំជាអ្នកជំងឺ បានសម្រេចចំនួន២ដងនេះ បានកើតឡើង កាលពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចក្នុងបន្ទប់ផ្ទះគ្រូប៉ោក ស្ថិតក្នុងភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស។ បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ រឿងរ៉ាវក៏បានបែកធ្លាយ និងត្រូវសមត្ថកិច្ចចុះចាប់ឃាត់ខ្លួនជនសង្ស័យជាគ្រូមន្តអាគមរូបនេះ ដល់ផ្ទះតែម្តង។

ជនសង្ស័យដែលចាប់រំលោភកូនក្រមុំគេ ដល់ទៅ២ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះទី លី ហៅរ៉ន អាយុ៥៩ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាម ជាគ្រូមន្តអាគម មានលំនៅ ភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស។ ចំណែកក្មេងស្រីរងគ្រោះ ទើបនឹងមានអាយុ ១៥ឆ្នាំប៉ុណ្ណោះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ មានស្ត្រីម្នាក់ បាននាំកូនស្រីអាយុ ១៥ឆ្នាំ (ក្មេងស្រីរងគ្រោះ) ទៅឱ្យគ្រូមន្តអាគមឈ្មោះទី លី ហៅរ៉ន (ជនសង្ស័យ) ដើម្បីព្យាបាល ហើយត្រូវបានគ្រូនោះប្រាប់ថា កូនស្រីរូបនេះ ត្រូវអំពើគេ ហេតុនេះតម្រូវឱ្យមកស្រោចទឹករាល់ថ្ងៃ។ បន្ទាប់មក ម្តាយរបស់ក្មេងស្រីរងគ្រោះ ក៏បាននាំកូនស្រីទៅឱ្យជនសង្ស័យស្រោចទឹក ដោះអំពើ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ដោយមិនមានរឿងអ្វីកើតឡើងនោះឡើយ។

ប្រភពដដែល បន្តថា រហូតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ក្រោយពេលដែលស្រោចទឹករួច គ្រូមន្តអាគមនោះ បានឱ្យក្មេងស្រីរងគ្រោះចូលទៅក្នុងបន្ទប់របស់ខ្លួន ដើម្បីរៀបចំពិធីដោះអំពើ ដោយប្រាប់ឱ្យម្តាយក្មេងស្រីរងគ្រោះ នៅចាំខាងក្រោយ មិនឱ្យអ្នកណាចូលទៅរំខានពិធីដាច់ខាត។ លុះចូលទៅដល់ ជនសង្ស័យជាគ្រូមន្តអាគម ក៏បានធ្វើសកម្មភាពសម្រាតខោអាវក្មេងស្រីរងគ្រោះជាអ្នកជំងឺ ចេញអស់ រួចចាប់រំលោភរហូតបានសម្រេចតែម្តង និងបានប្រាប់ក្មេងស្រីរងគ្រោះថា ត្រូវប្រើវិធីនេះ ដើម្បីដោះអំពើចេញ ជាច្រើនថ្ងៃថែមទៀត និងមិនត្រូវប្រាប់អ្នកណាឱ្យដឹងដាច់ខាត។ ចំណែកក្មេងស្រីរងគ្រោះ ក៏មិនតបតឬមាត់កអ្វី ប្រាប់អ្នកណាដែរ សូម្បីម្តាយរបស់នាង។

ប្រភពខាងលើ បានឱ្យដឹងទៀតថា បន្ទាប់មក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោយពេលស្រោចទឹករួច គ្រូនោះបានប្រើវិធីដដែល នាំក្មេងស្រីរងគ្រោះចូលបន្ទប់ រួចចាប់រំលោភរហូតបានសម្រេចជាលើកទី២។ លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ក្មេងស្រីរងគ្រោះ ក៏បានរៀបរាប់ប្រាប់ម្តាយ ពីរបៀបដែលគ្រូមន្តអាគមនោះដោះអំពើឱ្យនាង ទើបស្ត្រីជាម្តាយ ភ្ញាក់ខ្លួនដឹងថា តាមពិតគ្រូនោះប្រើល្បិចរំលោភកូនស្រីរបស់ខ្លួនសោះ ក៏ប្រញាប់នាំកូនស្រីទៅដាក់ពាក្យបណ្តឹង ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ឃាត់ខ្លួនគ្រូមន្តអាគម ជាជនជាតិខ្មែរអ៊ិស្លាមខាងលើ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាគ្រូមន្តអាគមខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកុមារីរងគ្រោះ ចំនួន២លើក ប្រាកដមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនបុរសជនជាតិខ្មែរអ៊ិស្លាម ជាគ្រូមន្តអាគមខាងលើ ដាក់ពន្ធនាគារ រង់ចាំបើកសវនាការនៅពេលក្រោយ៕

RELATED ARTICLES