ភ្នំពេញ ៖ អាជីវករជាង ១០០នាក់ បានផ្ទុះការតវ៉ា ស្នើសុំឱ្យគណៈកម្មការផ្សារអូរឫស្សី កែសម្រួល ២ចំណុចគឺ ទី១ សុំកែពីពាក្យ «បង់ថ្លៃជួលតូប» មកជាពាក្យ «បន្តប័ណ្ណកម្មសិទ្ធិជូនដល់អាជីវករ» និងទី២ សុំបញ្ចុះថ្លៃតូប ៥០ភាគរយ នៅក្នុងអាណត្តិថ្មី រយៈពេល ២០ឆ្នាំ។
ការផ្ទុះការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការផ្សារអូរឫស្សី បានជូនដំណឹងដល់អាជីវកផ្សារអូរឫស្សី ឱ្យចូលទៅដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មី រយៈពេល ២០ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៤០ ចាប់ផ្ដើមពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។
សំណើរបស់ក្រុមអាជីវករនេះ ត្រូវបានគណៈកម្មការផ្សារ អះអាងថា នឹងយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយ ហើយនឹងជូនដំណឹងដល់អាជីវករនៅពេលក្រោយ ទើបក្រុមអាជីវករបានយល់ព្រមបំបែកគ្នាទៅលក់ដូរតាមតូបរៀងៗខ្លួនវិញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចំពោះសំណើ ២ចំណុច របស់ក្រុមអាជីវករផ្សារអូរឫស្សី ទុកឱ្យគណៈកម្មការផ្សារ ជាអ្នកធ្វើការសម្របសម្រួលជាមួយនឹងក្រុមអាជីវករ អាជ្ញាធរមិនលូកដៃចូលទេ។ ប៉ុន្តែប្រសិនបើនៅតែដោះស្រាយមិនចេញ ចាំគិតបន្តទៀត៕