ខេត្តស្ទឹងត្រែង ៖ ក្មេងស្រីវ័យ ១៤ឆ្នាំម្នាក់ ត្រូវបានបុរសជាឪពុកបង្កើត ចាប់រំលោភបានសម្រេចជាបន្តបន្ទាប់ ចំនួន ២ដង និងថែមទាំងគំរាមមិនឱ្យប្រាប់អ្នកណាដាច់ខាត ពុំនោះទេនឹងសម្លាប់ចោល លុះកូនស្រីទ្រាំមិនបាន ក៏ទម្លាយរឿងនេះប្រាប់ជីដូន តែមិនទាន់ប្តឹងសមត្ថកិច្ចភ្លាមៗនោះទេ ព្រោះគ្មានភ័ស្តុតាង ស្រាប់តែចុងក្រោយ បុរសជាឪពុក បានចាប់រំលោភកូនស្រី ជាលើកទី៣ ក៏ត្រូវស្ត្រីជាជីដូន តាមទាន់ ឃើញផ្ទាល់ភ្នែក ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនឪពុកល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។
ករណីឪពុកបង្កើតចាប់រំលោភកូនស្រីខ្លួនឯងនេះ កើតឡើងតាំងពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន។ រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ទើបរឿងរ៉ាវបានបែកធ្លាយ និងត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យជាឪពុក នាំយកមកសាកសួរ ដោយយោងតាមបណ្តឹងរបស់ស្ត្រីចំណាស់ជាជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ។
ជនសង្ស័យដែលបានចាប់រំលោភកូនស្រីបង្កើតខ្លួន ៣ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះអ៊ឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរធ្វើស្រែចម្ការ មានលំនៅក្នុងភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជាមួយគ្នា។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានចុះឃាត់ខ្លួនបុរសម្នាក់ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន ដោយយោងតាមបណ្តឹងរបស់ស្ត្រីចំណាស់ម្នាក់ ក្រោយដឹង រឿងបុរសខាងលើ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង ៣ដង។
យោងតាមពាក្យបណ្តឹងរបស់ស្ត្រីចំណាស់ ត្រូវជាជីដូនក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ក្រោយពីគាត់បានដឹងរឿងចៅស្រី ត្រូវឪពុកបង្កើតប្រព្រឹត្តអំពើអសីលធម៌លើរូបនាងដែលជាកូនស្រីបង្កើតដូច្នេះ ធ្វើឱ្យគាត់ជាជីដូន ឈឺចិត្តជាខ្លាំងណាស់ តែមិនទាន់សម្រេចចិត្តប្តឹងសមត្ថកិច្ចនោះទេ ព្រោះគិតថា មិនបានឃើញផ្ទាល់ភ្នែក គ្មានភ័ស្តុតាងច្បាស់។ តែក្រោយមក គាត់ក៏បានតាមទាន់លើកចុងក្រោយ (លើកទី៣) ដែលឪពុកល្មោភកាមនេះ បានចាប់រំលោភកូនស្រីខ្លួនឯង (ចៅស្រីរបស់គាត់) ទើបធ្វើឱ្យរូបគាត់ទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។
ចំណែកក្មេងស្រីរងគ្រោះ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចថា ឪពុករបស់នាង បានចាប់រំលោភនាង បានសម្រេច ២ដង នៅថ្ងៃខែផ្សេងគ្នា (តាំងពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មក) ហើយនៅរាល់ពេលដែលឪពុកចាប់រំលោភនាងរួចហើយ គាត់តែងសម្លុតគំរាមនាង មិនឱ្យនិយាយរឿងនេះប្រាប់អ្នកណាដាច់ខាត ពុំនោះទេ គាត់នឹងសម្លាប់នាងចោលមិនខាន។ ដោយសារការឈឺចាប់ទៅនឹងទង្វើឪពុកខ្លាំងពេក ទើបនាងបានលួចប្រាប់ជីដូន ហើយរហូតដល់លើកចុងក្រោយ ដែលឪពុកនាងចាប់រំលោភនាង ត្រូវជីដូនរបស់នាងតាមទាន់ ក៏សម្រេចចិត្តប្តឹងប៉ូលិសតែម្តង។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាស ឱ្យដឹងថា ករណីឪពុកបង្កើត ចាប់រំលោភកូនស្រីខ្លួនឯងនោះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានជីដូនរបស់ក្មេងស្រីរងគ្រោះ មកដាក់ពាក្យប្តឹង នៅប៉ុស្តិ៍នគរបាលឃុំក្បាលរមាស ឱ្យចាត់វិធានការទៅលើជនសង្ស័យ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត តាមនីតិវិធី៕