ភ្នំពេញ៖ស្រីស្រស់តូចច្រឡឹងតន់ ច័ន្ទសីម៉ា ដែលចេញវាយលុក១ប្រាវធ្វើឲ្យតារាដែលមានគីឡូប្រហាក់ប្រហែលគ្នាបាក់ស្បាតអស់នោះពេលនេះលែងសូវមានឱកាសសម្រុកថតសម្ដែងជាមួយលោកឧកញ៉ាព្រាប សុវត្ថិ ដូចមុនទៀតហើយព្រោះថាអតីតតារាហង្សមាសរូបនោះងាកទៅរកស៊ីធំច្រើនជាងផ្ដោតសិល្បៈ។អ្វីដែលសីម៉ា ពិបាកសង្ឃឹមថាបទចម្រៀងនាងលេចធ្លោដូចមុនទៀតនោះ គឺមិនត្រឹមតែលោកឧកញ៉ាស្នាយ នោះទេដែលរយាលពីការចាប់ដៃជាមួយនាងនោះ តែអ្នកនិពន្ធបទចម្រៀងឲ្យនាងបានល្បីជាច្រើនបទគឺលោកយឹម តាស្រង់ ដែលទើបឡើងជាឧកញ៉ាដែរនោះក៍បានចាកចេញពីGalaxy ទៀតហេតុនេះហើយធ្វើឲ្យសីម៉ា ស្រឡះដៃធេងតែម្ដង។ទោះជាយ៉ាងណាឧកញ៉ាតាស្រង់ ថាលោកនៅតែឆ្លៀតសរសេរបទចម្រៀងឲ្យសីម៉ា ច្រៀងប៉ុន្ដែអាចធ្វើទៅបានលុះត្រាតែពេលណាដែលលោកទំនេប៉ុណ្ណោះ។

ថ្វីត្បិតតែតន់ ច័ន្ទសីម៉ា អាចប្រឈមនៅទ្រឹងមែន តែពេលនេះGalaxy មិនទាន់ទិញតារាស្រីថ្មីណាផ្សេងចូលទៅប្រជែងជាមួយនាងឡើយ ខណៈដែលមុននេះពេជ្រ សោភា និងមាស សុខសោភា បានបដិសេធទៅរួមទ្រនុំថ្មីដែលហ៊ានចាយលុយធំនេះ ទើបធ្វើឲ្យសីម៉ា នៅតែជាតួឯកនិងឈក្នុងលំដាប់តារាស្រីជូរមុខគេផ្នែកយុវវ័យនៅរយៈពេលចុងក្រោយនេះ។ជាមួយគ្នានេះដែរដើម្បីរក្សារលំនឹងក្នុងសិល្បៈនិងការទាក់ទាញស្ពតពាណិជ្ជកម្មធំៗថែមទៀតនោះសីម៉ា បានសម្រកគីឡូពីធាត់មកជាស្វែលទើបធ្វើឲ្យនាងនៅតែជាទីទាក់ទាញបើទោះជាតាំងពីក្រោយចូលឆ្នាំខ្មែររហូតមកដល់ពេលនេះនាងមិនទាន់មានបទថ្មីផ្ទុះដូចមុនក្ដី។

សូមបញ្ជាក់ថាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តន់ ច័ន្ទសីម៉ា បានក្លាយទៅជាដៃគូរបស់លោកព្រាប សុវត្ថិ ក្រោយពីលោកឧកញ៉ាស្នាយ ដើរចេញពីហង្សមាសកាលពីខែសីហាឆ្នាំ២០២០ ទើបធ្វើឲ្យនាងឡើងកូដលឿនដូចផ្លេកបន្ទោ។តែបន្ទាប់ពីលោកព្រាប សុវត្ថិ ឡើងងារជាឧកញ៉ាជាង២ខែនេះសីម៉ា ងាកមកចាប់ដៃជាមួយតារាចម្រៀងសំនៀងស្អកដូចគ្នាគឺលោកខេម សារជាថ្មីវិញ។ដោយឡែកទាក់ទងរឿងបេះដូងវិញច័ន្ទសីម៉ា នៅតែព្យាយាមបិតបាំងជិតឈឹងក្រោយមានដំណឹងថាបុរសពោះម៉ាយម្នាក់តាមស្នេហានាងយ៉ាងប្រកិតបំផុត។អតីតតារាចម្រៀងប្រចាំហាងវីហ្វេ្រននាងសីម៉ា ក៍ធ្លាប់ទទួលស្គាល់ដែរថានាងពិតជាអស់ក្បាច់ហើយ ព្រោះទោះជានិយាយថាគ្មានសង្សារយ៉ាងណាក៍គ្មានគេស្ដាប់នាងឡើយ។តែគេជឿរថាសីម៉ា ដែលមានសម្រស់កាន់តែប្លែកក្រោយនាងកែច្រមុះ,ចាក់ចង្កា និងពត់ធ្មេញនោះមិនត្រឹមតែមិនមែនបេះដូងនៅទំនេរនោះទេ ប៉ុន្ដែនាងក៍មានប្រុសជាច្រើនព្យាយាមដាក់អន្ទាក់ស្នេហ៍ផងដែរ៕

